​គន្លឹះ​សំខាន់ៗ​ ដើម្បី​ឲ្យ​​រៀបការ​រួច​សល់​លុយ ហើយ​មាន​របរ​រកស៊ី​​​ទៀត​

  • 2017-02-20 23:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រៀបការ​ហើយ​ ស្វាមី​ភរិយា​​មិន​មែន​ចង់​បាន​តែ​លុយ​សល់​ពី​ចំណង​ដៃ​នោះ​ទេ​។ មាន​ស្វាមី​ភរិយា​ជា​ច្រើន​ ក្រោយ​រៀប​ការ​រួចសល់​លុយ​និង​មាន​អាជីវកម្ម​ពីរ​នាក់​ប្ដី​ប្រពន្ធ​។ ​តើ​គួរ​រៀបចំ​ផែន​ការ​ដូចម្ដេច​? ទើប​រៀបការ​រួច​សល់​លុយ​ហើយ​ មាន​របរ​រកស៊ី​ទៀត​?

​ខាង​ក្រោម​នេះ​ជា​ការ​ផ្ដល់​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ពី​ លោក ខាំ ពិសិដ្ឋ ម្ចាស់​ក្រុមហ៊ុន PM LEADERSHIP ក្នុង​ឱកាស​ដែល​លោក​ធ្វើ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ "ស្ថាបនា​ធន​ធាន​ (Wealth Building)​​" នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

១. ​ កំណត់​ពី​លក្ខណៈ​សម្បត្តិ​ដៃ​គូ​ជីវិត​ដែល​ចង់​បាន

​លោក​ ខាំ​ ពិសិដ្ឋ ដែល​មាន​អាជីវកម្ម​រួម​គ្នា​ជាមួយ​ភរិយា​របស់​លោក​ បាន​ប្រាប់​ថា មុន​សម្រេច​ជ្រើសរើស​នរណា​ម្នាក់​ជា​ដៃគូ​ជីវិត​ ត្រូវ​កំណត់​ថា ចង់​បាន​ស្វាមី ឬ​ភរិយា​មាន​លក្ខណៈ​សម្បត្តិ​យ៉ាង​ម៉េច​ខ្លះ? ​​ដើម្បី​ផ្សារ​ភ្ជាប់​ជាមួយ​គោលដៅ​ជីវិត​របស់​​ខ្លួន​ដែល​បាន​កំណត់​​ ថា​តើ​អនាគត​ទៅ​ចង់​បាន​អ្វី?​ ចង់​មាន​អ្វី​?

លោក​បន្ត​ទៀត​ថា ត្រូវ​សួរ​ខ្លួន​ឯង​ថា ​ចង់​បាន​មនុស្ស​ប្រភេទ​ណា​ជា​គូរ​អនាគត ដើម្បី​រួម​ចំណែក​ក្នុង​ជីវិត​ ដើម្បី​សម្រេច​គោលដៅ​ដែល​បាន​កំណត់ និង​​ទទួល​បាន​នូវ​ភាព​ជោគជ័យ​។ ​ដូច្នេះ​ហើយ​ត្រូវ​កំណត់​ពី​គុណ​សម្បត្តិ​ ​នៃ​ដៃ​គូ​ជីវិត ​ថា​តើ​ម្នាក់​នោះ​អាច​ជួយ​ឱ្យ​ជីវិត​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​ល្អ​ប្រសើរ​ឬ​ទេ?

លោក ខាំ ពិសិដ្ឋ

**២.​ ដឹង​ពី​ខ្លួន​ឯង​ច្បាស់**

សហគ្រិន​ឆ្នើម​ក្នុង​អាជីវកម្ម​​រូប​នេះ​ លើក​ឡើង​ទៀត​ថា ​ចំណុច​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​តើ​ដៃគូ​​ជីវិត​ដែល​សម្រេច​ចិត្ត​ជ្រើសរើស​នោះ មាន​អ្វី​ដែល​ខ្លួន​ចង់​បាន​ហើយ​ឬ​នៅ​? ​ហើយ​ក៏​ត្រូវ​សួរ​ខ្លួន​ឯង​វិញ​ថា "តើ​យើង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ដៃគូ​ជីវិត​យើង​វិញ​ដែរ​ឬ​ទេ?”

ដូច្នេះ​ហើយ​ក្នុង​នាម​ជា​ស្វាមី​ភរិយា ត្រូវ​មាន​គុណ​សម្បត្តិ​ដូច​គ្នា​ពីព្រោះ​ថា​ភាគី​ណា​ម្នាក់​ពុំ​មាន​គុណ​សម្បត្តិ​ស្រប​គ្នា​នោះ​ក៏​ជា​បញ្ហា​ដែរ​។ លោក ខាំ ពិសិដ្ឋ​ ប្រាប់​ថា កាលណា​គូ​ស្វាមី​ភរិយា មាន​លក្ខណៈ​សម្បត្តិ​ស្រប​គ្នា នោះ​ទើប​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ ធ្វើ​អ្វី​ស្រប​គ្នា​ ទើប​គ្រួសារ​មាន​ភាព​រីក​ចម្រើន​។​

៣. ​ចំណាយ​ពេល​ដើម្បី​ពិភាក្សា​ក្រោយ​រៀបការ​ហើយ

​ សហគ្រិន​ភាព​កំពុង​ជោគជ័យ​លើ​មុខ​ជំនួញ​រូប​នេះ បន្ត​ទៀត​ថា ក្នុង​ភាព​ជា​ស្វាមី​ភរិយា ត្រូវ​ពិភាក្សា​គ្នា​ក្រោយ​រៀបការ​​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា ​តើ​គួរ​ធ្វើ​ការ​រយៈពេល​ប៉ុន្មាន​ដើម្បី​មាន​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង​។ ​លោក​ ខាំ ពិសិដ្ឋ ប្រាប់​ថា ពេល​ដែល​កំពុង​ធ្វើ​ការ​ត្រូវ​ចាប់​ផ្ដើម​កំណត់​ពី​គោលដៅ​ឱ្យ​ហើយ បូក​រួម​​ការ​អភិវឌ្ឍ​សមត្ថភាព​កំឡុង​ពេល​ធ្វើ​ការ​។ ដូច្នេះ​ត្រូវ​កំណត់​ពី​នាក់​ប្ដី​ប្រពន្ធ​ថា ចង់​រកស៊ី​អ្វី? ក្រោយ​ពេល​ធ្វើ​ការ​ឱ្យ​គេ​ហើយ?

លោក​បន្ថែម​ទៀត​ថា ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ ​រៀបចំ​ផែន​ការ​អភិវឌ្ឍ​សមត្ថភាព ​ដូចជា ការ​រាប់​អាន​មិត្ត​ភក្ដិ​ដែល​ជា​អ្នក​រកស៊ី ​ការ​អាន​សៀវភៅ​មុខ​ជំនួញ​ផ្សេងៗ ​ឬ​ចូល​រួម​កម្ម​វិធី​នានា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​​ និង​​សិក្សា​ពី​អ្នក​ជោគជ័យ​ជា​ដើម​​។

៤. ​ សួរ​១​សំណួរ​ក្រោយ​ពេល​មាន​សមត្ថភាព​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ​ ​លោក ខាំ ពិសិដ្ឋ ប្រាប់​ថា សំណួរ​នេះ​ពិត​ជា​សំខាន់​ណាស់​ក្រោយ​ពេល​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​សមត្ថភាព​រៀង​ខ្លួន​ហើយ​។ មក​ដល់​ចំណុច​នេះ​មាន​ន័យ​ថា ស្វាមី​ភរិយា​គួរ​ហ៊ាន​ប្រថុយ​នៅ​ក្នុង​ការ​រក​ស៊ី ប៉ុន្តែ​ត្រូវ​សួរ​ថា តើ​នរណា​មាន​ប្រាក់​ខែ​ច្រើន​​ជាង?

​លោក​ប្រាប់​ថា គួរ​ទុក​ឱ្យ​អ្នក​មាន​ប្រាក់​ខែ​ច្រើន​នៅ​ធ្វើ​ការ​ធម្មតា​។ ដោយ​ឡែក​សម្រាប់​អ្នក​ប្រាក់​ខែ​តិច ​​ត្រូវ​ចេញ​មុន​ដើម្បី​គ្រប់​គ្រង​អាជីវកម្ម ​ហើយ​អ្នក​ប្រាក់​ខែ​ច្រើន ​គួរ​នៅ​ធ្វើ​ការ​ រួច​ហើយ​ជួយ​នៅ​គាំ​ទ្រ​ពី​ក្រោយ​ខ្នង​។

ចំណុច​នេះ​ពិត​ជា​សំខាន់​ណាស់​ ​ព្រោះ​ថា ប្រសិន​បើ​អាជីវកម្ម​មាន​បញ្ហា​អ្នក​ប្រាក់​ខែ​ច្រើន​នៅ​​រក​ប្រាក់​ចំណូល​ដើម្បី​ទប់ទល់​ជីវភាព​​ នៅ​ពេល​ដែល​ក្រុមហ៊ុន​មាន​លំនឹង​ហើយ​អាច​ចេញ​មក​ទាំង​ពីរ​នាក់​ ធ្វើ​យ៉ាង​ឱ្យ​អាជីវកម្ម​កាន់​តែ​រីក​ចម្រើន​។

៥. ​បង្កើត​គោលនយោបាយ​ពីរ​នាក់​ប្ដី​ប្រពន្ធ

លោក​ ខាំ ពិសិដ្ឋ បាន​ប្រាប់​ថា នេះ​ជា​បទពិសោធន៍​ដែល​លោក​ឆ្លង​កាត់​ពីរ​នាក់​ភរិយា​របស់​លោក​ផ្ទាល់​។ ​ភាព​ជា​ស្វាមី​ភរិយា ត្រូវ​មាន​ផែនការ​គ្រប់​គ្រង​ប្រាក់​ចំណូល​ឱ្យ​បាន​ច្បាស់លាស់ មាន​ន័យ​ត្រូវ​ត្រូវ​បង្កើត​គោលនយោបាយ​ហិរញ្ញវត្ថុ ទាំង​នៅ​ក្នុង​គ្រួសារ​ និង​នៅ​ក្នុង​ក្រុមហ៊ុន​។ ​ប្រសិន​បើ​មិន​បាន​រៀបចំ​​ផែនការ​លុយ​កាក់ ឬ​គោលនយោបាយ​ហិរញ្ញវត្ថុ​នេះ​ទេ អាច​នាំ​ឱ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ ​ហើយ​វា​ក៏​ជា​ហានិភ័យ​មួយ​ដែរ សម្រាប់​ស្វាមី​ភរិយា​ដែល​មាន​អាជីវកម្ម​៕ ​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម