Tiger Street Football Festival 2017​ ​​​ខេត្ត​សៀមរាប​ក្រុម​ចូល​រួម​កើន​​លើស​ការ​រំពឹង​ទុក

  • 2017-02-23 09:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​​បាល់ទាត់​ Tiger Street Football Festival 2017​ ​​ប្រចាំ​មណ្ឌល​ខេត្ត​សៀមរាប​បាន​​ចាប់​គូ​កាល​​ពី​រសៀល​ថ្ងៃ​នេះ​​នៅ​សណ្ឋាគារ​សុខា​ខេត្ត​សៀមរាប​​​ ដោយ​មាន​ក្រុម​ចូល​រួម​កើន​​ឡើង​រហូត​ដល់​១០៨​ក្រុម​ ដែល​ជា​ចំនួន​លើស​ការ​រំពឹង​ទុក។

​ក្នុង​សន្និសីទ​កាសែត​មុន​នេះ​បន្តិច​លោក ប៉ិច​ នី ​អ្នក​តំណាង​របស់​ក្រុម​ហ៊ុន​ស្រាបៀរ​ Tiger ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ចូល​រួម​​ច្រើន​​នេះ​ជា​ជោគជ័យ​មួយ​​សម្រាប់​ក្រុម​ហ៊ុន។ តាម​ការ​កំណត់​ខេត្ត​សៀមរាប​​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ចូល​រួម​ចំនួន៩០​ក្រុម​ ប៉ុន្តែ​ដោយសារ​មាន​ការ​គាំទ្រ​​កាន់​តែ​ច្រើន​ពី​សំណាក់​មហាជន​ ​ពិសេស​យុវជន​ទើប​ធ្វើ​ឲ្យ​ក្រុម​មាន​ការ​កើន​ឡើង​ដូចនេះ​។

លោក​ ប៉ិច​ នី

​​លោក​បន្ថែម​ថា ​ក្រុម​​ចូល​រួម​ត្រូវ​ប្រកាន់​គោលការណ៍​ Fair Play ​និង​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព​ ព្រម​ទាំង​ចេះ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ជាង​នេះ​ទៅ​ទៀត​ត្រូវ​ប្រកួត​ដោយ​​មិត្ត​ភាព​ និង​គោរព​លក្ខន្តិកៈ​របស់​អាជ្ញាកណ្ដាល​។

​សម្រាប់​ការ​ប្រកួត​ជម្រុះ​ព្រឹក​​ថ្ងៃ​ស្អែក​គឺ​ចាប់​​ផ្ដើម​ម៉ោង​៨​:០០​នាទី​​ ​នៅ​អង្គរ​ឃ្យូងយូ​ដោយ​​មាន​ក្រុម​ប្រកួត​ចំនួន​៤៤​គូ។ ​ការ​ប្រកួត​មួយ​គូ​មាន​១២​នាទី​ បែង​ចែក​ជា​ពីរ​វគ្គ​មួយ​វគ្គ​មាន​៦ នាទី​និង​ពេល​​វេលា​សម្រាក​ក្រោយ​ចប់​វគ្គ​ទី១មាន​ចំនួន​២​នាទី។​

ចំពោះ​ប្រាក់​រង្វាន់​​​មណ្ឌល​សៀមរាប ​អ្នក​លេខ ​១ ​ទទួល​បាន ​១៥០០ ​ដុល្លារ លេខ ​២ ​ទទួល​បាន ​១០០០ ដុល្លារ លេខ​៣ ទទួល​បាន​ ៥០០ ដុល្លារ និង​លេខ ៤ ទទួល​បាន​ ២០០ ដុល្លារ។ ​​មណ្ឌល​សៀមរាប​នេះ​ នឹង​ជ្រើស​យក​ចំនួន​១០​​ក្រុម​ដែល​ខ្លាំង​បំផុត​ទៅ​ធ្វើ​ការ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម