SISTAR បង្ហោះ​សារ​ចុងក្រោយ​ទៅកាន់ Fan ជុំវិញព័ត៌មានរំសាយក្រុម

  • 2017-05-23 06:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ មួយ​ទៀត​ហើយ​ដែល​ប្រកាស​ពី​គម្រោង​រំសាយ​ក្រុម​ គឺ​ ក្រុម​ចម្រៀង​ SISTAR។

ក្រុម​នារី​មួយ​នេះ​ បាន​ពិភាក្សា​គ្នា​ពី​ការ​ចុះ​កុងត្រា​ជា​ថ្មី​ជាមួយ​ផលិតកម្ម​ Starship។ យោង​តាម​វិបសាយ​ Allkpop បាន​លើក​យក​សម្ដី​របស់​ប្រភព​ច្បាស់​ការ​មួយ​ថា៖ "សមាជិក​ក្នុង​ក្រុម​បាន​និយាយ​គ្នា​ពី​គម្រោង​ទៅ​ថ្ងៃ​ខាង​មុខ​ជាមួយ​ផលិតកម្ម​ រីឯ​ខាង​ផលិតកម្ម​ក៏​បាន​គោរព​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​សមាជិក​ដែល​ប្រឹង​ប្រែង​ធ្វើការ​រយៈ​ពេល​ ៧​ឆ្នាំ​កន្លង​មក​ដែរ​" ។

ទោះបី​ក្រុម​ទាំង​មូល​ត្រូវ​បាន​រំសាយ​ តែ​នៅ​តែ​មិន​ទាន់​ច្បាស់​ ថា​តើ​ស្រី​ស្អាត​ទាំង​៤ នឹង​បន្ត​កុងត្រា​របស់​ពួកគេ​ទៀត​ ឫ​យ៉ាង​ណា​ ស្រប​ពេល​ដែល​សមាជិក​ ២​រូប​ក្នុង​ក្រុម​គឺ​ Soyu និង​ Hyorin នឹង​នៅ​តែ​ជា​តារា​ចម្រៀង​ដដែល​ រី​ឯ​សមាជិក​ ២​រូប​ទៀត​ Dasom និង​ Bora អាច​នឹង​ដើរ​លើ​វិថី​ជា​តារា​សម្ដែង​។

ជាមួយ​គ្នា​នេះ​ដែរ​ វិបសាយ​ Koreaboo ក៏បាន​ចេញផ្សាយ​ពី​ សាមី​ខ្លួន​ម្នាក់​ៗ​ក្នុង​ក្រុម​ ដែល​បាន​បង្ហោះ​សារ​ពី​អារម្មណ៍​រៀងៗ​ខ្លួន​ទៅ​កាន់​អ្នក​គាំទ្រ​ បន្ទាប់​ពី​បាន​ប្រកាស​ពី​ដំណឹង​គួរ​ឲ្យ​សោកស្ដាយ​មួយ​នេះ​។

Soyu ៖"ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ ហើយ​បាន​ធូរ​ចិត្ត​ ពីព្រោះ​សមាជិក​ទាំង​អស់​ យល់​ពី​ខ្ញុំ​ ក៏​ដូចជា​អ្នក​គាំទ្រ​ SISTAR ទាំង​អស់​ (STAR1)។ ក្រឡេក​ទៅ​មើល​ពេល​អតីតកាល​ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ ដែល​មិន​បាន​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជាមួយ​អ្នក​គាំទ្រ​ពួក​យើង​ ប៉ុន្តែ​យ៉ាង​ណា​​ក្ដី​ បើ​ទោះ​ជា​បច្ចុប្បន្ន​ ខ្ញុំ​ធ្វើ​អ្វី​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​បំភ្លេចក្ដី​ស្រលាញ់​ចំពោះ​មិត្ត​រួម​ក្រុម​ និង​អ្នក​គាំទ្រ​របស់​ខ្ញុំ​ទាំង​អស់​ដែរ​ ”។

Dasom ៖“អស់​រយៈ​ពេល ៧​ឆ្នាំ​ហើយ​ដែល​ ចាប់​តាំង​ពី​ពួក​យើង​បង្ហាញ​ខ្លួន​ដំបូង​ ជា​ក្រុម​ SISTAR។ ខ្ញុំ​ចង់​និយាយ​ថា​ អរគុណ​ចំពោះ​អ្នក​ទាំង​អស់​គ្នា​ ដែល​បាន​គាំទ្រ​ពួក​យើង​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​។ ពិតជា​មាន​អារម្មណ៍​តឹង​តែង​ណាស់​ នៅ​ពេល​ដែល​ត្រូវ​និយាយ​ថា​យើង​នឹង​រំសាយ​ក្រុម​ ក្រោយ​ចេញ​អាល់ប៊ុម​នេះ​ ។ សង្ឃឹម​ថា​អ្នក​ទាំង​អស់​ នឹង​គាំទ្រ​ពួក​យើង​ ចំពោះ​ស្នាដៃ​ថ្មី​ៗ​រៀង​ៗ​ខ្លួន​របស់​សមាជិក​ម្នាក់​ៗ​ ហើយ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​ខ្លាំង​ជាង​មុន​ទៀត​”។

Hyorin៖ "អស់​រយៈ​ពេល​ជាង​ ៧​ឆ្នាំ​ហើយ​ ចាប់​តាំង​ពី​ SISTAR ចេញ​មុខ​ដំបូង​ ទាំង​សមាជិក​ និង​អ្នក​គាំទ្រ​ពិត​ជា​មាន​តម្លៃ​ណាស់។ ដោយ​ឡែក​សមាជិក​ទាំង​អស់​ បាន​ជ្រើស​រើស​ផ្លូវ​ដើរ​ថ្មី​ សម្រាប់​ជំហាន​បន្ទាប់​ក្នុង​ជីវិត។ អរគុណ​អ្នក​ទាំង​អស់​គ្នា​សម្រាប់​ការ​គាំទ្រ​កន្លង​មក​។ យើង​នឹង​បន្ត​គាំទ្រ​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ ទៅមក​ ក៏​ដូចជា​បង្ហាញ​អ្នក​នូវ​ស្នាដៃ​ថ្មី​ៗ​របស់​ពួក​យើង​ម្នាក់​ៗ​ដដែល​។ មិត្ត​រួម​ក្រុម​ និង​ STAR1 នឹង​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ជា​រៀង​រហូត​”។

Bora៖ "ពេល​វេលា​ដែល​ SISTAR បាន​ចំណាយ​ពេល​ជាមួយ​ STAR1 ពិត​ជា​មាន​តម្លៃ​ណាស់​ និង​រីករាយ​បំផុត​។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ពិបាក​ចិត្ត​ ដែល​មិន​បាន​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​ នៅ​រាល់​ពេល​ SISTAR ចេញ​បទ​ថ្មី​ម្ដង​ៗ។ ថ្ងៃ​ខាង​មុខ​ ខ្ញុំ​នឹង​មិន​ភ្លេច​អនុស្សាវរីយ៍​ល្អ​ៗ​ ហើយ​នឹង​រឹង​មាំ​ជា​បន្ត​។ ឥលូវ​សមាជិក​ទាំង​អស់​ នឹង​ជ្រើស​ផ្លូវ​រៀង​ៗ​ខ្លួន​ ហើយ​ខ្ញុំ​នឹង​នៅ​តែ​លើក​ទឹក​ចិត្ត​ពួកគេ​ជានិច្ច។ អរគុណ​សម្រាប់​ ពេល​វេលា​ដ៏​រីករាយ​ និង​ក្ដី​ស្រលាញ់​ចំពោះ​ SISTAR និង​ខ្ញុំ​ផ្ទាល់”។

ដោយ​ឡែក​អាល់ប៊ុម​ថ្មី​ចុង​ក្រោយ​ របស់​ SISTAR នឹង​ចេញ​នៅ​ទី​ ២៩​ ខែ​ឧសភា​នេះ​ហើយ​។ គួរបញ្ជាក់​ថា​ នេះ​ជា​ក្រុម​នារី​កូរ៉េ​មួយ​ទៀត​ ហើយ​ដែល​ត្រូវ​រំសាយ​ បន្ទាប់​ពី​ក្រុម​ 2NE1, Wonder Girls, 4Minutes,​Kara និង​ក្រុម​ផ្សេង​ទៀត៕

*ជុំវិញតារាអន្តរជាតិ

*ព័ត៌មានកូរ៉េផ្សេងទៀត

*ហេតុផលនេះតើ! ទើបតារាមុខក្មេងជាងអាយុ Sandara Park អត់មានមិត្តប្រុស

ប្រភព៖ Allkpop | Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី