ឡូយម្ល៉េះ! ក្រៅពីច្រៀង និងដឹកនាំសម្ដែង តាក់ម៉ា ត្រៀមធ្វើតួឯក
- 2017-06-14 02:29:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយម្ល៉េះ! ក្រៅពីច្រៀង និងដឹកនាំសម្ដែង តាក់ម៉ា ត្រៀមធ្វើតួឯក
ចន្លោះមិនឃើញ
តារាចម្រៀង និងអ្នកដឹកនាំភាពយន្ត តាក់ម៉ា ប្រាប់ Sabay ថានាងត្រៀមដើរតួឯកក្នុងរឿងភាគថ្មីមួយដែលនឹងចេញថតក្នុងពេលឆាប់ៗ។
តាក់ម៉ា បានឲ្យដឹងទៀតថា រឿងថ្មីនាងសម្ដែងមានចំណងជើងថា ៖ "ប្រអប់សំបុត្រចោលទុក្ខ-វគ្គ១" របស់ក្រុមហ៊ិន គិលិ សក្កិគារ៉ា ដែលមានចំនួន១៣០ភាគ។ ក្នុងនោះ រូបនាងផ្ទាល់ដើរតួជាកូនអ្នកក្រ ដែលមានម្ដាយជាស្រ្តីមេម៉ាយរកស៊ីលក់ដូរតាមចិញ្ចើមផ្លូវ តែបែរជាភ្លើតភ្លើនចាញ់បោកសង្សារ និងមិត្តនាំរូបនាងទៅលក់។
"មូលហេតុដែលបងចូលសម្ដែងរឿងនេះ គឺដោយសារតែបងស្រឡាញ់សាច់រៀងទាំងនេះ ម្យ៉ាងបងចង់មានបទពិសោធន៍សម្ដែងឈុតពិបាកៗមួយចំនួន។ សំខាន់មួយទៀតបងចង់រួមចំណែកក្នុងវិស័យភាពយន្តខ្មែរយើង មិនថាធ្វើជាអ្នកដឹកនាំ ឬអ្នកសម្ដែង ទោះបីជាបងដឹងថាវាពិបាកជាងការច្រៀងក៏ដោយ"។ អ្នកដឹកនាំរឿង "ដីបំណះថ្មី" ថ្លែង។
មិនត្រឹមតែជាតួសម្ដែងទេ តារាស្រីរូបនេះបង្ហើបថា នាងក៏ជាអ្នកនិពន្ធម្នាក់ក្នុងចំណោម ៦នាក់ផ្សេងទៀត ដើម្បីបង្កើតគ្រោងឆ្អឹងរឿងនេះឡើង ហើយនិយាយថា ខ្លួនមានជំនឿខ្លាំងចំពោះរឿងនេះ ព្រោះមានការចូលរួមសម្ដែងដោយតួល្បីៗ និងអ្នកដឹកនាំពោរពេញដោយបទពិសោធន៍។
តាក់ម៉ា បញ្ជាក់ថា "ប្រអប់សំបុត្រចោលទុក្ខ" ត្រៀមចេញថតនៅចុងខែមិថុនានេះ នឹងចាក់បញ្ចាំងនៅ ប៉ុស្តិ៍ MYTV នៅដើមឆ្នាំ២០១៨។