បែកធ្លាយ Michelle មិនមែនជាមនុស្សស្រីដំបូង ដែល អូបាម៉ា សុំរៀបការឡើយ!
- 2017-05-03 08:50:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយ Michelle មិនមែនជាមនុស្សស្រីដំបូង ដែល អូបាម៉ា សុំរៀបការឡើយ!
ចន្លោះមិនឃើញ
បើយោងតាមសៀវភៅប្រវត្តិថ្មីរបស់ លោក បារ៉ាក់ អូបាម៉ា មានចំណងជើងថា «Rising Star: The Making Of Barack Obama» និពន្ធឡើងដោយលោក David J Garrow ម្ចាស់ពានរង្វាន់ Pulitzer Prize បានបង្ហាញឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិករូបនេះ បានសុំមនុស្សស្រីម្នាក់រៀបការ មុនពេលមកសុំអតីតជំទាវទី១ លោកស្រី Michelle ប៉ុន្តែដោយសារតែ នយោបាយ ទើបរឿងរ៉ាវប្រែមកដូចសព្វថ្ងៃនេះ។
នៅក្នុងសៀវភៅនោះ អះអាងថា លោក អូបាម៉ា បានរស់នៅជាមួយស្ត្រីម្នាក់ នៅក្នុងទីក្រុង Chicago អស់រយៈពេលជាច្រើនឆ្នាំ និងបានសុំនាងរៀបការទៀតផង មុនពេលលោកបានជួប លោកស្រី Michelle។
អតីតមិត្តស្រីរបស់លោក អូបាម៉ា មានឈ្មោះថា Sheila Miyoshi Jager បច្ចុប្បន្នគឺជាសាស្ត្រាចារ្យ នៅឯមហាវិទ្យាល័យ Oberlin College ស្ថិតក្នុងទីក្រុង Oberlin រដ្ឋ Ohio សហរដ្ឋអាមេរិក។
លោកស្រី Jager បាននិយាយប្រាប់ លោក Garrow នៅក្នុងកិច្ចសម្ភាសន៍ ដើម្បីចងក្រងសៀវភៅនោះ ថា «ខ្ញុំចងចាំយ៉ាងច្បាស់ នៅពេលដែលការផ្លាស់ប្ដូរបានកើតឡើង ហើយខ្ញុំចងចាំយ៉ាងជាក់លាក់ថា នៅឆ្នាំ១៩៨៧ ប្រហែល១ឆ្នាំនៃទំនាក់ទំនងរបស់ពួកយើង គាត់បានសម្លឹងមើលឃើញរួចទៅហើយ នូវតំណែងប្រធានាធិបតី»។
បើទោះបីជា លោក អូបាម៉ា បានសុំ លោកស្រី Jager រៀបការ ប៉ុន្តែបញ្ហាដ៏ធំសម្រាប់អតីតប្រធានាធិបតីរូបនេះ គឺ សញ្ជាតិ និង អត្តសញ្ញាណ។ បើយោងតាមសៀវភៅប្រវត្តិខាងលើ បានឲ្យដឹងថា លោក អូបាម៉ា នឹងមិនអាចមានជំហរនយោបាយឡើយ ប្រសិនបើស្រលាញ់មនុស្សស្រីស្បែកស។
ទោះជាយ៉ាងណា លោក Garrow ជឿជាក់ថា លោក អូបាម៉ា ព្រួយបារម្ភពី លោកស្រី Jager ប៉ុន្តែពិបាកបែកចែកអារម្មណ៍រវាង មនុស្សស្រីដែលលោកស្រលាញ់ និង ជោគវាសនារបស់លោក។
គួរបញ្ជាក់ថា លោក អូបាម៉ា និង លោកស្រី Michelle បានរៀបការជាមួយគ្នា នៅក្នុងឆ្នាំ១៩៩២៕