សហ​ស្ថាបនិក​ OnePlus លើក​ឡើង​ពី​ OnePlus 5 រាង​ដូច​ iPhone 7

  • 2017-06-16 01:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ OnePlus 5 នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​គឺ​នៅ​ថ្ងៃ​ទី​ ២២ ខែ​មិថុនា​ ហើយ​មុន​នឹង​ការ​ប្រកាស​ចេញ​នេះ​ក្រុមហ៊ុន​ OnePlus ក៏​បាន​បង្ហាញ​រូប​​​តម្រុយ​ខ្លះៗ​ពី​រាង​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​ដែរ។ យ៉ាងណាមិញ​រូប​តម្រុយ​ដែល​បង្ហាញ​ចេញ​មក​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ខក​ចិត្ត​ដោយ​សារ​តែ​ឃើញ​ថា​​មាន​រាង​ស្រដៀង​នឹង iPhone 7។

ទាក់​ទង​នឹង​ចំណុច​នេះ​​ កាល​ពី​ម្សិល​មិញ​ឃើញ​ថា​មាន​ការ​ឆ្លើយ​តប​ពី​​សហ​ស្ថាបនិក​ OnePlus លោក Carl Pei ដែល​បាន​លើក​ឡើង​ពី​រឿង​ស្រដៀង​គ្នា​ធ្លាប់​កើត​មាន​លើ OnePlus 3 កន្លង​មក។ នៅ​លើ​គណនី​ Twitter របស់​ Carl Pei ឃើញ​មាន​បង្ហោះ​សារ​ថា ៖ "តើ​មាន​អ្នក​នៅ​ចាំ​ពី​រឿង​រំជើប​រំជួល​ទាក់​ទង​នឹង​​រូបរាង​របស់​ OnePlus 3 មុន​នឹង​វា​ចេញ​ជា​ផ្លូវ​ការ​​ទេ? រឿង​រំជើប​រំជួល​នេះ​បាន​ស្ងប់​ទៅ​វិញ​ភ្លាម​បន្ទាប់​មក​អ្នក​ប្រើ​ប្រាស់​បាន​ OnePlus 3​ប្រើ​ក្នុង​ដៃ​រួច”។

នៅ​ចាំ​បាន​ថា​​ពេល​ដែល​ OnePlus 3 បង្ហាញ​រូបរាង​លើក​ដំបូង​មាន​មតិ​ជា​ច្រើន​រិះ​គន់​ថា​ការ​រចនា​រូប​រាង​របស់​ស្មាតហ្វូន​នេះ​គឺ​ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ចំណុច​ខ្លឹមៗ​នៃ​​រូបរាង HTC 10 និង Samsung Galaxy S6។ ប៉ុន្តែ​រឿង​រ៉ាវ​នេះ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​បន្ទាប់​ពី​​​មនុស្ស​ជា​ច្រើន​បាន​ប្រើ​ប្រាស់​ OnePlus 3 រួច ហើយ​ថែម​សរសើរ​ពី​លក្ខណៈ​សម្បត្តិ​ដ៏​ខ្លាំង​របស់​ស្មាតហ្វូន​នេះ​ទៀត​ផង។

ដោយ​ឡែក​ចំពោះ​ OnePlus 5 នេះ​វិញ​ដែល​​មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា​មាន​រូបរាង​ស្រដៀង​នឹង iPhone 7 ស្ទើរ​បេះ​ដាក់​នោះ មិន​ដឹង​ថា​មតិ​ទាំង​នេះ​​អាច​នឹង​ស្ងប់​ស្ងាត់​​​ទៅ​វិញ​បន្ទាប់​ពី​​ស្មាតហ្វូន​នេះ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ឬ​យ៉ាងណា​ទេ៕​​​​

ចុចអាន៖

​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី