​លោក​ជំទាវ​ឧកញ៉ា កែវ មុំ​ ប្រាប់​ពី​គន្លឹះ​សំខាន់ៗ ដើម្បី​ឱ្យ​អាជីវកម្ម​ជោគជ័យ​​

  • 2017-02-16 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​គំនិត​ក្នុង​ការ​បើក​អាជីវកម្ម​មួយ​​ឱ្យ​ចេញ​ជា​រូបរាង គឺ​ជា​ភាព​ជោគជ័យ​មួយ​ដំណាក់​កាល​របស់​សហគ្រិនភាព​។ ​ប៉ុន្តែ​ការ​រក្សា​បាន​នូវ​ភាព​ជោគជ័យ និង​ភាព​រីកចម្រើន​ជា​លំដាប់​ នៃ​អាជីវកម្ម​មួយ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​។

​ជួប​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ Sabay ក្នុង​កម្មវិធី​ស្ថាបនា​ធនធាន ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន 360 ads & events លោក​ជំទាវ​ឧកញ៉ា កែវ មុំ ជា​ម្ចាស់​ក្រុមហ៊ុន​នំ​ស្រួយ​លី​លី ​បាន​ចែក​រំលែក​នូវ​គន្លឹះ​សំខាន់ៗ ដើម្បី​ឱ្យ​អាជីវកម្ម​ជោគជ័យ​ជា​និរន្ត​ដូច​ខាង​ក្រោម៖

១. ​ផ្ដោត​ទៅ​លើ​ សីលធម៌ សុជីវធម៌​ គុណធម៌​

លោក​ជំទាវ ឧកញ៉ា កែវ មុំ ជា​ម្ចាស់​ក្រុមហ៊ុន​នំ​ស្រួយ​​លី​លី និង​ជា​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​​កម្ពុជា បាន​ប្រាប់​ថា ដើម្បី​ឱ្យ​អាជីវកម្ម​មួយ​មាន​និរន្តរភាព និង​បន្ត​រីក​ចម្រើន​រហូត​​រឿង​ដែល​សំខាន់​បំផុត​នោះ គឺ​សីលធម៌ សុជីវធម៌ និង គុណធម៌​។ លោក​ជំទាវ​លើកឡើង​ថា អាជីវកម្ម​មួយ​មិន​មែន​ផ្ដោត​តែ​លើ​រឿង​​ប្រាក់​ចំណេញ​នោះ​ទេ​ ​ព្រោះ​អាជីវកម្ម​ដែល​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន ប៉ុន្តែ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​សង្គម​ក៏​មិន​ល្អ​ដែរ។ ​

ដូច្នេះ​ហើយ​អាជីវកម្ម​មួយ​ដែល​មាន​និរន្តរភាព​ គឺ​ផ្ដោត​ទៅ​លើ សីលធម៌ សុជីវធម៌ និង គុណ​ធម៌ ​ធ្វើ​យ៉ាង​ណា​ឱ្យ​បុគ្គលិក​ កម្មករ ពេញ​ចិត្ត​នឹង​ការងារ ធ្វើ​ការ​បាន​ល្អ​ ហើយ​អាច​ជួយ​ដល់​សង្គម​តាម​រយៈ​ការ​បង្កើត​ឱកាស​ការងារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

២. យុទ្ធសាស្ត្រ​ទីផ្សារ

ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី​ដ៏​ល្បីល្បាញ​រូប​នេះ បន្ត​ទៀត​ថា ​ទីផ្សារ​ក៏​ជា​រឿង​សំខាន់​បំផុត​ដើម្បី​ឱ្យ​អាជីវកម្ម​ជោគជ័យ និង​បន្ត​រីក​ចម្រើន​។ ​លោក​ជំទាវ​ឧកញ៉ា កែវ មុំ ​បន្ត​ថា ​ក្នុង​នាម​ជា​អង្គភាព​អាជីវកម្ម​មួយ​ត្រូវ​រៀបចំ​ផ្សព្វផ្សាយ ​ឱ្យ​ចំ​គោលដៅ​នៃ​អតិថិជន​ដែល​បាន​កំណត់​។ នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា ប្រសិន​បើ​ផលិត​ផល​នោះ កំណត់​យក​អតិថិជន​ជា​យុវវ័យ កូន​ក្មេង មនុស្ស​ចាស់ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ឱ្យ​ចំ​គោល​ដៅ​តែ​ម្ដង​។ ​ លោក​ជំទាវ​លើក​ឡើង​ទៀត​ថា ប្រសិន​បើ​ផលិត​ផល​មួយ​ពុំ​មាន​ការ​ផ្សព្វផ្សាយ​នោះ​ទេ នោះ​អតិថិជន​មិន​ដឹង​ថា​គួរ​រក​ទិញ​ផលិតផល​នោះ​នៅ​ឯណា​ដែរ។ ​ហើយ​ម្យ៉ាង​វិញ​ប្រសិន​បើ​ពុំ​មាន​ការ​ផ្សព្វផ្សាយ​ ផលិតផល​លក់​មិន​ដាច់​ នោះ​នឹង​ធ្វើ​ឱ្យ​ថ្លៃ​ដើម​នៃ​ការ​ផលិត​កាន់​តែ​ច្រើន​ឡើង អាច​នាំ​ឱ្យ​អាជីវកម្ម​មាន​បញ្ហា​។​​​​

៣. ​បង្កើន​ដើមទុន​៣​ឆ្នាំ​ម្ដង​

​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​​កម្ពុជា និង​ជា​ម្ចាស់​អាជីវកម្ម​មួយ​កំពុង​ជោគជ័យ​ខ្លាំង​រូប​នេះ​ ​ប្រាប់​ថា ​ជា​ធម្មតា​អាជីវកម្ម​តែង​មាន​ការ​រីក​ចម្រើន​ និង​ការ​ធ្លាក់​ចុះ​តែ​ត្រូវ​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ទើប អាជីវកម្ម​នៅ​តែ​បន្ត​រីក​ចម្រើន​។ ​លោកជំទាវ លើក​ឡើង​ថា រយៈពេល​២​ឆ្នាំ ឬ​៣​ឆ្នាំ​ដំបូង អាជីវកម្ម​ចាប់​ផ្ដើម​មាន​ការ​រីក​ចម្រើន​ខ្លាំង ​ប៉ុន្តែ​ចូល​ដល់​ឆ្នាំ​ទី​៤ និង​ទី​៥ អាជីវកម្ម​នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​វិញ​។ ដូច្នេះ​ហើយ ក្នុង​ឆ្នាំ​ទី៤ និង​ទី​៥​នេះ​ត្រូវ​បន្ថែម​ដើម​ទុន ដើម្បី​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា បង្កើន​ការ​ផលិត បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ ដើម្បី​ឱ្យ​អាជីវកម្ម​រីក​ចម្រើន​ឡើង​វិញ​។

​ លោក​ជំទាវ ឧកញ៉ា កែវ មុំ ​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បន្ថែម​ដើម​ទុន​ក្នុង​ឆ្នាំ​ទី ៤ និង​ទី ៥​ ហើយ​ចូល​ដល់​ឆ្នាំ​ទី ៨ និង​ទី៩ ​អាជីវកម្ម​នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​សារ​ជា​ថ្មី ដូច្នេះ​ហើយ​ទើប​រយៈ​ពេល​៣​ឆ្នាំ​ម្ដង​គួរ​បន្ថែម​ដើម​ទុន​ជា​និច្ច ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ការ​លក់​​ធ្លាក់​ចុះ​។

សហគ្រិន​ជា​ស្រ្តី​ដ៏​ឆ្នើម​រូប​នេះ​បន្ថែម​ទៀត​ថា អាជីវកម្ម​ដែល​បើក​ហើយ​ មាន​ការ​ដួល ឬ​ក្ស័យធន​ទៅ​វិញ គឺ​អាច​បណ្ដាល​មក​ពី​មូលហេតុ​នេះ ដោយ​មិន​បាន​បន្ថែម​ដើម​ទុន​ ដើម្បី​ពង្រឹង​អាជីវកម្ម​នៅ​ពេល​ដែល​អាជីវកម្ម​ធ្លាក់​ចុះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ ស្ថាបនា​ធនធាន មាន​ការ​អញ្ជើញ​ចូលរួម​ពី​វាគ្មិន​ល្បី​ៗ​ជា​ច្រើន​រូប​ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​។ កម្មវិធី​​នេះ​ធ្វើ​ឡើង​រយៈ​ពេល ២​ថ្ងៃ​ គឺ​ថ្ងៃ​ទី ១៦ និង​ ១៧​កុម្ភៈ ចាប់​ពី​វេលា​ម៉ោង ៨​ព្រឹក​ ដល់​ម៉ោង​៥​ល្ងាច​ នៅ​ឯ​សណ្ឋាគារ​សុខា​ភ្នំពេញ​៕ ​​

​​

អត្ថបទ៖ វឌ្ឍនៈ