នៅ​ខាង​ក្រោយ​រូប​ចម្លាក់​នេះ មាន​បន្ទប់​សម្ងាត់ បង្កប់​រឿងរ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល

  • 2017-02-07 03:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្លាក់​ភ្នំ Mount Rushmore ដែល​ស្ថិត​នៅ​រដ្ឋ South Dakota សហរដ្ឋអាមេរិក គឺ​ជា​ការងារ​ចម្លាក់​ដ៏​អស្ចារ្យ​បំផុត​មួយ ដែល​ឆ្លាក់​ចេញ​ជា​ផ្ទៃ​មុខ របស់​អតីត​ប្រធានាធិបតី​អាមេរិក ចំនួន​៤​រូប គឺ លោក George Washington (ទី១), Thomas Jefferson (ទី៣), Theodore Roosevelt (ទី២៦) និង Abraham Lincoln (ទី១៦)។

ចម្លាក់​ភ្នំ Mount Rushmore

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​មាន​បន្ទប់​សម្ងាត់​មួយ លាក់​នៅ​ពី​ក្រោយ រូប​ចម្លាក់​ផ្ទៃ​មុខ​មនុស្ស​ដ៏​ធំ​សម្បើម​ទាំង​នោះ។

ចម្លាក់​ភ្នំ Mount Rushmore ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ជាង​ចម្លាក់​ឈ្មោះ Gutzon Borglum និង​កូន​ប្រុស​របស់​លោក ឈ្មោះ Lincoln ដោយ​បាន​ចាប់​ផ្ដើម​គម្រោង នៅ​ក្នុង​ឆ្នាំ​១៩២៧ និង បញ្ចប់​នៅ​ក្នុង​ឆ្នាំ​១៩៤១។ លោក Gutzon ចង់​ឲ្យ​គម្រោង​នេះ បង្ហាញ​ពី​ភាព​ជា​ប្រធានាធិបតី​កាន់​តែ​ច្រើន ប៉ុន្តែ​ជា​អកុសល ផែនការ​របស់​លោក​ត្រូវ​បាន​ច្រានចោល ដោយសារ​តែ​ខ្វះ​ខាត​ថវិកា។

បន្ទប់​សម្ងាត់​ Hall of Records

មូលហេតុ​ខាងលើ បាន​ធ្វើ​ឲ្យ​ជាង​ចម្លាក់​សញ្ជាតិ​អាមេរិក​រូប​នេះ ចាប់​ផ្ដើម​បង្កើត​បន្ទប់​សម្ងាត់​មួយ ហៅថា «Hall of Records» ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ផ្ទុក​ឯកសារ​សំខាន់ៗ ដើម្បី​បន្សល់​ទុក​ដល់​មនុស្ស​ជំនាន់​ក្រោយ។ ផ្ទុយទៅវិញ លោក Gutzon បាន​ស្លាប់ មុន​ពេល​បន្ទប់​សម្ងាត់​នោះ​រួចរាល់ ហើយ​វា​ត្រូវ​បាន​ទុក​ចោល អស់​រយៈពេល​ប្រហែល ៦០​ឆ្នាំ។ ប៉ុន្តែ ក្រោយ​មក​​វា​ត្រូវ​បាន​សាងសង់​បញ្ចប់​ជា​ស្ថាពរ។

តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​បន្ទប់​សម្ងាត់​នោះ?

ឯកសារ​សំខាន់ៗ​ជា​ច្រើន​​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បន្ទប់​នោះ ដូចជា វិសោធនកម្ម​ទាំង​១០​ដំបូង​បង្អស់ (Bill of Rights) , រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក , ការ​ប្រកាស​ឯករាជ្យ , ជីវប្រវត្តិ​របស់ លោក Gutzon និង ការ​ពិពណ៌នា​ផ្សេងៗ​នៃ​ប្រធានាធិបតី​ទាំង​៤​រូប ដែល​មាន​នៅ​លើ​ចម្លាក់​ភ្នំ Mount Rushmore នោះ រួម​ទាំង ប្រវត្តិសាស្ត្រ​ពេញលេញ​​របស់​សហរដ្ឋអាមេរិក ផង​ដែរ។ គេ​សង្ឃឹម​ថា មនុស្ស​ជំនាន់​ក្រោយ​នឹង​ស្វែងរក​ឃើញ​បន្ទប់​សម្ងាត់​នេះ ហើយ​សិក្សា​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ​ទាំង​នោះ៕

ប្រភព៖ Mirror | Craveonline   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម