ចំណុច​ដែល​ប្រុស​ៗ​មិន​គួរ​ធ្វើ​ក្នុង​​អំឡុង​ពេល​ប្រពន្ធ ឬ​មិត្ត​ស្រី​មក​រដូវ

  • 2014-11-07 17:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ធម្មតា​ស្ត្រី​ស្ទើរ​តែ​ទាំង​អស់​នឹង​ក្លាយ​ជា​មនុស្ស​ឆេវឆាវ និង​បាត់​បង់​ការ​អត់​ធ្មត់​ច្រើន​នៅ​ពេល​ថ្ងៃ​ក្រហម​របស់​នាង​ចូល​មក​ដល់​រៀង​រាល់​ខែ​។ ប្រុស​ៗ​ត្រូវ​យល់​ដឹង​ពី​សភាព​ពី​ធម្មជាតិ​នេះ​ ជាពិសេស​បុរស​ៗ​ដែល​ដើរ​តួ​ជា​ស្វាមី​។ ដោយ​សារ​តែ​ភាព​ប្រែ​ប្រួល​អារម្មណ៍​របស់​ស្ត្រី​នេះ​ហើយ ទើប​អ្នក​ជំនាញ​បាន​បង្ហើប​ចំណុច​មួយ​ចំនួន​ដែល​បុរស​ៗ​មិន​គួរ​ធ្វើ ​នៅ​ពេល​ដឹង​ថា​ភរិយា ឬ​មិត្ត​ស្រី​មក​រដូវ​ព្រោះ​នាង​អាច​មាន​ការ​ប៉ះ​ពាល់​ផ្លូវ​អារម្មណ៍​ងាយ​ជាង​ថ្ងៃ​ធម្មតា​។ តើ​ចំណុច​ទាំង​នោះ​មាន​អ្វី​ខ្លះ​?​

 

 

 

១. សួរ​នាង​ថា​នាង​កំពុង​មក​រដូវ​មែន​អត់​?

 

សំណួរ​នេះ​ជា​សំណួរ​ដែល​នាង​មិន​ចង់​សូម្បី​តែ​ឮ ព្រោះ​នារី​ដែល​កំពុង​មក​រដូវ​ ហើយ​ឮ​អ្នក​សួរ​បែប​នេះ​បាន​ន័យ​ថា​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង ហើយ​បែរ​ជា​មក​សួរ​ទៅ​វិញ​។ ម្យ៉ាង​រឿង​មក​រដូវ​គឺ​ជា​រឿង​ដែល​នារី​មិន​ចង់​ប្រាប់​ទៅ​ដៃគូ​របស់​នាង ព្រោះ​នាង​គិត​ថា​វា​ជា​រឿង​មិន​ស្អាត​ និង​មិន​គួរ​ប្រាប់​ទៅ​មនុស្ស​ផ្ទុយ​ភេទ​។​

 

២. ញ៉េះញ៉ោះ​ ឬ​ចំអក​ឲ្យ​នាង​៖

 

នារី​ដែល​កំពុង​មក​រដូវ គ្មាន​អារម្មណ៍​មក​លេង​សើច​ជាមួយ​មនុស្ស​គ្រប់​គ្នា សូម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ឡើយ​។ ហេតុ​ផល​គឺ​ព្រោះ​នារី​ខ្លះ​តែង​មាន​អាការៈ​ឈឺ​ចុក​ចាប់ ឬ​មិន​ស្រួល​ក្នុង​ខ្លួន​ក្នុង​អំឡុង​ពេល​នេះ ទើប​នាង​មិន​ចូល​ចិត្ត​ការ​លេង​សើច​ច្រើន​។​

 

 

៣. លើក​ប្រធាន​បទ​មួយ​មក​វែក​ញែក​៖

 

ការ​ជជែក​វែក​ញែក​គឺ​ជា​វិធី​ល្អ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​រក​ដំណោះ​ស្រាយ តែ​បើ​ដឹង​ថា​នាង​កំពុង​មាន​ថ្ងៃ​ក្រហម​ហើយ បុរស​ៗ​មិន​គួរ​មក​វែក​ញែក​រឿង​អ្វី​មួយ​ជាមួយ​នាង​ឡើយ។ ដោយ​សារ​តែ​នាង​កំពុង​មាន​អារម្មណ៍​មិន​ល្អ​ស្រាប់​ផង​ ការ​វែក​ញែក​រឿង​រ៉ាវ​អាច​ឈាន​ទៅ​ដល់​ការ​បង្កើត​សង្គ្រាម​លោក​ផង​ក៏​ថា​បាន​។​

 

៤. ប្រើ​នាង​ឲ្យ​ធ្វើ​អ្វី​មួយ​៖

 

យក​ល្អ​ បុរស​ដែល​ជា​ដៃ​គូ​ត្រូវ​ចេះ​ចែក​រំលែក​បន្ទុក​ណា​មួយ​របស់​នាង ជា​ជាង​ប្រើ​នាង​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ សូម្បី​តែ​ការងារ​ផ្ទះ​ដែល​នាង​ធ្លាប់​ធ្វើ​ជា​ប្រចាំ​ក៏​ដោយ​។ នារី​ក្នុង​ថ្ងៃ​នេះ​តែង​មាន​អារម្មណ៍​ល្ហិត​ល្ហៃ និង​ឈឺ​ចាប់ ដូច្នេះ​នាង​មាន​កម្លាំង និង​មាន​អារម្មណ៍​ឯណា​មក​ធ្វើ​ការ​ទាំង​នេះ​ទៀត​?​

 

៥. ភ្លេច​ទិញ ឬ​អស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​៖

 

ដូច​រៀប​រាប់​ពី​ខាង​ដើម​ ការ​ឈឺ​ចាប់​តែង​កើត​ឡើង​ជា​ប្រចាំ​សម្រាប់​នារី​ៗ​។ ហេតុ​នេះ​អ្នក​គួរ​ត្រៀម​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ឲ្យ​នាង​ កុំ​ឲ្យ​ដាច់ ព្រោះ​ទោះ​យ៉ាង​ណា​វា​ក៏​អាច​ជួយ​សម្រន់​អាការៈ​ឈឺ​ចាប់​ឲ្យ​នាង​បាន​ខ្លះ​ដែរ​។ តែ​មិន​គួរ​ឲ្យ​នាង​ញ៉ាំ​ជា​ប្រចាំ​ពេក​ទេ ព្រោះ​ថ្នាំ​ទាំង​នោះ​អាច​ប៉ះ​ពាល់​ប្រសិន​បើ​ប្រើ​ច្រើន​។

 

និយាយ​ជា​រួម​ ក្នុង​ពេល​កំពុង​មាន​រដូវ​ ស្ត្រី​អាច​ប្រែ​ប្រួល​ផ្នែក​ផ្លូវ​អារម្មណ៍​ច្រើន ដូច​ជា​ឆាប់​ខឹង ឆាប់​អន់​ចិត្ត​ ឆាប់​ប្រកាន់​ និង​មាន​អារម្មណ៍​ចុក​ពោះ ឬ​រោយ​ចង្កេះ​ ចុក​ដៃ​ជើង​ជា​ដើម​។ បុរស​ដែល​ជា​ដៃ​គូ​ល្អ ត្រូវ​ចេះ​សង្កេត​ជា​ជាង​សួរ​នាង​ត្រង់​ៗ​ ហើយ​ងាក​មក​មើល​ថែ​នាង​ឲ្យ​បាន​ល្អ​ និង​ឲ្យ​នាង​ញ៉ាំ​អាហារ​មាន​ជីវជាតិ​បំប៉ន​ឲ្យ​បាន​ច្រើន​៕

 

ប្រែ​សម្រួល​៖ សុគន្ធី​ ប្រភព​៖  elitedaily, wikihow

អត្ថបទពេញនិយម