ពាន​ Svay Rieng Cup ​​ឆ្នាំ​២០១៧​ ចាប់​ផ្តើម​លក់​ពាក្យ​ហើយ​

  • 2017-06-13 09:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ស្វាយ​រៀង​ ខាប់​ លើក​ទី​៣​ ឆ្នាំ​២០១៧​ បាន​ចាប់​ផ្តើម​លក់​ពាក្យ​សុំ​ចូល​រួម​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ដែល​អាច​រក​ជាវ​បាន​នៅ​ទីស្នាក់ការ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ស្វាយរៀង​ ដោយ​ក្នុង​១​ច្បាប់​តម្លៃ​៣០​០០០រៀល។

ការ​លក់​ពាក្យ​ និង​ដាក់​ពាក្យ​សុំ​ចូល​រួម​ប្រកួត​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​​២ ខែ​កក្កដា​ ​ឆ្នាំ​២០១៧។ ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយ​រៀង​ ខាប់​ ឆ្នាំ​នេះ​គឺ​ជា​កា​រៀប​ចំ​លើក​ទី​៣​ហើយ​ ដោយ​លើក​ទី​១​ និង​លើក​ទី​២​ ក្រុម​បាល់ទាត់​ សសយក​ ក្រុង​បាវិត​ ជា​ម្ចាស់​ជើង​ឯក​ទាំង​២​ឆ្នាំ។ ចំពោះ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​លើ​ទីលាន​ស្មៅ​ធម្មជាតិ​ នៃ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ​ បទ​បញ្ជា​​នៃ​ការ​ប្រកួត​ត្រូវ​បាន​កែ​ប្រែ​បន្តិច​ ដោយ​នៅ​ឆ្នាំ​នេះ​​អនុញ្ញាត​​ឲ្យ​នាំ​យក​កីឡាករ​ក្រៅ​ខេត្ត​ចំនួន​៣​នាក់​ ក្នុង​១​ក្រុម​កីឡា​ ដែល​ឆ្នាំ​មុន​មិន​អនុញ្ញាត​ឲ្យ​នាំ​យក​កីឡាករ​ក្រៅ​ខេត្ត​មក​លេង​នោះ​ទេ​​លើក​លែង​តែ​កីឡាករ​ក្រៅ​ខេត្ត​ ដែល​មាន​ការងារ​ច្បាស់​លាស់​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ អាច​ចូល​រួម​ប្រកួត​បាន។ ចំពោះ​កីឡាករ​អាជីព​ ក្នុង​ពាន​រង្វាន់​​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០១៥​ ដល់​បច្ចុប្បន្ន​ គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​​ឡើយ។

ពាន​រង្វាន់​ស្វាយ​រៀង​ខាប់​ ត្រូវ​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​ នៅ​ឆ្នាំ​២០១៥​ ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ស្វាយ​រៀង​ ដែល​មាន​ឯក​ឧត្តម​ ឌី វិជ្ជា​ ជា​ប្រធាន។ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ និង​កីឡាករ​ យ៉ាង​ច្រើន​ទើប​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ស្វាយ​រៀង​ ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​រៀង​រាល់​ឆ្នាំ​ ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ ក៏​ដូច​ជា​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​ និង​យុវជន​ យក​ពេល​ទំនេរ​ មក​លេង​កីឡា​ ​ដើម្បី​ជៀស​វាង​យក​ពេល​វេលា​ទៅ​ប្រើ​ប្រាស់​ឥត​ប្រយោជន៍។

ជាក់​ស្តែង​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ នៃ​ពាន​រង្វាន់​ស្វាយ​រៀង​ ខាប់​ លើក​ទី​២​ គឺ​មាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន​ និង​យុវជន​ចូល​រួម​ទស្សនា​ប្រមាណ​២​០០០​នាក់​នៅ​កីឡដ្ឋាន​ស្វាយ​រៀង​ ក្រោម​វត្តមាន​ ឯក​ឧត្តម​ ម៉ែន​ វិបុល​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ និង​ឯក​ឧត្តម​ ឌី​ វិជ្ជា​ ប្រធាន​ សសយក​ ខេត្ត​ ជា​គណៈអធិបតី។ លើស​ពី​នេះ​ក៏​មាន​តារា​ចម្រៀង​ល្បី​ៗ​ ចូល​រួម​សម្តែង​ និង​ច្រៀង​ជូន​ទស្សនិក​ជន​សម្រាប់​ទស្សនា​ផង​ដែរ។ ចំណុច​ដែល​មហាជន​ចាប់​អារម្មណ៍​លើ​ពាន​រង្វាន់​នេះ​ ដោយ​ការ​ប្រកួត​ទាំង​អស់​ប្រកួត​តែ​ថ្ងៃ​សៅរ៍-អាទិត្យ​ ​និង​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ​ ដើម្បី​ផ្តល់​ឱកាស​ដល់​កីឡាករ​ជា​មន្ត្រី​រាជ​ការ​ បុគ្គលិក​ឯកជន​ នានា​អាច​ចូល​រួម​បាន​ច្រើន៕

 

អត្ថបទ៖ ជាន ចាន់រ៉ា