អីយ៉ាស់! ញ៉ែម​ សុគន្ធ លួច​ពេញ​ចិត្ត​លើ​​ នី មុន្នីនាថ តាំងពីពេលណាអ៉ីចេះ?

  • 2017-06-07 02:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ញ៉ែម សុគន្ធ​ បាន​លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​រឿង​ "នាង​នាថ​បាត់​ដំបង​" កាល​ពី​ល្ងាច​មិញ​​នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard ថា​ លោក​ពិត​ជា​លួច​ពេញ​ចិត្ត​លើ​ នី មុន្នីនាថ ពិត​មែន​បន្ទាប់​ក្រោយ​ពី​មាន​ឱកាស​​សម្ដែង​ជាមួយ​គ្នា​បាន​១​រឿង​។

កំលោះ​សង្ហារ​ចង្កា​ព្រែក​ រូប​នេះ​បន្ត​ថា​៖ "ទោះ​បី​ជា​ នាថ​ គាត់​ជា​សិស្ស​ប្អូន​ខ្ញុំ​មែន​ តែ​ពេល​សម្ដែង​ ក្នុង​រឿង​ "នាង​នាថ​បាត់​ដំបង​"ជា​មួយ​គ្នា​ ខ្ញុំ​ឃើញ​ថា​គាត់​លេង​បាន​ល្អ​ ពេល​គាត់​លេង​ខ្ញុំ​តែង​តែ​លួច​មើល​គាត់​ ហើយ​ក៏​លួច​ពេញ​ចិត្ត​លើ​សមត្ថភាព​សម្ដែង​របស់​គាត់​​ផង​ដែរ​​"។

ក្នុង​រឿង​ "នាង​នាថ​បាត់​ដំបង​"នេះ​ដែរ​ ញ៉ែម សុគន្ធ ក៏​និយាយ​ប្រាប់​ពី​ឈុត​ឆាក​លំបាក​មួយ​ចំនួន​ផង​ដែរ​។​លោក​ថា​ ឈុត​ឆាក​ដែល​លំបាក​ជាង​គេ​ត្រង់​ខ្លួន​សម្ដែង​រស់​នៅ​ជា​មួយ​ខ្មោច​ នាង​នាថ ព្រោះ​ត្រង់​ឈុត​នេះ​ត្រូវ​លេង​ទឹក​មុខ​ និង​ប្រើ​អារម្មណ៍​ឡើង​ចុះ​។

ដោយ​ឡែក​ លោក ស៊ិន សុផាត ប្រធាន​គណៈ​កម្មការ​ត្រួត​ពិនិត្យ​កម្មវិធី​ផ្សាយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ បាន​មាន​ប្រសាសន៍​ថា​ រឿង​ "នាង​នាថ​បាត់​ដំបង​" នេះ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ កន្ត្រាក់​អារម្មណ៍​អ្នក​គាំ​ទ្រ​នៅ​តាម​រោង​កុន​ជាមុន​សិន​ មុន​នឹង​ចាក​ផ្សាយ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​។

“បាទ​រឿង​នេះ​ បាន​ផលិត​ឡើង​យ៉ាង​សម្រិត​សម្រាំង​បំផុត​តាម​លំនាំ​រឿង​ព្រេង​ "នាង​នាថ​បាត់​ដំបង​" ហើយ​មាន​គ្រប់​រស់​ជាតិ​បើ​ប្រៀប​ធៀប​ និង​រឿង​ "នាង​នាថ​" ដែល​ធ្លាប់​ផលិត​កន្លង​មក​។ រឿង​នេះ​យើង​ចំណាយ​ដើម​ទុន​ច្រើន​ក្នុង​ការ​ផលិត​ តែ​ខ្ញុំ​សុំ​មិន​បញ្ជាក់​ថា​អស់​ប៉ុន្មាន​ទេ​"។លោក អ៊ិន សុផាត ថ្លែង បញ្ជាក់​។

រឿង​ "នាង​នាថ​បាត់​ដំបង​" គឺ​ជា​ខ្សែ​ភាព​យន្ត​ខ្មោច​ភ័យ​រន្ធត់​លង​បន្លាច​ លាយឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ទំនើប​ៗ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀម​រាប​ ចាប់​ពី​ថ្ងៃ​ទី​៨ ខែ ឧសភា ឆ្នាំ​ ២០១៧ នេះ​ហើយ​។​ចូល​រួម​សម្ដែង​ដោយ​ លោក ញ៉ែម សុគន្ធ កញ្ញា នី មុន្នីនាថ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​​ទៀត។

អត្ថបទ៖ ឆុង ស៊ីណាន