​រកស៊ី​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន មាន​អត្ថប្រយោជន៍​ច្រើន​នឹក​ស្មាន​មិន​ដល់

  • 2017-02-07 06:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ពី​ការ​ទិញ​ភាគហ៊ុន ​ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​បាន​ដឹង​ថា​ការ​រកស៊ី​ភាគហ៊ុន​នេះ​មាន​អត្ថប្រយោជន៍​អ្វី​? ​ហើយ​ធ្វើ​ដូចម្ដេច​ទើប​អាច​រកស៊ី​ក្នុង​ទីផ្សារ​ភាគហ៊ុន​នេះ​បាន​ ? ​ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​រកស៊ី​ក្នុង​ទីផ្សារ​ភាគហ៊ុន និង​លក្ខខណ្ឌ​មួយ​ចំនួន។​​

១.​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​ជួញដូរ​ភាគហ៊ុន​ និង​ទទួល​បាន​ភាគ​លាភ

​​​ឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា អត្ថប្រយោជន៍​ចម្បង​ពី​ការ​វិនិយោគ​ក្នុង​ទីផ្សារ​ភាគហ៊ុន ​គឺ​ឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​។ ​ចំណុច​នេះ​មាន​ន័យ​ថា ប្រជាពលរដ្ឋ​អាច​ចំណាយ​ដើម​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ស្ថិរភាព​និង​មាន​សក្ដានុពល​ នឹង​ធ្វើ​ឱ្យ​អ្នកវិនិយោគ​ ទទួល​បាន​ប្រាក់​ចំណេញ ​ដោយ​ទិញ​នៅ​ពេល​ថ្លៃ​ទាប ​ហើយ​លក់​វិញ​នៅ​ពេល​ឡើង​ថ្លៃ​។

ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ទាំង​នោះ​ តាម​រយៈ​ការ​ផ្ដល់​ជា​ប្រាក់​ចំណូល​ក្នុង​ទម្រង់​ជា​ភាគលាភ ​ដែល​ជា​ចំណែក​នៃ​ប្រាក់​ចំណេញ​​ដែល​ក្រុមហ៊ុន​ទទួល​បាន ​ហើយ​ប្រាក់​ចំណេញ​ទាំង​នោះ​នឹង​បង់​ជា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ប្រជាពលរដ្ឋ​។

២. ​ការ​ទិញ​ភាគហ៊ុន​ជម្រើស​ល្អ​បំផុត​សម្រាប់​ការ​សន្សំ

​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​លើក​ឡើង​ទៀត​ថា ភាគហ៊ុន​ជា​ជម្រើស​សម្រាប់​ការ​វិនិយោគ​ដ៏​ល្អ​មួយ​ ដែល​អាច​បង្កើន​ប្រាក់​ក្នុង​អត្រា​ចំណូល​ខ្ពស់​ ជាង​ជម្រើស​ក្នុង​ការ​វិនិយោគ​ផ្សេង​ទៀត​ក្នុង​រយៈពេល​វែង​។ ​លោក​បាន​បន្ត​ទៀត​ថា ​ការ​វិនិយោគ​ភាគហ៊ុន​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ការ​សន្សំ ​និង​វិនិយោគ​សម្រាប់​អនាគត​ ពី​ព្រោះ​ថា ​ប្រជាពលរដ្ឋ​អាច​ចាយ​លុយ​ដើម្បី​បង្កើត​លុយ​តាមរយៈ​ការ​ទិញ​មូលបត្រ​ ឬ​ភាគហ៊ុន​នេះ​របស់​ក្រុមហ៊ុន​ណា​មួយ​ដែល​ស្ថិរភាព​ និង​កំពុង​ជោគជ័យ​។​

ឯកឧត្ដម ស៊ូ សុជាតិ

​៣. ​​ទីផ្សារ​ភាគហ៊ុន​ជា​ឧបករណ៍​វាស់​ស្ទង់​សេដ្ឋកិច្ច

នៅ​ត្រង់​ចំណុច​នេះ មាន​ន័យ​ថា ​ទីផ្សារ​ភាគហ៊ុន​ ប្រៀប​ដូចជា​កញ្ចក់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ តាម​រយៈ​ការ​កើន​ឡើង​ឬ​ធ្លាក់​ចុះ​នៃ​តម្លៃ​ភាគ​ហ៊ុន​​។ ​ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​អាច​ដឹង​ច្បាស់​​ពី​ស្ថានភាព​សេដ្ឋកិច្ច កំពុង​ធ្លាក់​ចុះ​ឬ​កើន​ឡើង ដើម្បី​ផ្ដល់​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ថា​តើ​គួរ​តែ​វិនិយោគ ឬ​រកស៊ី​អ្វី​អាច​ទទួល​បាន​ជោគជ័យ​។​​

៤. ​រួម​ចំណែក​ទទួល​បាន​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ក្នុង​ក្រុមហ៊ុន​ជោគជ័យ

ឯកឧត្ដម​ ស៊ូ សុជាតិ ថ្លែង​បន្ត​ទៀត​ថា ​ជា​ទូទៅ​ពេល​ដែល​ប្រជាពលរដ្ឋ​វិនិយោគ​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​ដែល​ជោគជ័យ​នឹង​រក​ចំណូល​បាន​ច្រើន​។ ​លោក​អះអាង​ថា ​ការ​ទិញ​ភាគហ៊ុន​មានន័យ​ថា ប្រជាពលរដ្ឋ​ក្លាយ​ជា​ចំណែក​ នៃ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ពី​ក្រុមហ៊ុន​ដែល​លក់​ភាគហ៊ុន​។ ​បន្ថែម​លើ​ពី​នេះ​ទៀត​ នៅ​ពេល​ដែល​ទិញ​ភាគ​ហ៊ុន​ក្រុមហ៊ុន​ណា​មួយ ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​អាជីវកម្ម​របស់​ក្រុមហ៊ុន តាម​ទំហំ​ទុន​ដែល​បាន​វិនិយោគ​។​​

៥. ​ការ​វិនិយោគ​ភាគហ៊ុន​ជា​ការ​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ

​នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​យក​លុយ​ទៅ​ទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​មួយ​ គឺ​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​នោះ​កាន់​តែ​មាន​ស្ថិរភាព និង​កាន់​តែ​រឹង​មាំ​។ ​ដូច្នេះ​មាន​ន័យ​ថា ប្រជាពលរដ្ឋ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច តាម​រយៈ​ការ​បង្កើន​ការងារ​ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​កាន់​តែ​ច្រើន ​និង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ​ឯកឧត្ដម ស៊ូ សុជាតិ​បន្ថែម​។

ដោយ​ឡែ​ក​ចំពោះ​លក្ខខណ្ឌ​វិញ ​គឺ​ពុំ​មាន​ភាព​ស្មុគស្មាញ​នោះ​ទេ ប្រជា​ពលរដ្ឋ​អាច​សាកសួរ​រាល់​ព័ត៌មាន​លម្អិត​នៅ​គណៈកម្មការ​មូលបត្រ​កម្ពុជា ឬ​អញ្ជើញ​ទៅ​កាន់​ក្រុមហ៊ុន​មូលបត្រ​ណា​មួយ​មួយ​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា។ ​ចំពោះ​ឯកសារ​តម្រូវ​ប្រជាពលរដ្ឋ​គ្រាន់​តែ​មាន​អត្តសញ្ញាណ​ប័ណ្ណ ឬ​លិខិត​ស្នាម​ផ្សេង​ទៀត ​ដែល​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​។

​ ឯកឧត្ដម ស៊ូ សុជាតិ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់​ពី​អត្ថប្រយោជន៍ ឬ​ហានិភ័យ​នៃ​ការ​ទិញ​មូលបត្រ​នេះ​ គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​ភាគហ៊ុន ដែល​មាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​៕​

អត្ថបទ៖ វឌ្ឍនៈ