គម្រោង​ផ្សារ​បណ្ដែត​ទឹក​ នឹង​រចនា​លំនាំ​តាម​សម័យ​បន្ទាយ​លង្វែក​​

  • 2017-06-20 03:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាងសង់​ផ្សារ​បណ្ដែត​ទឹក​ ដែល​ល្បី​តៗ​គ្នា​ថា​នឹង​លេច​រូប​រាង​នៅ​តំបន់​វិហារ​សួគ៌​ ​ខេត្ត​កណ្ដាល​ នឹង​យកលំនាំ​រចនាបថ​ដូច​បន្ទាយ​លង្វែក​សម័យ​បុរាណ។ នេះ​បើ​តាម​ លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន​ Sky land​។

លោក​ឧកញ៉ា ស្រី ចាន់ថន​ បាន​ប្រាប់ Sabay តាម​រយៈ​ទូរសព្ទ​ថា គម្រោង​ផ្សារ​បណ្ដែត​ទឹក នឹង​សាង​សង់​ដូច​លំនាំ​បន្ទាយ​លង្វែក​សម័យ​បុរាណ។ លោក​ថា ​ដោយ​សារ​តែ​ផ្សារ​នេះ​ជា​ផ្សារ​ទឹក​ដំបូង​នៅ​កម្ពុជា ​យើង​ក៏​សម្រេច​ជ្រើស​រើស​ការ​រចនា​ម៉ូត​បន្ទាយ​លង្វែក​ដែល​ជា​ម៉ូត​ខ្មែរ។

លោក​រំពឹង​ថា​ រចនា​បទ​ផ្សារ​បណ្ដែត​ទឹក​ដែល​យក​លំនាំ​តាម​សម័យ​លង្វែក​ នឹង​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែម​ទៀត។​

រូបថត​យកពីហ្វេសបុកផេក Sky Land

អគ្គនាយក​ក្រុមហ៊ុន​ខាងលើ បាន​ឲ្យដឹង​ថា ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ដាក់​ផែន​ការ​មេ​នៃ​ការ​អភិវឌ្ឍ​ផ្សារ​បណ្ដែត​ទឹក​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​មុន​នឹង​ចាប់​ផ្ដើម​ការ​សាងសង់​។ ​ដោយ​គម្រោង​ផ្សារ​បណ្ដែត​ទឹក​នេះ​ មាន​ទំហំ​ប្រហែល​៥០​ហិកតារ ​ដែល​សាងសង់​នៅ​ដី និង​ក្នុង​ទឹក​ស្ថិត​នៅ​ក្នុង​ឃុំ​វិហារ​សួគ៌ ខេត្ត​កណ្ដាល​។

លោក​បន្ត​ថា យើង​មាន​ទីតាំង​អំណោយ​ផល​ជាប់​នឹង​ទន្លេ​មេគង្គ​ដែល​កាន់​តែ​ងាយ​ស្រួល​ នៃ​ចរន្ត​ផ្លូវទឹក។​ ​លោក​ថា​ ពេល​ផ្សារ​នេះ​ត្រូវ​បាន​សាងសង់​រួចរាល់ វា​នឹង​មិន​គ្រាន់​តែ​ជា​ទីផ្សារ​សម្រាប់​កសិផល​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នេះ​ទេ ប៉ុន្តែ​វា​ក៏​សម្រាប់​គោល​ដៅ​ទេសចរណ៍​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​ ពេល​នេះ​យើង​កំពុង​រង់ចាំ​កិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា ពិសេស​ក្រសួង​ទេសចរណ៍​ដើម្បី​ស្វែងរក​ការ​គាំទ្រ ដោយ​សារ​តែ​ផែនការ​មេ​នេះ​នឹង​បម្រើ​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​»​។ យ៉ាង​ណា​មិញ ទំហំ​វិនិយោគ​លើ​គម្រោង​សាង​សង់​ផ្សារ​បណ្ដែត​ទឹក​ទាំងមូល​ ​ប្រមាណ​ជា ៥​លាន​ដុល្លារ​អាមេរិក​។ ​លោក ​ស្រី ​ចាន់ថន ​បញ្ជាក់៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម