កំពូល​អ្នក​មាន​ដាច់​គេ​នៅ​វៀតណាម កើន​ទ្រព្យ​រាប់​រយ​លាន​ដុល្លារ​ក្នុង​ពេល ៣ឆ្នាំ

  • 2017-07-03 03:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ឆ្នាំ​២០១៤ មាន​ទ្រព្យ ១,៦​ប៊ីលាន​ដុល្លារ
  • ឆ្នាំ២០១៧ កើន​ទ្រព្យ​ដល់ ២,៤​ប៊ីលាន​ដុល្លារ
  • ប្រភព​ចំណូល​បាន​ពី​ក្រុមហ៊ុន​អចលនទ្រព្យ និង​ជំនួញ​ជា​ច្រើន​ទៀត

នៅ​ក្នុង​តំបន់​អាស៊ាន មាន​មហាសេដ្ឋី​ទឹក​ប្រាក់​ប៊ី​លាន​ដុល្លារ​ដល់​ទៅ​ជាង ១០០​នាក់ ក្នុង​ប្រទេស​ចំនួន៦។ ចំនួន​នេះ​គឺ​រាប់​តែ​បុគ្គល និង​ក្រុម​គ្រួសារ​ណា​ដែល​មាន​ទឹក​ប្រាក់​ចាប់​ពី ១​ប៊ីលាន​ដុល្លារ​ឡើង​ទៅ​ប៉ុណ្ណោះ។ ចំណែក​ប្រទេស​វៀតណាម​វិញ មាន​មហាសេដ្ឋី ២​រូប ហើយ​លោក Pham Nhat Vuong គឺ​ជា​អ្នក​មាន​ដាច់​គេ ដែល​កើន​ទ្រព្យ​សម្បត្តិ ៨០០​លាន​ដុល្លារ ក្នុង​រយៈ​ពេល ៣​ឆ្នាំ។

កាល​ពី​ឆ្នាំ​២០១៤ វៀតណាម​បាន​លេច​មុខ​លើ​បញ្ជី Forbes លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ តាម​រយៈ មហាសេដ្ឋី​អចលនទ្រព្យ Pham Nhat Vuong ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប ១,៦​ប៊ីលាន​ដុល្លារ។ យ៉ាង​ណា​ក្ដី ទ្រព្យ​សម្បត្តិ​របស់​ជើង​ខ្លាំង​ខាង​ជំនួញ​រូប​នេះ បាន​កើន​ដល់ ២,៤​ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។

លោក Pham Nhat Vuong មាន​អាយុ ៤៨ឆ្នាំ មាន​កូន ៣​នាក់ កំពុង​រស់​នៅ​ទីក្រុង​ហាណូយ។ ប្រភព​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ក្រាល់​ក្រែល​របស់​លោក ​ទទួល​បាន​មក​ពី​ក្រុមហ៊ុន​អចលនទ្រព្យ និង​ជំនួញ​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​មាន​ដាច់​គេ​នៅ​វៀតណាម។ ចំពោះ​ចំណាត់​ថ្នាក់​សកល លោក​ឈរ​នៅ​លេខ​រៀង​ទី ៨៦៧​ ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង​អស់។ ​​

លោក Pham Nhat Vuong គឺ​ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Vingroup ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ទៀត។ ក្រុមហ៊ុន​នេះ​ទទួល​បាន​ចំណូល​ពី​ការ​លក់​ផ្ទះ ខុនដូរ ហើយ​បន្ទាប់​មក​ក៏​វិនិយោគ​លើ​ផ្នែក​ជា​ច្រើន​ទៀត​ដូច​ជា កន្លែង​បោះ​ទំនិញ កសិកម្ម ការ​អប់រំ និង​ផ្នែក​សុខភាព។

ចំពោះ​ជំនួញ​លើ​ហាង​លក់​ទំនិញ Vinmart និង Vinmart+ ពេល​នេះ​កំពុង​រីក​ជា​លំដាប់​រហូត​កើន​ដល់​ជាង ១០០០​សាខា និង​ផ្សារ​ទំនើប ៣១​កន្លែង​ទៀត។ ចំណែក​ក្រុមហ៊ុន Vinpearl បាន​ដំណើរ​ការ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ ជា​ច្រើន ដែល​មាន​ជាង ៥០០០​បន្ទប់ ទូ​ទាំង​ប្រទេស​វៀតណាម។ គម្រោង​ធំ​បំផុត​គឺ Vinhomes Central Park ដែល​មាន​តម្លៃ ១,៥​ប៊ីលាន​ដុល្លារ រំលេច​ដោយ​អគារ​កម្ពស់ ៨១​ជាន់ ព្រម​ទាំង​អគារ​ជា​ច្រើន​ទៀត។ លោក Pham Nhat Vuong នៅ​មាន​ជំនួញ​ច្រើន​ទៀត​ក្នុង​ដៃ ដែល​ធ្វើ​ឲ្យ​លោក​កើន​ទ្រព្យ​រាប់​រយ​លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ ក្នុង​នាម​ជា​អ្នក​មាន​បំផុត​នៅ​វៀតណាម។

ប្រទេស ៤​ទៀត រួម​មាន​​កម្ពុជា ឡាវ ប្រ៊ុយណេ និង​មីយ៉ាន់ម៉ា នៅ​តែ​គ្មាន​វត្តមាន​ក្នុង​ចំណោម​មហាសេដ្ឋី​ទឹក​ប្រាក់​ប៊ីលាន​ដុល្លារ​របស់​ទស្សនាវដ្ដី Forbes ដដែល។ ចំពោះ​ចំណាត់​ថ្នាក់​លេខ​១ ឆ្នាំ​២០១៧ ​នេះ នៅ​តែ​ជា​ប្រធាន​ក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates ដោយ​លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប ៨៦​ប៊ីលាន​ដុល្លារ៕

ចុចអាន​អត្ថបទ៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម