អគារ​ប៊ូឌីញ "​ស​" នឹង​ត្រូវ​កម្ទេច​នៅ​ខែក្រោយ​នេះ

  • 2017-06-02 02:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​ក្រសួង​ដែនដី​បាន​អះអាង​ថា គម្រោង​រុះរើ​អគារ​ប៊ូឌីញ "​ស​" នឹង​ត្រូវ​កម្ទេច​ខែក្រោយ​នេះ​។ គិត​រហូត​មកដល់​ពេល​នេះ​ ពល​រដ្ឋ​ប្រមាណ​ព្រម​កិច្ចសន្យាលក់​បន្ទប់​ទៅ​ឲ្យ​ក្រុមហ៊ុន ៩៥.៣២ ភាគ​រយ​ហើយ នៅសល់​ពល​រដ្ឋ​២៣ គ្រួសារ ឬ​ប្រមាណ​ជា ៤​ភាគ​រយ​ទៀត មិន​ព្រម​ចាកចេញ ដោយ​បន្ត​ទាមទារ​សំណង​ខ្ពស់​ជាង​ក្រសួង​កំ​ណ​ត់​ឲ្យ​។

ក្រួ​សួង​ដែនដី​ជឿជាក់ថា ពល​រដ្ឋ ២៣​គ្រួសារ​ដែល​មិន​ព្រម​តម្លៃ​១ ៤០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ នៅ​ពេល​នេះ គឺ​ពួកគេ​ប្រាកដជា​ព្រម​ទទួល​តម្លៃ​នេះ​ក្នុង​រយៈពេល ដ៏​ខ្លី​ខាងមុខ​នេះ​។ ព្រោះថា​តម្លៃ​១ ៤០០​ដុល្លារ ជា​តម្លៃ​ខ្ពស់​បំផុត ហើយ​សមស្រប​ជាមួយ​នឹង​ស្ថានភាព​អគារ​ប៊ូ​ឌី​ញ ​ដែល​កំពុង​ចាស់​ទ្រុឌទ្រោម​ស្រាប់​ផង​នោះ មិន​យូរ​ទេ​ពួកគេ​នឹង​ចាកចេញ​ដោយ​ឯកឯង​។ ​

បើ​តាម​អ្វី​ដែល​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែនដី​បញ្ជាក់​ប្រាប់​សារ​ព័ត៌មាន Sabay ឲ្យ​ដឹង​នៅ​ល្ងាច​ម្សិលមិញ​នេះ​ថា ជា​គោលការណ៍​ច្បាប់ ៧៥ ភាគ​រយ អគារ​សហកម្ម​សិទ្ធ​ គឺ​អាច​សម្រេច​យក​ជា​ផ្លូវការ​បាន ពោល គឺ​អ្នកទទួល​សំណង​ពី​ក្រុមហ៊ុន​ត្រូវតែ​ចាកចេញ​ទាំងស្រុង​។ យ៉ាងណា​មិញ ក្រសួង​ដែនដី​ក៏​អំ​ពា​វ​នាវ​ដល់​ពលរដ្ឋ​ប៊ូ​ឌី​ញ​ដែល​នៅសល់​ថា ក្រសួង​មិន​អាច​ដំឡើង​តម្លៃ​សំណង​ខ្ពស់​ជាង​នេះ​បានទេ ហេតុ​នេះ​ពលរដ្ឋ​គួរ​ឆ្លៀត​រក​ទីកន្លែង​រស់នៅ​ប្រកបដោយ​សុវត្ថិភាព​ប្រសើរ​ជាង​។

គួរ​រំលឹក​ថា ក្រុមហ៊ុន​ជប៉ុន Arakawa វិនិយោគ​ទឹក​ប្រាក់​ប្រមាណ ៨០​លាន​ដុល្លារ ក្នុង​នោះ​ចំណាយ ២៣​លាន​ដុល្លារ ដើម្បី​ទិញ​អគារប៊ូឌីញ​ដ៏​ចាស់​នេះ​។ ចំណែក​នៅសល់​ គឺ​សម្រាប់​គម្រោ​ង​សាងសង់​អគារ​ថ្មី​ដែល​មាន​កម្ពស់​ ២១​ជាន់ ក្នុង​នោះ មាន​ទីតាំង​ចំណត​ ៣​ជាន់ កន្លែង​លក់ដូរ​ ១​ជាន់ និង​កន្លែង​ស្នាក់នៅ​ ៥​ជាន់​។ បន្ទប់​ស្នាក់នៅ​នីមួយៗ នឹង​មាន​ទំហំ​ធំជាង​មុន​ ១០​ភាគ​រយ ហើយ​ចាប់ពី​ជា​ន់ទី​ ៩​ឡើង​ទៅ នឹង​ផ្ដល់​ជា​កម្មសិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន Arakawa៕

អត្ថបទ​៖ ស៊ិន សា​វ៉េ​ត​ ​