មិន​គួរ​ឲ្យ​ជឿ ម៉ឺន សុភា ផ្ដួល​ កែវ រំចង់​​ក្នុង​ទឹក​ទី២

  • 2014-11-08 15:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​កណ្តាប់​ដៃ​ឥត​ស្រមោល ម៉ឺន សុភា បាន​ប្រើ​សមត្ថភាព​ពិត​ៗ​ផ្តួល​ជើង​ខ្លាំង​​ កែវ រំចង់​ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ត្រឹម​ទឹក​ទី​២​សម្រាប់​ការ​ប្រកួត​​សង​សឹក​​កាល​ពី​យប់​មិញ​របស់​សង្វៀន​បាយ័ន​ក្នុង​​ព្រឹត្តិការណ៍​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ថ្ងៃ​បញ្ចប់។

 

ការ​ពិត​លើ​សង្វៀន​ក្នុង​ទឹក​ទី១​ កែវ រំចង់​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ភាព​អង់អាច​របស់​ខ្លួន​ក្នុង​ការ​ចូល​វាយ​មិន​ថយ​ក្រោយ​ដែល​ជា​ចំណុច​ខ្លាំង​មួយ​ដែល​រូប​គេ​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​គាំទ្រ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ តាម​រយៈ​ការ​ចូល​វាយ​មិន​ដក​ថយ​នេះ កែវ រំចង់​បាន​ព្យាយាម​ទាត់​ជើង​ក្រោម​ ម៉ឺន សុភា​បី​ទៅ​បួន​ជើង​ដែល​ធ្វើ​ឲ្យ​សុភា​ព្យាយាម​ទប់ ដក​ថយ​ក្រោយ​តិច​ៗ និង​ចេញ​កណ្តាប់​ដៃ​សង​វិញ​​មួយ​ៗ។ តាម​បច្ចេកទេស​ទឹក​ទី​១​ឃើញ​ថា កែវ រំចង់​ទំនង​ជា​អាច​មាន​ប្រៀប​តិច​តូច។

ប៉ុន្តែ​អ្វី​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ទឹក​ទី​២ កែវ រំចង់​នៅ​តែ​រក្សា​គោលជំហរ​ចូល​វាយ​ដូច​ទឹក​ទី​១ ប៉ុន្តែ​បែរ​ ម៉ឺន សុភា​គ្រប់​គ្រង​ស្ថានភាព​បាន​យ៉ាង​ល្អ​ដោយ​ប្រើ​កណ្តាប់​ដៃ​វាយ​ផ្ទួន​ៗ​លើ​មុខ​របស់​កែវ រំចង់​បណ្តាល​ឲ្យ​ដួល​ផ្តាច់​ផ្ងារ​រហូត​លោក​អាជ្ញា​កណ្ដាល​៨​ម្តង។ សម្រាប់​ការ​រាប់​៨​នេះ កែវ រំចង់​បង្ហាញ​កាយវិការ​ហាក់​មិន​ទទួល​យក​ការ​រាប់​របស់​អាជ្ញា​កណ្ដាល​ឡើយ។

 

បន្ទាប់​ពី​រាប់​៨​លើក​ទី​១ កែវ រំចង់​មិន​បាន​ព្យាយាម​ដក​ថយ ឬ​ចូល​អោប​ដើម្បី​ពង្រឹង​ស្មារតី​ទេ​គឺ​នៅ​តែ​សម្រុក​ចូល​វាយ​ប្តូរ​ជា​មួយ​ ម៉ឺន សុភា​ទាំង​កម្រោល​ចូល ហើយ​ទទួល​រង់​កណ្ដាប់​ដៃ​ផ្ទួន​ៗ​សា​ជា​ថ្មី​បណ្តាល​ឲ្យ​ដួល​ ហើយ​អាជ្ញា​កណ្ដាល​រាប់​៨​ជា​លើក​ទី​២។ ការ​រាប់​៨​លើក​នេះ កែវ រំចង់​ក៏​នៅ​តែ​បង្ហាញ​កាយវិការ​មិន​ពេញ​ចិត្ត​នឹង​ចំណាត់​ការ​របស់​អាជ្ញា​កណ្តាល​ដដែល។

 

ក្រោយ​រាប់​៨​លើក​ទី​២ ម៉ឺន សុភា​​បាន​ព្យាយាម​វាយ​កណ្តាប់​ដៃ​ផ្ទួន​ៗ​ទៀត​ ខណៈ​កែវ រំចង់​បាន​ចូល​វាយ​ទាំង​បាត់​បង់​ស្មារតី ហើយ​ដួល​មួយ​លើក​ជា​ទី​ពីរ​លើក ប៉ុន្តែ​លោក​អាជ្ញា​កណ្ដាល​នៅ​តែ​ទុក​ឱកាស​ឲ្យ​បន្ត​ប្រកួត។ ដោយ​សារ​ស្ថានភាព​កាន់​តែ​ដុន​ដាប់ លោក​អាជ្ញា​កណ្តាល​សម្រេច​បញ្ឈប់​ការ​ប្រកួត និង​ផ្តល់​ជ័យជម្នះ​ដល់​ម៉ឺន សុភា​នៅ​ចំពោះ​មុខ​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់។

 

កាល​ពី​ប៉ុន្មាន​ខែ​មុន កែវ រំចង់​ធ្លាប់​ចាញ់​ពិន្ទុ​ម៉ឺន សុភា​ម្តង​ហើយ​សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន​គូប៊ូតា​នៅ​សង្វៀន​បាយ័ន។ ការ​មក​សង​សឹក​នេះ​ កែវ រំចង់​មិន​អាច​ស្តារ​មុខ​មាត់​បាន​ទេ ហើយ​រឹត​តែ​ដុន​ដាប​ជាង​លើក​មុន​ទៀត។

 

លោក​អ្នក​យល់​ឃើញ​យ៉ាង​ណា​សម្រាប់​បរាជ័យ​របស់ កែវ រំចង់​លើក​នេះ?

វីដេអូ http://youtu.be/gyNL-kiD-xI

អត្ថបទ៖ ជាន ចាន់រ៉ា