​របៀប​រៀបចំ​​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​ត្រឹមត្រូវ​ទៅ​តាម​ប្រពៃណី​ខ្មែរ​

  • 2017-03-27 03:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រពៃណី​ទំនៀមទម្លាប់​ក្នុងពិធីបុណ្យចូលឆ្នាំ ប្រជាជន​ខ្មែរ តែង​រៀប​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​ហើយ​រណ្ដាប់​ទទួល​ទេវតា​នេះ ​តាម​​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​ សម្រាប់​តាង​គ្រឿង​ពលីការ​ផ្សេងៗ​។ ​ប៉ុន្តែ​ក្នុង​ការ​រៀបចំ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ គ្រួសារ​ខ្លះ​ក៏​បាន​រៀបចំ​ត្រូវ​ទៅ​តាម​ក្បួន​តម្រា​ត្រឹមត្រូវ ចំណែក​ឯ​គ្រួសារ​ខ្លះ​ក៏​រៀបចំ​​មាន​ការ​ខ្វះ​ចន្លោះ​ខ្លះ​​។ ​តើ​រណ្ដាប់​ទទួល​ទេវតា​ដ៏​ត្រឹម​ត្រូវ​ ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ​?

តាម​ការ​ឱ្យ​ដឹង​ពី លោកតា​អាចារ្យ​រៀបចំ​ពិធី​ក្រុង​ពាលី ​ គង់ ណេរ ដែល​ដឹង​ពី​រៀង​នេះ​ច្បាស់​បាន​ឱ្យ​ដឹង​ថា ​តាម​ទំនៀម​ពី​បុរាណ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការ​បូជា​ទេវតា​មាន​ជា​អាទិ៍​បាយ​សី ៩​ថ្នាក់​​មួយ​គូ បាយ​សី​ ៧​ថ្នាក់​មួយ​គូ បាយសី​៥​ថ្នាក់​មួយ​គូ បាយសី ៣​ថ្នាក់​មួយ​គូ បាយសី​ប៉ាឆាម​មួយ​គូ ស្លាធម៌​មួយ​គូ ទឹក​អប់​មួយ​គូ ទៀន​៥ ធូប​៥ លាជ​៥ ផ្កា​៥ ដាក់​លើ​ជើង​ពាន​មួយ​គូ​។ ​បន្ថែម​លើ​ពី​នេះ​ទៀត ត្រូវ​ដាក់​ចេក​នួន​ ចេក​ណាំវ៉ា ដាក់​លើ​ជើង​ពាន​១​គូ ផ្លែ​ឈើ​១១​មុខ​ដាក់​លើ​ជើង​ពាន​១១​​គូ ដូង​ឡៅ​១​គូ​ និង​ទឹក​ស្អាត​ពីរ​កែវ​។

រូបភាព៖ alisoninasia

លោក​តា​អាចារ្យ​រូប​នេះ ក៏​បាន​ប្រាប់​​ទៀត​ថា ចំពោះ​ប្រជាជន​សាមញ្ញ​ធម្មតា​គួរ​ធ្វើ​បាយសី​ត្រឹម​៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការ​បូជា ដែល​មាន ទៀន​ប្រាំ ​ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយ​គូ​ក៏​ល្មម​សម​គួរ​ដែរ​។ ​ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជាជន​ទូទៅ ​គួរ​រៀបចំ​ឱ្យ​បាន​ ៣​មុខ ឬ​៥​មុខ​ក៏​ជា​ការ​ប្រសើរ​គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន​។ នៅ​គ្រប់​ដង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​គ្រប់​ដង្វាយ នៅ​លើ​ជើង​ពាន​និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។

លោក​តា​អាចារ្យ គេង់ ណេរ ប្រាប់​ទៀត​ថា ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួប​ប្រជុំ​គ្រួសារ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះរតនត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌​ព្រះសង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា​៕ ​ ​​ ​​ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម