បឹង​ទំនប់​ខ្ពប​ត្របែក ជាទី​លម្ហែ​ថ្មី​នៅ​ថ្ងៃ​ឈប់​សម្រាក

  • 2017-05-15 02:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹងទំនប់​ខ្ពប​ត្របែក​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អូរសារាយ ​ឃុំ​អូរសារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ក្លាយ​ជា​ទី​រមណីយដ្ឋាន​ថ្មី​មួយ​ដ៏​គួរ​អោយ​ទាក់ទាញ​សម្រាប់​អ្នក​មក​កម្សាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាក​ជាពិសេស​រាល់​ពេល​មាន​ពិធីបុណ្យ​ជាតិ​ម្តង​ៗ​មាន​ភ្ញៀវ​មកលេង​យ៉ាង​កកកុញ​តាម​បណ្ដោយ​ទំនប់ និង​លើ​ស្ពាន​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស។

ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្សារ​អង់តាសោម​ឆ្ពោះ​ទៅ​លិច​សំដៅ​ទៅ​ផ្សារអង្គ រការ​រួច​បន្ត​ដំណើរ​ទៅ​មុខទៀត​ប្រមាណជា​១០គីឡូម៉ែត្រ គេ​នឹង​បាន​ឃើញ​កូន​បឹង​តូចមួយ ដែល​បង្កប់​ខ្លួន​តាម​បណ្តោយ​ជួរភ្នំ​ដ៏ស្រស់​ត្រកាល។ បើ​ភ្ញៀវ​ឈរ​សម្លឹង​មើលផ្ទៃ​ទឹក​សំដៅ​ទៅ​ខ្នង​ភ្នំ​ទាំងនោះ​ហាក់បី​ដូច​ពួកគេ​កំពុង​បណ្តែត​អារម្មណ៏​អោយលង់​ក្នុង​ពិភព​សុបិន​មួយ​ដែល​នឹក​ស្មានមិនដល់។

ជាមួយ​នឹង​ខ្យល់​ជំនោរ​បរិសុទ្ធ​បក់​មក​ត្រសៀក​​ៗ​ពី​ទិស​និរតី​ធ្វើ​អោយ​ភ្ញៀវ​ដែល​កំពុង​ពិសា​អាហារ​នៅ​តាម​តូប​ឫស្សី​ប្រក់​ស្លឹក​ត្នោត​តម្រៀប​គ្នា​ជា​ជួរៗ​ប្រប​តាម​មាត់​ទំនប់​រឹតតែ​មាន​អារម្មណ៍​ស្រស់​ថ្លា​បំបាត់​អស់​នូវ​ទុក្ខ​កង្វល់​ទាំងពួង។

យុវសិស្ស​ម្នាក់​ឈ្មោះ​តារា កំពុងតែ​ឈរ​បណ្ដែត​អារម្មណ៍​គយគន់​សម្រស់​ផ្ទៃ​ទេសភាព​សងខាង​បឹង​បាន​ប្រាប់ Sabay​ “​​​ពួកខ្ញុំ​តែងនាំ​គ្នា​មក​កម្សាន្ត​ទីនេះ​រៀងរាល់​ល្ងាច​ជាពិសេស​នៅថ្ងៃ​ចុង​សប្តាហ៏​ព្រោះ​ទីនេះ​មាន​ខ្យល់​អាកាស​ល្អ​ណាស់” ។

បន្ថែមពី​លើ​សម្តី​របស់​តារា​ កញ្ញា​ជា​ម្ចាស់​ហាងលក់​គ្រឿង​ក្លែម​ម្នាក់​សុំមិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា៖ "ទំនប់​ខ្ពប​ត្របែក​នេះ​មាន​ភ្ញៀវ​មក​លេង​រៀងរាល់​ថ្ងៃ​តែនៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ឬ បុណ្យ​ភ្ជំបិណ្ឌ​ទៀត​រិតតែ​ច្រើន​ធ្វើ​អោយ​ការ​លក់​នៅហាង​របស់​ខ្ញុំ​កាន់តែ​ដាច់​ជាង​ថ្ងៃធម្មតា"។

បឹង​ទំនប់​ខ្ពប​ត្របែក​នេះ​មាន​ប្រភព​ទឹក​ហូរ​ធ្លាក់​មក​ពី​តំបន់​ភ្នំ​ដែល​ធ្វើ​អោយ​ទីនេះ​មាន​ទឹក​រហូត​សូម្បីតែ​នៅ​រដូវប្រាំង​ជាហេតុ​ធ្វើ​អោយ​ភ្ញៀវ​ទាំង​ជិត​ទាំង​ឆ្ងាយ​ចង់​មក​លេង​កម្សាន្ត​បំបាត់​ទុក្ខ​កង្វល់៕

អត្ថបទ៖ ជិន វេន

រូបថត៖ ទូរសព្ទដៃ