ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ ស្រស់​ស្អាត យក​រចនាបថ​ខ្លោងទ្វារ​ប្រាសាទ​បុរាណ

  • 2017-03-25 08:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​អង្គរ​សង្ក្រាន្ត​បាន​បង្ហាញ​រូបរាង​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​​ដែល​បាន​អះអាង​ថា ខ្លោងទ្វារ​នេះ​បាន​យក​តាម​រចនាបថ​ខ្លោង​ទ្វារ​ប្រាសាទ​បុរាណ​ខ្មែរ។ ការ​បង្ហាញ​អំពី​ប្លង់​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត កាល​ពី​ព្រឹក​មិញ​នេះ ព្រោះ​តែ​មិន​ចង់​ជាន់​ដាន​ចាស់​កាល​ពី​ឆ្នាំ ២០១៥ ដែល​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​រង​ការ​រិះគន់​ខ្លាំង​ៗ​ពី​សាធារណៈ​មតិ​ថា បាន​យក​រចនាបថ​ពី​បរទេស​ច្រើន​ជាង​ខ្មែរ។

លោក សំហេង បុរស អនុប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ចប់​វេទិកា​​"ស្វែង​យល់​អំពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៧"​ នៅ​សាល​ពហុ​បំណង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ កាល​ពី​ព្រឹកមិញ​នេះ​ថា វេទិកា​នេះ​គោល​បំណង​សំខាន់​ចង់​កៀរគរ​យុវជន​ទាំង​អស់​ឲ្យ​យល់​អំពី​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត និង ស្វែង​យល់​អំពី​កម្មវិធី​នានា​របស់​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧។ មួយ​ទៀត​វេទិកា​​នេះ​ក៏​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​មូល​បាន​ដឹង​អំពី​ប្លង់​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ មុន​នឹង​ចាប់​ផ្ដើម​សាងសង់​ផ្លូវ​ការ​នៅ​ពេល​ខាង​មុខ។ "អីចឹង!​ឆ្នាំ​នេះ​អត់​ឲ្យ​ហួសពេល​ទេ ឆ្នាំ​នេះ​យើង​នឹង​ស្នើ​សុំ​យោបល់​ពួកគាត់​មុន"។

កាល​ពី​ឆ្នាំ ២០១៥ មហាជន​ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ ហ្វេសបុក បាន​រិះគន់​ខ្លាំង​ៗ នៅពេល​បាន​ឃើញ​រូបរាង​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ថា​ រូបរាង​នោះ​ដូច​រចនាបថ​បរទេស ដូច្នេះ​ហើយ​កំហឹង​ជាតិ​និយម​បាន​ឈាន​ដល់​ដុត​ខ្លោងទ្វារ​នោះ​ផងដែរ។ ប៉ុន្តែ ភ្លាមៗ​ក្រុម​ការងារ​អង្គរ​បាន​សង្ក្រាន្ត​បាន​ចេញ​ប្លង់​ថ្មី​ នៃ​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត​បាន​រំងាប់ចិត្ត​មហាជន និង សាទរ​ជាច្រើន​វិញ។

លោក ឈឹម សុធី ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូនរូប និង សិប្បកម្ម​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​និយាយ​ដែរ​ថា មហាជន​ប្រតិកម្ម​ចំពោះ​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត​កាល​ពី ២ឆ្នាំ​មុន​នោះ គឺ​មិនមាន​ការ​សហការ​ជាមួយ​នឹង​ក្រសួង​វប្បធម៌។ ប៉ុន្តែ​ឆ្នាំ ២០១៦-១០១៧ នេះ ខ្លោងទ្វារ​ថ្មី គឺ​មាន​គណៈកម្មការ​ចម្រុះ​ ដោយ​ខាង​សហភាព​សហព័ន្ធ​យុវជន សហការ​ជាមួយ​ក្រសួង​វប្បធម៌ ជាពិសេស​នាយកដ្ឋាន​សិល្បៈ​សូនរូប បាន​រចនាបថ​ខ្លោងទ្វារ​មាន​លក្ខណៈ​ដូច​ប្រាសាទ​បុរាណ។

*ក្រុមយុវជន​បាន​ចូលរួម​វេទិកា​ព្រឹកមិញ នៅ​ CKCC*

លោក សុធី បាន​ធ្វើ​បទ​បង្ហាញ​មួយ​ទៅ​កាន់​យុវវ័យ​រាប់រយ​នាក់​ ដែល​បាន​ចូលរួម​វេទិកា​ព្រឹកមិញ​នេះ​ថា ក្លោងទ្វារ​អង្គរសង្ក្រាន្ត​ឆ្នាំ​ ២០១៧ បាន​ប្រើប្រាស់​រចនាបថ​ជា​ខ្មែរ ដោយ​បាន​ដកស្រង់​ក្បាច់​ជាច្រើន​ ដូចជា៖

១. ក្បាច់​ត្របក​ឈូក​អង្គរ

២. ក្បាច់​ចក​អង្គរ

៣. ក្បាច់​ចង្វាយ​អង្គរ

៤. ក្បាច់​ពងត្រី

៥. ក្បាច់​អង្គរ​សន្លឹក​ទម្រង់​ហាន​បំបែក

៦. ព្ធរ៉ា

៧. កូន​ក្រឡឹង​កំពូល​ពេជ្រ រឺ​កំពូល​មិត

៨. ក្បាច់​ហោជាង

*នេះជារូបរាង​នៃ​ប្លង់​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត​២០១៧ (រូប​របស់ ស.ស.យ.ក)*

យ៉ាង​ណា​ក៏ដោយ លោក ឈឹម សុធី បាន​លើកឡើង​ថា ក្រោយ​ពី​វេទិកា​នេះ ក្រុម​ការងារ​អង្គរ​សង្ក្រាន្ត​នឹង​បង្ហោះ​រូប​ខ្លោងទ្វារ​ទៅ​កាន់​បណ្ដាញ​សង្គម​ ដើម្បី​រង់ចាំ​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ប្រសិន​បើ​ពុំ​មាន​អ្វី​ខុសឆ្គង​ទេ នោះ​ក្រុម​ការងារ​នឹង​សម្រេច​យក​គំរូ​នោះ​ហើយ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី