De Bruyne ​​ថា​ Man City ​មិន​ទាន់​អាច​ប្រៀប​នឹង​ ក្លឹប​ធំ​អង់គ្លេស​២

  • 2017-02-21 04:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ ​Kevin de Bruyne ​របស់​ក្រុម​ Manchester City ​បាន​លើក​ឡើង​ថា ​ក្លឹប​មេឃ​ខៀវ​ មិន​ទាន់​អាច​ប្រៀប​នឹង​ក្លឹប​បិសាច​ក្រហម​ Manchester United ​និង​ហង្ស​ក្រហម​ Liverpool ​បាន​ទេ ដោយសារ​ក្លឹប​ធំ​​អង់គ្លេស​ទាំង​ពីរ​នេះ​ ​​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​អស្ចារ្យ​នៅ​ពាន​​កំពូល​អឺរ៉ុប​ ​​ដូច្នេះ​​ Man City ​ត្រូវ​ការ​ពេល​ប្រហែល​​៥០​ឆ្នាំ​ទៀត​ ​ទើប​អាច​ប្រៀប​នឹង​​ពួកគេ​បាន។

Kevin de Bruyne ខ្សែ​បម្រើ​ក្រុម​ Man City

De Bruyne ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ ​​មុន​ Man City ​ប៉ះ​ Monaco នៅ​ UEFA Champions League ​យប់​នេះ​ថា៖ "មនុស្ស​ជា​ច្រើន​តែង​តែ​និយាយ​ពី​ Man Utd ​និង​ Liverpool ព្រោះ​តែ​ពួកគេ​មាន​ប្រវត្តិសាស្ត្រ​ល្អ។ ជាក់​ស្តែង​ ពួកគេ​ជា​ក្លឹប​ដ៏​អស្ចារ្យ..អ្នក​មិន​អាច​​​ប្រៀប​ក្រុម​យើង​ នឹង​ពួកគេ​បាន​ទេ ព្រោះ​យើង​មិន​ធ្លាប់​មាន​ប្រវត្តិ​​ធ្លាប់​ជោគជ័យ​នៅ​ UEFA Champions League ដូច​ពួកគេ”។

ក្រុម​ហង្ស​ក្រហម​ Liverpool ​លើក​ពាន​ UEFA Champions League ​កាល​ឆ្នាំ​២០០៥

“សម្រាប់​ខ្ញុំ​ ប្រវត្តិសាស្ត្រ​គឺ​វា​គ្មាន​ន័យ​អ្វី​ទាំង​អស់។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ ​យល់​​ថា​វា​ពិត​ជា​មាន​ន័យ​​គ្រប់​យ៉ាង។ នោះ​ជា​មូលហេតុ​ដែល​មនុស្ស​គ្រប់​គ្នា ​និយាយ​ពី​ក្រុម​ Man City ​តិច​ជាង​​ក្រុម​ផ្សេងៗ។ បើ​យើង​​​ធ្វើ​បាន​ជោគជ័យ​​នៅ​ពេល​៥០​ឆ្នាំ​ទៀត​ ​និង​អាច​ឈ្នះ​ UEFA Champions League ​២​ឬ​៣​ដង ​នោះ​គ្រប់​គ្នា​នឹង​មើល​មក​យើង​​បែប​ផ្សេង”។ កីឡាករ​វ័យ​២៥​ឆ្នាំ ​បាន​បញ្ជាក់។

ក្រុម​បិសាច​ក្រហម​ Man Utd ​លើក​ពាន​ UEFA Champions League ឆ្នាំ​២០០៨

ហង្ស​ក្រហម​ Liverpool ​ជា​ក្រុម​​អង់គ្លេស​ ដែល​ធ្លាប់​លើក​ពាន​កំពូល​​អឺរ៉ុប​ច្រើន​ជាង​គេ​ បាន​រហូត​៥​ដង​ នៅ​ឆ្នាំ (១៩៧៧, ១៩៧៨, ១៩៨១, ១៩៨៤, ២០០៥) ខណៈ​ដែល​​​បិសាច​ក្រហម​ Man Utd ​ធ្លាប់​ឈ្នះ​​​៣​ដង ​នៅ​ឆ្នាំ​ (១៩៦៨, ១៩៩៩, ២០០៨)។ រីឯ​មេឃ​ខៀវ​​ Man City ​​មិន​​ទាន់​​ស្គាល់​រស់​ជាតិ​ពាន​កំពូល​អឺរ៉ុប​នេះ​ទេ ​​​ដោយ​​​ធ្វើ​​​បាន​ល្អ​បំផុត​ត្រឹម​​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ នៅ​រដូវ​កាល​មុន​ប៉ុណ្ណោះ​ ប៉ុន្តែ​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid៕

ប្រែ​សម្រួល៖ វិន ជីវ័ន្ត | ប្រភព៖ Echos

អត្ថបទពេញនិយម