កំពូល​តារា​សម្ដែង​ស្រី​ឥណ្ឌា​ទាំង១០​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​ឆ្នាំ​២០១៧

  • 2017-05-17 05:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​លើក​មុន​ យើង​ធ្លាប់​ដឹង​រួច​មក​ហើយ​ពី​បណ្ដា​តារា​សម្ដែង​ប្រុស​ល្បី​ៗ​របស់​ឥណ្ឌា​ដែល​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ​រាប់​រយ​លាន​ដុល្លារ​ឯ​ណោះ។ ប៉ុន្តែ​ថ្ងៃ​នេះ​ បង្វែរ​អារម្មណ៍​មក​ដឹង​ពី​ទ្រព្យ​សម្បត្តិ​របស់​តារា​ៗ​​ស្រី​ឥណ្ឌា​វិញ​ម្ដង។ ចាំ​មើល​ថា​តើ​មាន​តារា​រូប​ណា​ខ្លះ​ ដែល​ជា​រាជិនី​សម្ដែង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ? តោះ! មក​ដឹង​ទាំង​អស់​គ្នា!

១០. Priyanka Chopra ទ្រព្យ​សម្បត្តិ ៨លានដុល្លារ

តារា​សម្ដែង​​ Priyanka Chopra កើត​នៅ​ថ្ងៃ​ទី ១៨​ខែ​កក្កដា​ឆ្នាំ ១៩៨២។​ នាង​ជា​តារា​សម្ដែង​សញ្ជាតិ​ឥណ្ឌា​ អ្នក​ចម្រៀង​ ផលិតករ និង ជា​សប្បុរស​ជន​ផង​ដែរ​។ តារា​ម្នាក់​នេះ​ចាប់​ផ្ដើម​អាជីព​ដោយ​ ឈ្នះ​ពាន​បវរ​កញ្ញា​ពិភព​លោក Miss World កាល​ពី​ឆ្នាំ ២០០០។ នាង​ជា​តារា​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​បូលីវូដ ហើយ​ថ្មីៗ​នេះ​នាង​ក៏​បាន​ប្រឡូក​ចូល​ក្នុង​ ហូ​លី​វូដ​ផង​ដែរ​ដោយ​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍ ABC គឺ​រឿង Quantico ហើយ​ថ្មី​ៗ​នេះ​នាង​ក៏​បា​ន​ចូល​រួម​សម្ដែង​ជាមួយ​ Zac Efron និង​ The Rock ក្នុង​រឿង​ "Baywatch” ទៀត​ផង។​

៩. Mallika Sherawat ទ្រព្យ​សម្បត្តិ​ ១០លាន​ដុល្លារ

Malloka Sherawat កើត​នៅ​ថ្ងៃ​ទី​២៤​ ខែ​តុលា​ឆ្នាំ​១៩៧៦ ជា​តារា​សម្ដែង​សញ្ជាតិ​ឥណ្ឌា​និង​ធ្លាប់​ជា​តារា​ម៉ូដែល​ផង​ដែរ​។ នាង​ជា​តារា​ម្នាក់​ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​តារា​សិច​ស៊ី "Sex Symbol” នៅ​តាម​ប្រព័ន្ធ​ព័ត៌មាន​ផ្សព្វផ្សាយ​ភាគ​ច្រើន​នៅ​ប្រទេស​ឥណ្ឌា​។ អ្នក​គឺ​ជា​តារា​ម្នាក់​ដែល​ត្រូវ​គេ​និយាយ​ច្រើន​ពី​នាង នៅ​ក្នុង​សង្គម​ភាព​យន្ត​របស់​ឥណ្ឌា មួយ​វិញ​ទៀត​នាង​គឺ​ជា​តារា​ម៉ូដែល​ដ៏​ជោគជ័យ​ផង​ដែរ​មុន​នឹង​ ប្រឡូក​ចូល​វិស័យ​សម្ដែង។

៨. Karisma Kapoor ទ្រព្យ​សម្បត្តិ​ ១២លាន​ដុល្លារ

កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា​ឆ្នាំ​ ១៩៧៤ Karisma Kapoor គឺ​ជា​តារា​សម្ដែង​សញ្ជាតិ​ឥណ្ឌា​ម្នាក់​ដែល​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​​ Bollywood​ យ៉ាង​ច្រើន។ ដោយ​សារ​តែ​នាង​​ជា​សមាជិក​របស់​ក្រុម​គ្រួ​សារ Kapoor ជា​កូន​ស្រី​របស់​តារា​សម្ដែង Randhir Kapoor និង​ Babita ធ្វើ​ឲ្យ​នាង​ជា​តារា​ម្នាក់​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ព្រោះ​តែ​ឪពុក​ម្ដាយ​របស់​នាង​សុទ្ធ​តែ​ជា​តារា​ដែល​មាន​រូប​រាង​ស្អាតៗ។​​

៧. Ileana D'Cruz ទ្រព្យ​សម្បត្តិ ១៤​លាន​ដុល្លារ

តារា​សម្ដែង​សញ្ជាតិ​ឥណ្ឌា​ Ileana D'Cruz កើត​នៅ​ថ្ងៃ​ទី​១ខែ​វិច្ឆិកា​ឆ្នាំ ១៩៨៧ ដែល​ដំបូង​ឡើយ​បង្ហាញ​ខ្លួន​នៅ​ប្រភេទ​រឿង Telugu និង​​ Hindi។ ដោយ​សារ​តែ​ប្រជាប្រិយ​ភាព​​ ធ្វើ​ឲ្យ​នាង​បាន​ទទួល​បាន​ពាន​រង្វាន់​យ៉ាង​ច្រើន​ដូចជា Filmfare Awards ជា​ច្រើន​ដង​និង Vogue Beauty Awards ព្រោះ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង នៅ​ឆ្នាំ​២០១២។

៦. Kajol Devgan ទ្រព្យ​សម្បត្តិ ១៨លាន​ដុល្លារ

Kajol Devgan កើត​នៅ​ថ្ងៃ​ទី ៥ ខែ​សីហា​ឆ្នាំ ១៩៧៤ នាង​គឺ​តារា​សម្ដែង​ឥណ្ឌា​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​ដោយ​សារ​ការ​សម្ដែង​នៅ​ក្នុង​រឿង​ប្រភេទ​ Hindi របស់​នាង។ ដោយ​សារ​តែ​ប្រជា​ប្រិយ​ភាព​ និង​ការ​ស្រលាញ់​ពេញ​ចិត្ត​របស់​អ្នក​គាំ​ទ្រ​រឿង​​ប្រ​ភេទ​ Bollywood មាន​លើ​នាង​យ៉ាង​ច្រើន​លើស​លុប​ដូច្នេះ​ហើយ​ នាង​គឺ​ជា​តារា​ម្នាក់​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដែល​អាច​ស៊ី​ថ្លៃ​ដល់​លាន​ដុល្លារ​ឯ​ណោះ​សម្រាប់​ការ​ថត​រឿង​មួយ​រឿងៗ។​​

៥. Amrita Rao ទ្រព្យ​សម្បត្តិ​ ២០លាន​ដុល្លារ

Amrita Rao កើត​នៅ​ថ្ងៃ​ទី ១៧ខែ​មិថុនា​ឆ្នាំ​ ១៩៨១​ គឺ​ជា​តារា​សម្ដែង​និង​ម៉ូដែល​សញ្ជាតិ​ឥណ្ឌា។ នាង​បាន​លេខ​មុខ​សម្ដែង​នៅ​ក្នុង​រឿង​ជា​ភាសា​ Hindi របស់​ Bollywood និង​រឿង​ជា​ភាសា​ Telugu ផង​ដែរ។ ដោយ​មាន​​ទ្រព្យ​សម្បត្តិ​ប្រមាណ​២០លាន​ដុល្លារ Amrita Rao គឺ​ជា​វីរនារី​ក្នុង​វិស័យ​ភាព​យន្ត​ឥណ្ឌា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ត្រូវ​បាន​គេ​តែង​តាំង​ជា​ ឯក​អគ្គ​រដ្ឋ​ទូត​ផ្នែក​ម៉ូត​សំលៀក​បំពាក់​នៅ Indian bridal fashion week ទៀត​ផង។​

៤. Deepika Padukone ទ្រព្យ​សម្បត្តិ ២០លាន​ដុល្លារ

Deepika Padukone កើត​នៅ​ថ្ងៃ​ទី ៥​ ខែ​មករា​ឆ្នាំ ១៩៨៦ ជា​តារា​សម្ដែង​ឥណ្ឌា​ម្នាក់​ដែល​មាន​រូប​​សម្រស់​ស្រស់​ស្អាត​ និង​ជា​តារា​ម៉ូដែល​ផង​ដែរ។ នាង​ចាប់​ផ្តើម​ល្បី​ដោយ​សារ​ការ​សម្ដែង​របស់​នាង​នៅ​ក្នុង​រឿង​ Hindi ដោយ​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ពាន​រង្វាន់​ធំ​ Filmfare Awards ចំនួន ៣ ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​បាន​ក្លាយ​ជា​តារា​ឥណ្ឌា​ដែល​ត្រូវ​បាន​ស្វែង​រក​ច្រើន​ជាង​គេ​លើ​​ Internet កាល​ពី​ឆ្នាំ​២០០៧​ទៀត​ផង។ ក្រៅ​ពី​អាជីព​សម្ដែង​នាង​ក៏​ជា​ដៃ​គូ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដូច​ជា Tissot, Sony Cyber-Shot, Nest Cafe, Vogue 3.Eyewear, Maybelline និង​ Pepsi ផង​ដែរ។​​​

៣. Preity Zinta ទ្រព្យ​សម្បត្តិ​ ៣០​លាន​ដុល្លារ

Preity Zinta កើត​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា​ឆ្នាំ​ ១៩៧៥ ជា​តារា​សម្ដែង​សញ្ជាតិ​ឥណ្ឌា​ដែល​មាន​សមត្ថភាព​ខ្លាំង។ នាង​បាន​សម្តែង​រឿង​ Bollywood ដែល​និយាយ​ភាសា Hindi, Telugu, Punjabi និង ភាសា​អង់គ្លេស​ទៀត​ផង។ នាង​គឺ​តារា​ម្នាក់​ក្នុង​ចំណោម​តារា​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នៅ​ Bollywood ដោយ​មាន​ក្លឹប​បាល់​ទាត់​ផ្ទាល់​ខ្លួន​ឈ្មោះ Kings XI Punjab។ កាល​ពី​ឆ្នាំ ២០១៥ នាង​បាន​ក្លាយ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Baliye បន្ទាប់​ពី​នាង​ធ្វើ​ជា​ពិធី​ករ​ក្នុង​កម្មវិធី​របស់​នាង​ឈ្មោះ​ Up Close & Personal with PZ និង​ធ្លាប់​ជា​ពិធី​ករ​ក្នុង​កម្មវិធី Guinness World Records នៅ​ឆ្នាំ ២០១១​ផង​ដែរ។​​

២. Ameesha Patel ទ្រព្យ​សម្បត្តិ​ ៣០លាន​ដុល្លារ

Ameesha Patel កើត​នៅ​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ ១៩៧៦ ជា​តារា​សម្ដែង​ឥណ្ឌា​ និង​តារា​ម៉ូដែល​ដែល​​ល្បី​និង​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ Bollywood។ នាង​បាន​ចូលរួម​សម្ដែង​រហូត​ដល់​ចាង ១២៥ រឿង​បូលីវូដ។ Ameesha Patel គឺ​ជា​តារា​ស្រី​ម្នាក់​ដែល​គេ​ចង់​បាន​បំផុត​ ក្នុង​ចំណោម​តារា​ល្បី​ៗ​នៅ​ប្រទេស​ឥណ្ឌា។

១. Aishwarya Rai Bachchan ទ្រព្យ​សម្បត្តិ​ ៣៥លាន​ដុល្លារ

តារា​សម្ដែង Aishwarya Rau Bachchan កើត​នៅ​ថ្ងៃ​ទី​១ខែ​វិច្ឆិកា​ឆ្នាំ​ ១៩៧៣​ ជា​តារា​សម្ដែង​និង​ម៉ូដែល​សញ្ជាតិ​ឥណ្ឌា ហើយ​ក៏​ធ្លាប់​ជា​បវរ​កញ្ញា​ពិភពលោក Miss World កាល​ពី​ឆ្នាំ ១៩៩៤​ ផង​ដែរ។ នាង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក​ថា​ជា​តារា​ម្នាក់​ដែល​មាន​ភ្នែក​ស្អាត​បំផុត។ ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​ ៣៥លានដុល្លារ​ នាង​គឺ​តារា​ស្រី Bollywood ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០១៧​នេះ៕ ​​​ ​

ប្រភព៖ top10reviewof   ប្រែ​សម្រួល៖ ធារ៉ូ