កម្ពុជានឹងចំណេញជាង ៣០០លានដុល្លារ ប្រសិនបើពលរដ្ឋឈប់ជក់បារី
- 2017-06-13 06:19:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានឹងចំណេញជាង ៣០០លានដុល្លារ ប្រសិនបើពលរដ្ឋឈប់ជក់បារី
ចន្លោះមិនឃើញ
នាពេលកន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញផ្សាយថា ប្រទេសកម្ពុជា មានអ្នកជក់បារីប្រមាណ ១.៦៨ លាននាក់ ដែលភាគច្រើនជាក្រុមមនុស្សដែលមានចំណូលទាប។ ក្នុងនោះ ថ្លៃចំណាយក្នុងមួយឆ្នាំសម្រាប់ការទិញបារីមានប្រមាណ ២០១ ៥៣៤ ៧០១ ដុល្លារអាមេរិក។ ជាងនេះទៀត ចំណាយទាក់ទងនឹងការព្យាបាលជំងឺ ការបាត់បង់កម្លាំងពលកម្មដោយសារជំងឺដែលបង្កដោយថ្នាំជក់មានប្រមាណ ១៦,៧ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ដោយឡែកប្រសិនបើប្រជាជនកម្ពុជា ឈប់ជក់បារីទាំងស្រុងបាននោះ កម្ពុជានឹងចំណេញថវិកាដល់ទៅជាង ៣០០លានដុល្លារអាមេរិក។ នេះបើតាមប្រសាសន៍ អ្នកនាំពាក្យនៃក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានឲ្យដឹងថា កាលពីពីរខែមុន រដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការហាមជក់បារី ដែលសម្រេចផាកពិន័យទៅលើអ្នកដែលជក់បារីនៅកន្លែងសាធារណៈ និងម្ចាស់សាធារណៈណាដែលមិនបានដាក់ស្លាកសញ្ញាហាមប្រាមការជក់បារី ហើយការផាកពិន័យនឹងចាប់ពី ២ម៉ឺនរៀល ដល់ ៥ម៉ឺន ដែលនឹងចាប់អនុវត្តនៅខែកញ្ញា ខាងមុខ។
លោក សុវណ្ណ បន្តថា៖ «កន្លងមកនេះ មុនរដ្ឋាភិបាលចេញអនុក្រឹត្យខាងលើនេះ យើងក៏មានច្បាប់សម្រាប់អ្នកជក់បារីផងដែរ ។ ក្រោយពីច្បាប់នេះសម្រេចជាផ្លូវការ យើងសង្កេតឃើញថា ភាគច្រើននៅកន្លែងធ្វើការរបស់រដ្ឋ និងឯកជនមួយចំនួនធំបានអនុវត្តហើយ ដោយមិនឲ្យជក់បារីនៅកន្លែងធ្វើការ។ ដោយឡែកអនុក្រឹត្យថ្មីនេះ នឹងជំរុញឲ្យមានកាត់បន្ថយអ្នកជក់បារីថែមទៀត ព្រោះថា បច្ចុប្បន្ន យើងមានអ្នកជក់បារីប្រមាណ ១,៦៨ លាននាក់ និងខាតបង់ថវិកាជាច្រើន ក្នុងនោះយើងក៏បាត់បង់ការអភិវឌ្ឍ និងសេដ្ឋកិច្ចជាតិមួយចំណែកធំ។ ដូច្នេះប្រសិនបើ កាត់បន្ថយបាន យើងនឹងអាចចំណេញថវិកាទាំងការទិញបារី និងការព្យាបាលប្រមាណជាង ៣០០លានដុល្លារថែមទៀត»។
លោកបន្ថែមថា ការជក់បារីមិនជួយអ្វីដល់សង្គមនោះឡើយ វាថែមទាំងធ្វើឲ្យមានការប៉ះពាល់អ្នកមិនបានជក់ប្រមាណ ៦០% រងការស្រូបផ្សែងបារីដោយការជក់បារីនៅតាមទីកន្លែងធ្វើការ និងទីសាធារណៈ។ យ៉ាងណាមិញ ក្រសួងសុខាភិបាល មិនទាន់សិក្សាអង្កេតជាក់ស្ដែងពីចំនួនថយចុះនៃអ្នកជក់បារីនៅឡើយ។ ប៉ុន្តែនៅតាមស្ថាប័នរដ្ឋជាច្រើន ឃើញថាបានអនុវត្តច្បាប់នេះហើយមិនមានអ្នកជក់បារីឡើយ។ ដោយឡែកអ្វីដែលក្រសួងមិនទាន់អាចគ្រប់គ្រងអ្នកជក់បារីបាន គឺនៅទីសាធារណៈ និងអាហារដ្ឋានឯកជនមួយចំនួន។ បើទោះបែបនេះក្ដី ក្រសួងនៅតែបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងបិទរូបនៅកញ្ចប់បារីពីគ្រោះថ្នាក់នៃការជក់បារី។ បើតាមការរៀបរាប់របស់អ្នកនាំពាក្យខាងលើ៕