PNN ផ្ដួចផ្ដើម​យក​រឿង​ប្រលោមលោក​ល្បីៗ​ មក​ផលិត​ជា​រឿង​ភាគ​ទូរទស្សន៍

  • 2017-05-25 10:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជា​ការ​លើក​ស្ទួយ​រឿង​ប្រលោមលោក​ខ្មែរ​ PNN ​បាន​ផ្តួចផ្តើម​នាំ​យក​រឿង​ប្រលោមលោក​ល្បីៗ​មក​ផលិតចេញ​ជា​រឿង​ភាគ​មួយ​ចំនួន ដូចជា​ រឿង"បំភ្លេច​មិន​បាន​" "មន្ត​ស្នេហ៍​លេខា" ជា​ដើម។

ជាក់​ស្តែង​រឿង"បំភ្លេច​មិន​បាន​" កំពុង​តែ​ចាក់​ផ្សាយ​នៅ​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍​ ដល់​សៅរ៍ វេលា​ម៉ោង​៨​យប់​ នៅ​PNN ​គឺជា​ប្រលោម​លោក​ជាប់​លេខ​មួយ​ស្ទួន​ដែល​និពន្ធ​ដោយ​លោក​ស្រី ប៉ាល់ ​វណ្ណា​រីរក្ស។

រីឯរឿង​ "មន្ត​ស្នេហ៍​លេខា" កំពុង​តែ​ចាក់ផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​PNN ពី​ថ្ងៃ​ចន្ទ​ ដល់​ពុធ វេលា​ម៉ោង​៨យប់​ ក៏​ត្រូវ​បាន​ផលិត​ឡើង​ពី​ប្រលោមលោក​ដែល​មាន​អ្នក​អាន​ជាង ១លាន​នាក់​ពី​គេហទំព័រ​សប្បាយ​ផង​ដែរ​។ "មន្ត​សេ្នហ៍​លេខា" ជា​​ប្រលោមលោក​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ និង​ជា​ការ​តាក់តែង​ដោយ​អ្នកនិពន្ធ​ ប៉ាកាខ្មៅ។

កន្លង​មក​ ស្ថានីយ​ទូរទស្សន៍ PNN ក៏​​បាន​សហការ​ជាមួយ​បណ្តា​ផលិតកម្ម​ល្បីៗ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផលិត​ចេញ​ជា​ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​ដែល​មាន​គុណភាព​ល្អ​ ផង​ដែរ ចំណែក​​សាច់​រឿង​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​កូន​ខ្មែរ​ ដែល​មាន​ដូចជា​ រឿង​ "ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ" "សង្គ្រាម​បេះដូង" "មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា" និង "កែវភ្នែក" ជាដើម។

អ្នក​ស្រី ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​នៃ​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​បាន​និយាយ​ថា​៖ "ដោយ​យើង​យល់​ឃើញ​ថា វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ដែល​យើង​ ផលិតភាពយន្ត​​ទូរទស្សន៍​ក្នុង​ស្រុក​ ពី​ព្រោះ​វា​អាច​បង្ហាញ​នូវ​ទំនៀមទម្លាប់​ ជីវភាព​រស់នៅ និង​អត្តសញ្ញាណ​របស់​ខ្មែរ​។ 

ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​នៃ​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖"ហើយ​ជា​ពិសេស​ខ្មែរ​យើង​ក៏​មាន​សាច់រឿង​ច្រើន​ក្នុង​ការ​យក​មក​ផលិត​ជា​រឿង​ភាគ​ទូរទស្សន៍​ តែ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ពង្រឹង​គុណភាព​នៃ​ការ​តែង​និពន្ធ និង​គុណភាព​ផលិត​ឲ្យ​បា​ន​ល្អ រួម​ជាមួយ​ការ​ផ្សព្វផ្សាយ និងរៀបចំកម្មវិធីផ្សាយឲ្យត្រូវទៅតាម​តម្រូវការ ទស្សនិកជន នោះ​យើងជឿជាក់ថា ភាពយន្តខ្មែរទាំងនេះនឹងទទួលការគាំទ្រច្រើនពីទស្សនិកជន"។

PNN នឹង​បន្ត​នាំ​យក​នូវ​ប្រលោមលោកល្អៗ​ជាច្រើនទៀតទាំងស្នាដៃរបស់កវីនិពន្ធជើងចាស់ និង​ថ្មី ដើម្បី​ផលិតចេញ​ជា​រឿងភាគ ក្នុងគោលដៅផ្តល់នូវចំណេះដឹង និងការកំសាន្តដល់អ្នកទស្សនា។ បច្ចុប្បន្នរឿង "មន្តសេ្នហ៍លេខា" កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ ទាំង​អ្នក​ដែល​ធ្លាប់​បាន​អាន​រឿង​នេះ​ពី​មុន​មក​ និង​អ្នក​ដែល​មិន​ធ្លាប់​បាន​អាន​ក៏​អាច​មក​ទស្សនា​ខ្សែ​ភាពយន្ត​ដ៏​ល្អ​មួយ​នេះ​បាន​ដែរ។

"មន្តសេ្នហ៍លេខា" ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃ ចន្ទ ដល់ពុធ វេលាម៉ោង៨ ដល់៩ យប់នៅលើកញ្ចក់ទូរទស្សន៍PNN។

ទស្សនាឈុតខ្លីរបស់រឿង "មន្តស្នេហ៍លេខា" សូមចុច៖

 

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម