គិត​​ ៤ ចំណុចនេះ ទើប​ដឹង​ច្បាស់​គួរ​ទិញ​ម៉ាស៊ីន​បោក​ខោអាវ​ទ្វារមុខ ឬទ្វារលើ

  • 2017-03-16 07:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ម៉ាស៊ីន​បោក​ខោអាវ​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ខុស​គ្នា​គឺ​ប្រភេទ​ទ្វារ​បើក​ពី​លើ​ និង ប្រភេទ​ទ្វារ​បើក​ពី​មុខ។ រវាង​ម៉ាស៊ីន​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ចំណុច​ខុស​គ្នា​ធំៗ​ ៤ ដែល​អ្នក​គួរ​ដឹង​មុខ​សម្រេច​ចិត្ត​ទិញ។

១. ដំណើរ​ការ

ប្រភេទ​ទ្វារ​បើក​ពី​មុខ​មិន​មាន​ប្រើ​បង្គោល​នៅ​ចំ​កណ្ដាល​កន្ត្រក​បោក​ឡើយ​ ប៉ុន្តែ​មាន​​ដុំ​ជ័រ​វែងៗ​នៅ​​ផ្នែក​ខាង​កៀន​នៃ​កន្ត្រក​ដែល​មាន​នាទី​ជួយ​រំកិល​ខោ​អាវ​ និង ​ជួយ​កូរ​ទឹក​ពេល​កន្ត្រក​រង្វិល។ ដុំ​ជ័រ​វែងៗ​នេះ​ក៏​ជួយ​សម្អាត​ស្នាម​កខ្វក់​ជាប់​នឹង​ខោ​អាវ​បាន​ផង​ដែរ។

​ប្រភេទ​ទ្វារ​បើក​ពី​លើ​វិញ​មាន​បង្គោល​នៅ​ចំ​កណ្ដាល​កន្ត្រក ដែល​បង្គោល​នេះ​មាន​នាទី​​ច្របល់​សំលៀក​បំពាក់​ដើម្បី​សម្អាត​ស្នាម​​កខ្វក់។ ​ត្បិត​ថា​មាន​នាទី​សម្អាត​មែន​​ប៉ុន្តែ​បង្គោល​នេះ​​អាច​ធ្វើ​ឲ្យ​ខោអាវ​ងាយ​ខ្ទេច មិន​ដូច​ដុំ​ជ័រ​របស់​​ម៉ាស៊ីន​ប្រភេទ​ទ្វារ​បើក​ពី​មុខ​ដែល​សម្អាត​សំលៀក​បំពាក់​ដោយ​ថ្នមៗ​ដែល​មិន​ធ្វើ​ឲ្យ​ខោអាវ​ងាយ​ខ្ទេច។

២. ទំហំ​ផ្ទុក​របស់​កន្ត្រក​

​សម្រាប់​​​​​​​​​​​​​​​​​ប្រភេទ​ទ្វារ​មុខ​អាច​បោក​ខោអាវ​បាន​ច្រើន​ជាង​ប្រភេទ​ទ្វារ​ពី​លើ​​ ព្រោះ​ថា​គ្មាន​បង្គោល​នៅ​ចំ​កណ្ដាល​ដែល​អាច​ដាក់​ខោអាវ​ចូល​បាន​ច្រើន។

​​ ៣. តម្លៃ

ប្រភេទ​ទ្វារ​ពី​មុខ​អាច​មាន​តម្លៃ​ខ្ពស់​ជាង​ប្រភេទ​ទ្វារ​ពី​លើ​ ប៉ុន្តែ​​តម្លៃ​លើស​នេះ​មាន​គុណ​សម្បត្តិ​​ព្រោះ​ថា​អាច​បោក​ខោអាវ​បាន​ច្រើន​ជាង​ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ទឹក​ភ្លើង​បាន​មួយ​ចំណែក។ លើស​ពី​នេះ​ទៀត​ប្រសិន​បើ​គិត​ថា​នឹង​ប្រើ​វា​រយៈពេល​ ១០-១៥ ឆ្នាំ​នោះ​ចំណាយ​លុយ​ទិញ​របស់​ថ្លៃ​ដែល​មាន​​សមត្ថភាព​ប្រសើរ​ជាង​ក៏​ជា​រឿង​ល្អ​ដែរ។

៤. ទំហំ​ទីតាំង​សម្រាប់​ទុក​ដាក់​

សម្រាប់​ម៉ាស៊ីន​បោក​ខោអាវ​ប្រភេទ​ទ្វារ​មុខ​មួយ​ចំនួន​គឺ​មាន​ទំហំ​តូច​ជាង​​ម៉ាស៊ីន​បោកខោអាវ​ប្រភេទ​ទ្វារ​ពី​លើ ហើយ​ម៉ាស៊ីន​​បោក​ខោអាវ​ប្រភេទ​ទ្វារ​មុខ​អាច​ដាក់​បន្តុប​ពី​លើ​គ្នា​​បាន​ដែល​ជួយ​សន្សំ​សំចៃ​ទីតាំង​ទុក​ដាក់​បាន​មួយ​ចំណែក​​ក្នុង​ករណី​ដែល​អ្នក​ត្រូវ​ប្រើ​ម៉ាស៊ីន​បោក​ច្រើន៕​​​​​​

ប្រភព៖ DesignLike   ប្រែ​សម្រួល៖ សុខហេង