ស្ងាត់​ៗ Vivo មាន​បច្ចេកវិទ្យា​នេះ​ប្រើ​មុន​ Apple និង Samsung ទៀត​​​​​

  • 2017-06-16 03:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជា​ច្រើន​ខែ​កន្លង​មក​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​បាន​អះអាង​ថា​ Apple នឹង​​ប្រកាស​ចេញ​ iPhone 8 ដែល​មាន​បំពាក់​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​ក្រោម​ផ្ទៃ​អេក្រង់។ ចំណែក​ឯ​ Samsung វិញ​ក៏​មាន​ការ​រំពឹង​ថា​នឹង​ប្រើ​មុខងារ​នេះ​លើ Galaxy Note 8 ដែរ ប៉ុន្តែ​មាន​ការ​បញ្ជាក់​ពី​មន្ត្រី​ផ្លូវ​ការ​ថា​មុខងារ​នេះ​មិន​ទាន់​ផលិត​បាន​សម្រេច​នៅ​ឡើយ​ទេ ហេតុ​នេះ​នឹង​​​មិន​អាច​បំពាក់​លើ​ Galaxy Note 8 បាន​ឡើយ។

រូបរាង Render នៃ iPhone 8

ងាក​ចេញ​ពី​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​ មក​មើល​ដំណឹង​ថ្មី​មាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន​ឯណេះ​វិញ ​ប្រសិន​បើ​ជា​ដំណឹង​ពិត​នោះ​មាន​ន័យ​ថា​​ក្រុមហ៊ុន​ Vivo ហាក់​បាន​ដើរ​មុន Apple និង Samsung មួយ​ជំហាន​ទៅ​ហើយ។ កន្លង​មក ​ក្រុមហ៊ុន​ Vivo​ក៏​បាន​សិក្សា​លើ​ការ​បង្កើត​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​បង្កប់​ក្រោម​អេក្រង់​នេះ​ដែរ។ នេះ​បើ​ផ្អែក​តាម​រូបភាព​លេច​​ធ្លាយ​ខាង​ក្រោម ដែល​ថត​ចេញ​ពី​វីដេអូ​ទើប​ចេញ​ផ្សាយ​ថ្ងៃ​នេះ​លើ​បណ្ដាញ​សង្គម​ចិន Weibo។

អ្នក​វិភាគ​ល្បី​ឈ្មោះ​ Pan Jiutang ​គឺ​ជា​អ្នក​ដែល​បាន​បង្ហោះ​វីដេអូ​​បង្ហាញ​ពី​ស្មាតហ្វូន​ Vivo មាន​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​ក្រោម​អេក្រង់​នេះ។ តាម​រយៈ​វីដេអូ​​ឃើញ​ថា​ស្មាតហ្វូន​ Vivo ដែល​មាន​រាង​ស្រដៀង Vivo Xplay 6 នេះ អាច​ដោះ​សោ​ដោយ​ស្វ័យប្រវត្តិ​ដោយ​គ្រាន់​តែ​យក​ម្រាម​ដៃ​ប៉ះ​លើ​អេក្រង់ មិន​បាច់​ចុច​ប៊ូតុង​អ្វី​នោះ​ទេ។ Pan Jiutang ជឿ​ថា​ Vivo នឹង​ជា​ក្រុមហ៊ុន​ដែល​មាន​បច្ចេកវិទ្យា​នេះ​ប្រើ​ដំបូង​គេ ហើយ​បន្ត​មក​ទៀត​ទំនង​ជា Apple និង​តាម​ពី​ក្រោយ​ដោយ Samsung។​

នេះ​ជា​លីង​វីដេអូ http://t.cn/RSeFILT ប៉ុន្តែ​ដើម្បី​ទស្សនា​បាន​ទាល់​តែ​ Log In គណនី​ Weibo ជា​មុន​សិន។

រំលឹក​ថា​កន្លង​មក​ Vivo ក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​អេក្រង់​កម្រិត 2560x1440 ភីកសែល, ប្រកាស​ចេញ​ស្មាតហ្វូន​កម្រាស់​​តិច​ជាង ៥ ម.ម, ស្មាតហ្វូន​ RAM ទំហំ 6 GB និង ជា​ក្រុមហ៊ុន​ដែល​ប្រកាស​ចេញ​ស្មាតហ្វូន​​មាន​កាមេរ៉ា​ខាង​មុខ​​ភ្លោះ​ មុន​គេ​ផង​ដែរ៕

​​​​​​ចុចអាន៖

ប្រភព៖ GSMarena | gizmochina   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម