សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ នឹង​ទទួល​បាន​ វត្ថុ​បុរាណ និង​វត្ថុ​សិល្បៈ​​ ៦៧​មុខ ពី​សារមន្ទីរជាតិ​

  • 2017-03-29 08:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​២៩ មីនា ២០១៧ នេះ​ ធនាគារ​ជាតិ និង​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀប​ចំ​ពិធី​ចុះ​ហត្ថលេខា​ស្ដី​ពី ការ​ផ្ទេរ​វត្ថុ​បុរាណ និង​វត្ថុ​សិល្បៈ​​មួយ​ចំនួន ពី​សារមន្ទីរជាតិ​កម្ពុជា ទៅ​កាន់​សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​។

​​សម្រាប់​​​​​ពិធី​​​​ចុះ​ហត្ថលេខា​​​​ផ្ទេរ​វត្ថុ​បុរាណ​ខាង​លើ​នោះ គឺ​ដើម្បី​ឲ្យ​សាធារណជន​ជាតិ និង​អន្តរជាតិ​​​ បាន​ចូល​ទស្សនា​​ និង​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិ​រូបិយវត្ថុ​នៅ​កម្ពុជា សារៈសំខាន់​​នៃ​រូបិយវត្ថុ ប្រព័ន្ធ​រូបិយវត្ថុ និង​តួ​នាទី​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​កន្លង​មក​។ បន្ថែម​ពី​នោះ គឺ​ដើម្បី​ឲ្យ​​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​​ទៅ​ស្វែង​យល់​​​នៅ​មជ្ឈមណ្ឌល​ឯកសារ​រូបិយវត្ថុ​នោះ​ផង​ដែរ​។

សម្រាប់​វត្ថុ​បុរាណ និង​វត្ថុ​សិល្បៈ ​ដែល​ត្រូវ​ផ្ទេរ​មាន​ចំនួន ៦៧​មុខ រួម​​មាន កាស​ ប្រាក់​ ផ្លែ​ពន្លាក ដុំ​លោហៈ ដែក​ទាម​ថ្ម​ប្រាសាទ កំសៀវ​ទឹក​ប្រើ​ប្រាស់​ក្នុង​សម័យ​បុរាណ...។ ធនាគារ​ជាតិ នៃ​កម្ពុជា​បាន​បញ្ជាក់​ថា នឹង​រក្សា​ទុក​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​នោះ ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ៕

អត្ថបទ៖ មាន រតនា