ជំនឿគួរឱ្យខ្លាចបែបនេះហើយ ទើបចាស់ៗហាមមិនឱ្យថតរូប៣នាក់ដាច់ខាត
- 2017-05-04 07:42:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនឿគួរឱ្យខ្លាចបែបនេះហើយ ទើបចាស់ៗហាមមិនឱ្យថតរូប៣នាក់ដាច់ខាត
ចន្លោះមិនឃើញ
គ្រប់ពេលថតរូប ប្រសិនបើថតគ្នា ៣ នាក់ចាស់ៗតែងហាមកូនចៅមិនឱ្យថតឡើយ ហើយមនុស្សមួយចំនួនទៀតក៏មិនដែលហ៊ានថតរូប ៣ នាក់ដែរ។ ចំណែកអ្នកគ្រួសារខ្លះ ស្ដីបន្ទោសកូនចៅរឿងថតរូប ៣នាក់ទៀតផង។ តើមានជំនឿអ្វីនៅពីក្រោយរឿងនេះ ទើបចាស់ៗហាមមិនឱ្យថតរូបគ្នា ៣នាក់?
បើតាមការលើកឡើងរបស់លោកតាអាចារ្យ គង់ ណេរ បានប្រាប់ថាមូលហេតុ ដែលចាស់ៗតែងហាមមិនឱ្យថតរូបមានគ្នា ៣នាក់ព្រោះមានជំនឿថា អាចនាំរឿងហេតុមិនល្អកើតឡើងដល់នរណាម្នាក់ក្នុងចំណោម មនុស្សទាំងបីក្នុងរូបថតនោះ ភាគច្រើនគឺអ្នកកណ្ដាល។
តាមជំនឿតៗគ្នា កាលណាថតរូបមានគ្នា ៣នាក់អាចមានគ្រោះរហូតដល់ថ្នាក់បាត់បង់អាយុជីវិតទៀតផង។ មូលហេតុនេះ លោកតា ប្រាប់ថា ៣ជាចំនួនសេស ធ្វើអ្វីមួយចាស់មិនសូវប្រើចំនួន ៣ទេ សូម្បីតែថ្ងៃសិរីមង្គល ថ្ងៃបុណ្យ ឬធ្វើពិធីរំដោះគ្រោះ ក៏មិនយកថ្ងៃទី៣ដែរ ព្រោះអាចមានខ្មោចបិសាចតាមយីយា។ ហើយម្យ៉ាងវិញទៀត មនុស្ស៣នាក់ឈរថតទន្ទឹមគ្នា ហាក់បង្ហាញភាពសោកសៅ ស្រងេះស្រងោច បង្កប់អត្ថន័យមិនល្អ ដល់អ្នកទាំង ៣ក្នុងរូបថតនោះ។
ដោយសារមានជំនឿបែបនេះហើយ កាលណាឃើញរូបថតមានគ្នា៣នាក់ ចាស់ៗតែងយកកន្ត្រៃកាត់ចេញមួយវិញ ព្រោះខ្លាចមានគ្រោះ។ លោកតា ក៏លើកឡើងផងដែរថា ទោះបីជាមិនមានអំណះអំណាងណាមួយមកបញ្ជាក់ តែនេះជាជំនឿក្នុងសង្គមខ្មែរ ហើយតែងប្រតិបត្តិតាំងពីដើមរាងមក។ លោកតានិយាយទៀតថា ក្មេងៗឥឡូវមិនសូវស្ដាប់ចាស់ទេ តែរឿងមួយចំនួនមិនស្ដាប់ពេកក៏មិនបានដែរ៕