យុវជន​នេសាទ​២១​ឆ្នាំ ​រសាត់​អណ្ដែត​លើ​សមុទ្រ​​២​ខែ រួច​ជីវិត​ដោយ​សារ​ ផឹក​ទឹក​ភ្លៀង​ និង​​ហូប​ស្លែ​

  • 2017-03-30 12:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​​នេសាទ ជន​ជាតិ​ហ្វីលីពីន​វ័យ​២១​ឆ្នាំ​ម្នាក់​បាន​រួច​រស់​រាន​មាន​ជីវិត​ឡើង​វិញ​ដោយ​ពី​ការ​សង្គ្រោះ​របស់​នាវា​ជប៉ុន​ បន្ទាប់​ពី​រសាត់​អណ្ដែត​តាម​ទូក​​លើ​មហា​សមុទ្រ អស់​រយៈ​ពេល​ ៥៦​ថ្ងៃ។

រឿង​រ៉ាវ​ដើម​ទង​​នៃ​​​​​​​យុវជន​ឈ្មោះ Rolando Omongos ​​ ជា​អ្នក​នេសាទ​ខាង​លើ​បាន​កើត​ឡើង ពី​ពេល​ដែល​ រូប​គេ​​រួម​ដំណើរ​ចេញ​​ផ្សង​ព្រេង​ទៅ​នេសាទ​​ជា​មួយ​​ឪពុក​មា​​របស់​គេ​តាម​ទូក​ធំ​មួយ​ កាល​ពី​ថ្ងៃ ទី​២១ ខែ​ធ្នូ​ឆ្នាំ​២០១៧​កន្លង​ទៅ​នៅ​​​ឯ​កំពង់​ផែ​ General Santos ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​ ។

ជា​សំណាង​អាក្រក់​​ ទូក​របស់​យុវជន​ហ្វីលីពីន​ និង​​បុរស​វ័យ​៣១​ឆ្នាំ​ជា​ពូ​របស់​គេ ត្រូវ​ព្យុះ​បោក​បក់​​កួច​បាត់​នៅ​ថ្ងៃ​ទី​ ១០​ មករា​ ២០១៧​។ ហើយ​ពួក​គេ​​បាន​គេច​ពី​ព្យុះ​ រួច​ជីវិត​តាម​ទូក​តូច​ដែល​ភ្ជាប់​មក​ជា​មួយ​។

យ៉ាង​ណា​មិញ ប៉ុន្មាន​ថ្ងៃ​ក្រោយ​រួច​ជីវិត​ រលក​ព្យុះ​នៅ​តែ​បន្ត​បោក​បក់​ខ្លាំង​ ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​​ដោះ​​ម៉ាស៊ីន​ទូក​​ចេញ ដើម្បី​រំដោះ​​ទូក​កុំ​ឲ្យ​លិច។

រសាត់​អណ្ដែត​លើ​ផ្ទៃ​មហា​សមុទ្រ​​រយៈ​ពេល​១​ខែ និង​មិន​អាច​ទ្រាំ​ទ្រ​នឹង​ភាព​​ហេវ​ហត់ តាម​រយៈ​ការ​ហូប​តែ​ទឹក​ភ្លៀង និង​ស្លែ​​ដាំ​លើ​ទូក​​បាន ឪពុក​មា​របស់​ Rolando Omongos​ បាន​ស្លាប់​ចោល​យុវជន​នេសាទ​ខាង​លើ​។ Rolando Omongos បាន​រក្សា​ទុក​សព​ពូ​របស់​ខ្លួន​លើ​ទូក តែ​ក្រោយ​មក​ក៏​សម្រេច​ចិត្ត​ទម្លាក់​សព​ឪពុក​មា​ចូល​ក្នុង​សមុទ្រ​ ព្រោះ​មិន​អាច​ទ្រាំ​នឹង​ក្លិន​បាន ហើយ​បន្ត​តែលតោល​អណ្ដែត​តាម​ទូក​ ដោយ​ពឹង​​លើ​ទឹក​ភ្លៀង និង​ស្លែ​ជាប់​ទូក​។

ជា​ភ័ព្វ​សំណាង​​​ ​ក្រោយ​រយៈ​ពេល​​​២​ខែ​នៅ​លើ​សមុទ្រ Rolando Omongos ត្រូវ​នាវា​ជប៉ុន Wakaba Maru ដែល​នៅ​ក្បែរ​​ដែន​សមុទ្រ ប្រទេស​ ប៉ាពូញូវហ្គីណេ ​ប្រទះ​ឃើញ​នឹង​ចូល​ទៅ​ជួយ​ឲ្យ​រស់​រាន​មាន​ជីវិត។

​​​​​​​Rolando Omongos បាន​និយាយ​ថា៖ " ខ្ញុំ​​យំ​មិន​ឈប់ នៅ​ពេល​ដែល​គេ​មក​សង្គ្រោះ​ខ្ញុំ។ ខ្ញុំ​ចាំ​ថា​ខ្ញុំ​ខ្សោយ​មែន​ទែន​ សូម្បី​តែ​ក្រោក​ឈរ​​មិន​បាន​ផង ហើយ​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​គ្រា​ខ្ញុំ"។

យុវជន​នេសាទ​ខាង​លើ​​រៀប​រាប់​ពី​បទ​ពិសោធន៍​​រសាត់​អណ្ដែត​​លើ​សមុទ្រ​បន្ថែម​ថា៖ " មាន​ទូក​នាវា​ មិន​តិច​ជាង​៤​ទេ តែ​​ជិះ​កាត់​ប្រទះ​ឃើញ​ពួក​យើង (កាល​​ពី​ឪពុក​មា​នៅ​រស់) ខ្ញុំ​បាន​បក់​ដៃ​ស្រែក​រក​ជំនួយ​ពី​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​ឈប់​​មក​ជួយ​សង្គ្រោះ​ពួក​យើង​ឡើយ​"។

តាម​សារព័ត៌មាន​ Daily Mail ជីវិត​របស់​​​​​​Rolando Omongos បាន​រសាត់​អណ្ដែត​លើ​​ផ្ទៃ​សមុទ្រ ចម្ងាយ​៣២០០​គីឡូម៉ែត្រ​ពី​ប្រទេស​ហ្វីលីពីន ទៅ​ដល់​ប្រទេស​ ប៉ាពូញូវហ្គីណេ ហើយ​​ពេល​នេះ​រូប​គេ​បាន​ត្រលប់​ទៅ​ដល់​ប្រទេស​កំណើត​វិញ ដោយ​សុវត្ថិភាព​ហើយ​៕

​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មាន រតនា

ប្រភព៖ Dailymail

អត្ថបទពេញនិយម