បញ្ហា​លើ​តួឯកស្រី ធ្វើ​ឲ្យ​រឿង​ Wonder Woman អាច​ត្រូវ​គេ​មិន​អនុញ្ញាត​ឲ្យ​បញ្ចាំង​នៅ​​ប្រទេស​លីបង់​ទេ

  • 2017-05-31 02:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wonder Woman គឺ​ជា​រឿង​របស់ DC Comic ដែល​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​សំណាក់​អ្នក​ពិនិត្យ​ភាពយន្ត​ ប៉ុន្តែ​វា​នឹង​មិន​អាច​បញ្ចាំង​នៅ​ប្រទេស​លី​បង់​បាន​ទេ។ បើ​យោង​ទៅ​តាម​របាយ​ការណ៍​ពី សារព័ត៌មាន​ AP ប្រទេស​នេះ​ កំពុង​តែ​មាន​គម្រោង​មិន​អនុញ្ញាត​ឲ្យ​ Warner Bros បញ្ចាំង​រឿង​នេះ​ទេ​ គឺ​ដោយ​សារ​តែ​តួ​ឯក​ក្នុង​រឿង​នេះ​តារា​សម្ដែង Gal Gadot គឺ​ជា​ជន​ជាតិ​អ៊ីស្រាអែល។

ប្រទេស​លីបង់​ គឺ​កំពុង​តែ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីស្រាអែល ហើយ​អស់​រយៈ​ពេល​មួយ​ទសវត្ស​ហើយ​ដែល​ប្រទេស​នេះ មាន​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទំនិញ​ពី​អ៊ីស្រាអែល និង​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​លីបង់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ធ្វើ​ជំនួញ​ផ្សេងៗទៀត​ផង។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក៏​គេ​សង្កេត​ឃើញ​មាន​​រូប​ Posters នឹង​ផ្ទាំង​ពាណិជ្ជកម្ម Billboards របស់​រឿង​នេះ​ បង្ហាញ​ខ្លួន​នៅ​ទីក្រុង​ Beirut ហើយ​រឿង​នេះ​ នឹង​មាន​​កម្ម​វិធី​សម្ពោធ​នៅ​យប់​ថ្ងៃ​ពុធ​នេះ​ហើយ នៅ​ក្នុង​រោង​កុន​មួយ​នៅ​រាជ​ធានី​របស់​ប្រទេស​លីបង់។

រឿង​ដែល​ទាក់​ទង​នឹង​ប្រទេស​អ៊ីស្រាអែល​ធ្លាប់​ត្រូវ​គេ​បំបិទ​មិន​ឲ្យ​បញ្ចាំង​រួច​មក​ហើយ ដូច​ជា​រឿង The Attack កាល​ពី​ឆ្នាំ​ ២០១៣។ នេះ​គឺ​ជា​រឿង​ដែល​ផលិត​ដោយ​​ ផលិតករ​សញ្ជាតិ​លីបង់ Ziad Doueiri ប៉ុន្តែ​ថត​នៅ​ប្រទេស​ Israel។

​​​​គួរ​បញ្ជាក់​ថា​ តួ​ "Wonder Woman" នេះ​ គឺ​ធ្លាប់​ជា​បវរ​កញ្ញា​ប្រទេស​អ៊ីស្រាអែល និង​ធ្លាប់​បំរើ​ការ​២​ឆ្នាំ​ក្នុង​ក្របខណ្ឌ​​កងទ័ព​ប្រទេស​អ៊ីស្រាអែល​ទៀត​ផង។​ នាង​ធ្លាប់​ចូល​រួម​សម្ដែង​ក្នុង​រឿង​ល្បីៗ​ដូច​ជា Fast & Furious និង Batman v. Superman: Dawn of Justice៕

ខាង​ក្រោម​នេះ​គឺ​ជា​ Trailer រឿង Wonder Woman៖

ចុច​អាន៖

ប្រភព៖ entertainment-weekly   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី