ចេះ​១១​ក្បាច់​មេ​គុន​កែង​របស់​ល្បុក្កតោ​​នេះ​ ធានា​​អាច​ការពារ​​ខ្លួន​បាន

  • 2017-07-01 00:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គម្ពីរ​ក្បាច់​គុន​បុរាណ​ខ្មែរ​«ល្បុក្កតោ»​ត្រូវ​បាន​​សម្ពោធ​ជា​ផ្លូវ​ការ​នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០១៧​នេះ​នៅ​ទី​ស្នាក់​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ១១​ក្បាច់​នេះ​ Sabay ​បាន​ដក​ស្រង់​ចេញ​ជំពូក​ទី​៦ នៃ​​សៀវភៅ​គម្ពីរ​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ដែល​ត្រៀម​ចេញ​លក់​និយាយ​អំពី​មេគុន​កែង។

១​-​​កែង​រុញ​ស្រប​៖ ចលនា​នេះ​​គឺ​ឃុំ​ជំហរ​ខ្ពស់​ ជើង​ឆ្វេង​នៅ​ពី​មុខ​ ហើយ​យក​ដៃ​ឆ្វេង​រុញ​កែង​ពុះ​ត្រង់​ទៅ​មុខ (ស្រប)។ ២-​កែង​រុញ​ខ្វែង​ ចលនា​​ឈរ​ដូច​គ្នា​​ជើង​ឆ្វេង​ទៅ​មុខ​ ហើយ​យក​កែង​ស្ដាំ​រុញ​បុក​ទៅ​​ចំហៀង​ខាង​ឆ្វេង​(ខ្វែង)។ ៣-​កែង​ខោក​៖ ចលនា​កែង​ខោក​​ឈរ​ជំហរ​ខ្ពស់​ ដាក់​កែង​ដៃ​ទាំង​ពីរ​បញ្ឈរ​ពី​មុខ​ត្រង់។ ៤-​កែង​គាស់៖ ចលនា​នេះ​ត្រូវ​លើក​កែង​ដៃ​​ ពី​ក្រោម​ឡើង​លើ​ត្រង់​ ដាក់​​ក្បែរ​​គុម្ពត្រចៀក​ (ឆ្វេង,​ស្ដាំ)

៥-​​កែង​អុក​ចុះ៖ ចលនា​នេះ​ត្រូវ​លើក​ដៃ​ឡើង​លើ​ឲ្យ​ខ្ពស់​លា​បាតដៃ​​ចេញ​ទៅ​ក្រៅ​ បន្ទាប់​មក​ដាក់​កែង​ដៃ​អុក​ចុះ​ នៅ​ពេល​ជា​មួយ​គ្នា​នោះ​ក្ដាប់​ដៃ​ភ្លាម​ឲ្យ​ស្រប​ពេល​ទៅ​ដល់​ចំណុច​គោលដៅ​។ ៦-​កែង​បុក​ទៅ​ក្រោយ​ត្រង់៖ ចលនា​នេះ​ត្រូវ​ឈរ​ឱន​​បន្តិច​ ហើយ​ដាក់​ដៃ​ទាំង​ពីរ​ទៅ​​មុខ​ត្រង់ លា​បាតដៃ​កុំ​ឲ្យ​ប្រឹង​ នៅ​ពេល​អុក​កែង​ទៅ​ក្រោយ​ទើប​​ប្រឹង​ឲ្យ​រឹង​ចម្ងាយ​ ១០​សង់ទីម៉ែត្រ​ពី​គោលដៅ​។ ៧-​កែង​គាស់​ត្រង់​៖ ចលនា​នេះ​ត្រូវ​ឈរ​ជំហរ​ខ្ពស់​ឱន​​បន្តិច​ បែរ​ទៅ​ខាង​ឆ្វេង​ ទើប​យក​កែង​ដៃ​ស្ដាំ​គាស់​ឡើង​លើ​ត្រង់​ បែរ​បាតដៃ​ចេញ​ក្រៅ។ ដៃ​ម្ខាង​ទៀត​ឃុំ​បិទ​។ ៨-​​កែង​អុក​ចំហៀង​៖ ចលនា​នេះ​ត្រូវ​ឈរ​ជំហរ​ខ្ពស់​លើក​កែង​ដៃ​ឆ្វេង​ឲ្យ​ស្មើ​​ស្មា​​លា​បាត​ដៃ​​ បន្ទាប់​រុញ​​កែង​ដៃ​ទៅ​ខាង​ឆ្វេង​ ហើយ​ផ្អៀង​ខ្លួន​ទៅ​ជា​មួយ​។

៩-​កែង​សក​៖ ចលនា​នេះ​ត្រូវ​បត់​ដៃ​ឲ្យ​ស្មើ​ស្មា​ ហើយ​យក​កែង​អុក​សក​ទៅ​ក្រោយ​ស្មើ​ស្មា។ ១០-​កែង​សក​ពុះ​៖ ​ចលនា​នេះ​ត្រូវ​លើក​ដៃ​ឡើង​លើ​ត្រង់​ ឲ្យ​ខ្ពស់​ជាង​ក្បាល​ ហើយ​បែរ​ខ្លួន​មក​ស្ដាំ​​ទើប​អុក​កែង​ចុះ​ត្រង់​ឲ្យ​ខ្លាំង។ ១១-​កែង​ថ្ពក់​៖ ​ចលនា​នេះ​ត្រូវ​​វាយ​កែង​ចំហៀង​ពី​មុខ​។ ​ជា​​​ចលនា​វាយ​កែង​ថ្ពក់​ត្រូវ​យក​ម្រាម​ដៃ​ឆ្វេង​ថ្ពក់​នឹង​ម្រាម​ដៃ​ស្ដាំ​លើក​ក្រោម។ ម្រាម​ដៃ​ដែល​នៅ​ក្រោម​ សម្រាប់​​ទាញ​យក​ល្បឿន​ និង​ជួយ​បន្ថែម​កម្លាំង​។ បន្ទាប់​មក​បោះ​ជើង​ស្ដាំ​ទៅ​មុខ​ទើប​ធាក់​ជើង​ឆ្វេង​លោត​ទៅ​មុខ​ ហើយ​យក​កែង​ដៃ​ស្ដាំ​វាយ​កែង​ពុះ​ចុះ​ក្រោម​ត្រង់។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី