បើ​ដឹង​តិកនិកនេះ ធានាអ្នក​កាន់ iPhone ថត​វីដេអូ​មិន​ចាញ់​អ្នក​អាជីព

  • 2017-06-15 04:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7/7 Plus ជំនាន់​ក្រោយ​បង្អស់​អាច​ថត​វីដេអូ​ដល់​កម្រិត 4K ខណៈ​ស្មាតហ្វូន​ជា​ច្រើន​នៅ​មិន​ទាន់​អាច​ធ្វើ​បាន​នៅ​ឡើយ​។​ ដើម្បី​ទាញ​ប្រយោជន៍​គាប់​ជួន​​អ្នក​មាន​ឱកាស​បាន​​ iPhone ប្រើ​​ Sabay នឹង​បង្ហាញ​ពី​គន្លឹះ​ខ្លីៗ​មួយ​ចំនួន ធានា​ក្នុង​ការ​ថត​វីដេអូ​របស់​អ្នក មិន​ចាញ់​អ្នក​អាជីព​ឡើយ​។ ​ ១.លំនឹង​នៃ​ការ​ថត

ទោះ​បី​ជា​ iPhone មាន​មុខងារ​ទប់​លំនឹង​រូបភាព​ (OIS) ក្តី ប៉ុន្តែ​វា​មិន​ល្អ​គ្រប់​ដប់​នោះ​ទេ ម្ល៉ោះ​ហើយ​អ្នក​គួរ​ប្រើប្រាស់​នូវ​ជើង​កាមេរ៉ា​ (Tripod) អំឡុង​ពេល​ដែល​អ្នក​ថត បើ​អ្នក​មិន​មាន​ អ្នក​អាច​ប្រើ​វិធី​មួយ​ទៀត​ដោយ​ទម្លាក់​កែង​ដៃ​សង្កត់​នៅ​លើ​វត្ថុ​នឹង​អ្វី​ម្យ៉ាង​ឫ​តុ​ ដើម្បី​ឱ្យ​ដៃ​យើង​មាន​លំនឹង​ហើយ​ការ​ថត​វីដេអូ​អាច​ទទួល​បាន​ផល​ល្អ​។​

២.ពន្លឺ

មិន​ថា​តែ​ការ​ថត​លក្ខណៈ​ Indoor ឫ  Outdoor ក៏​ដោយ​ កត្តា​ពន្លឺ​ជា​រឿង​ចាំ​បាច់​បំផុត បើ​អ្នក​ចង់​ទទួល​បាន​វីដេអូ​មួយ​ដែល​ល្អ គប្បី​គួរ​មាន​ពិល​ចាំង​ពន្លឺ​ (USB Light) ដោយ​ត្រឹម​ទិញ​ប្រភេទ​តម្លៃ​ថោក​ល្មមៗ​បាន​ហើយ មិន​បាច់​ចំណាយ​ថ្លៃ​ពេក​ទេ ព្រោះ​គ្រាន់​តែ​យក​វា​មក​ប្រើ​ផ្ដោត​ជាមួយ​កម្មវត្ថុ​ដែល​យើង​ត្រូវ​ថត​ប៉ុណ្ណោះ​។

៣.Exposure Lock

iPhone មាន​បំពាក់​មុខងារ​ Auto-Focus ប៉ុន្តែ​យើង​ក៏​គួរ​ Focus វា​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង​ ដោយ​យើង​ត្រូវ​ផ្ដោត​លើ​កម្មវត្ថុ​និង​ទីតាំង​ដែល​ផ្ដល់​ពន្លឺ​ល្អ​បំផុត​មុន​ថត​ ព្រោះ​នៅ​ពេល​យើង​ចុច​លើ​ទីតាំង​ណា​មួយ​ វា​នឹង​លោត​ប្រអប់​ ៤ ជ្រុង​ពណ៌​លឿង​ ដែល​ចង់​បញ្ជាក់​ពី​ការ​ Focus របស់​យើង​ផ្ទាល់​​។

៤.Microphone

ការ​ចាប់​យក​សម្លេង​ពី​កម្មវត្ថុ​ឫ​បុគ្គល​ដែល​យើង​ចង់​ថត​ពិត​ជា​សំខាន់​។ បែប​នេះ​នៅ​ពេល​ថត​វីដេអូ អ្នក​ត្រូវ​យក​ iPhone ទៅ​ក្បែរ​កម្មវត្ថុ​នោះ​បន្តិច តែ​វិធី​ម្យ៉ាង​ទៀត​ បើ​យើង​មាន​ទូរសព្ទ​ផ្សេង​យើង​អាច​យក​វា​ទៅ​ថត​សម្លេង​សិន​ក៏​បាន ហើយ​ចាំ​កាត់​សម្លេង​ចូល​ជាមួយ​វីដេអូ​ ព្រោះ​ធ្វើ​បែប​នេះ សម្លេង​អាច​មាន​គុណភាព​ច្បាស់​ល្អ​។​

៥.បើក​ Airplane Mode

ជៀសវាង​ការ​រំខាន​ពី​នរណា​ម្នាក់​នៅ​ពេល​យើង​កំពុង​ថត​ អ្នក​ត្រូវ​បើក​មុខងារ​ Airplane Mode មុន​នឹង​មាន​បញ្ហា​កើត​ឡើង​រំខាន​ដល់​ការ​ថត​របស់​អ្នក​។

៦.ប្រើ​កម្មវិធី​ Edit

កម្មវិធី​ Edit វីដេអូ​ អាច​អនុញ្ញាត​ឱ្យ​អ្នក​កែ​ចន្លោះ​ប្រហោង​ផ្សេង​ៗ​ក្នុង​វីដេអូ​ និង​បន្ថែម​ Effect ។​ សម្រាប់​ iPhone គឺ​មាន​ស្រាប់​ ដែល​មាន​ឈ្មោះ​ថា​ iMovie អ្វី​ដែល​ពិសេស​​វា​ក៏​អាច​គាំទ្រ​ដល់​ការ​ Edit វីដេអូ​កម្រិត 4K ថែម​ទៀត​ផង​ ខណៈ​កម្មវិធី​ខ្លះ​ធ្វើ​មិន​ទាន់​បាន​នៅ​ឡើយ​។​

ក្រោយ​ការ​សិក្សា​តាម​គន្លឹះ​ទាំង ៦ ខាង​លើ​រួច​មក​ Sabay ជឿ​ថា​ប្រិយមិត្ត​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​​ ខុស​ពី​ការ​ថត​ធម្មតា ហើយ​បើ​មាន​ចម្ងល់​ផ្សេងៗ​ អ្នក​ទាំង​អស់​គ្នា​អាច​ Comment សួរ​ពួក​យើង​បាន​នៅ​ខាង​ក្រោម​៕

បន្ត​ចុចអាន៖

​​​​​

ប្រភព៖ ibtimes   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម