សៀវ​ ង៉ុយ ខ្ចី​លុយ​គេ​ 250$​ ព្យាបាល​កូន​ស្រី​ដែល​បាក់ជើង​ពេល​គ្រោះ​ថ្នាក់​ចរាចរណ៍

  • 2017-07-03 07:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​ សៀវ​ ងុយ​ ដាច់​ចិត្ត​ខ្ចី​លុយ​គេ​ 250$​ ដើម្បី​ឲ្យ​ថ្លៃ​ពេទ្យ​ ក្រោយ​ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នៅ​ផ្លូវ​​នរោត្ដម​ ម្ដុំ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នា​ពេល​កន្លង​ទៅ​នេះ។​

កីឡាករ សៀវ ង៉ុយ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី​ សួង​ ស៊ីណា​ ដែល​ជា​ប្រពន្ធ​កីឡាករ​ សៀវ​ ង៉ុយ ថាក្រោយ​ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ភ្លាម​ៗ​ អ្នក​ស្រី​សួង​ ស៊ីណា​ និង​ប្ដី​រួម​ទាំង​កូន​ស្រី​ បាន​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​របួស​បឋម​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ក្បែរ​ផ្សារ​បឹងកេងកង។​ ដោយ​សារ​របួស​កូន​ស្រី​ធ្ងន់ធ្ងរ​ អ្នក​ស្រី​ក៏​សុំ​ចេញ​ពី​ពេទ្យ​ឯកជន​នោះ​ ប៉ុន្តែ​ត្រូវ​បង់​ថ្លៃ​ព្យាបាល​ 250$​ សិន​ទើប​អាច​ចេញ​បាន​ ដូច​នេះ​អ្នកស្រី​ក៏​​ខ្ចី​លុយ​មីង​ដើម្បី​បង់​ថ្លៃ​ពេទ្យ​ ហើយ​នាំ​ប្ដី​និង​កូន​ស្រី​ចេញ​តែ​ម្ដង​។​

អ្នកស្រី​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​កូន​ស្រី​របស់​ខ្លួន​ (ង៉ុយ​ ស្រីណែត​) ដែល​របួស​បាក់​ជើង​ទាំង​សងខាង​និង​បែក​ក្បាល​ដេរ​អស់​៩ថ្នេរ​ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​​ ខណៈ​ប្ដី​របស់​ខ្លួន​បែក​ក្បាល​ដេរ​អស់​ ៤ថ្នេរ​ និង​កំពុង​​ព្យាបាល​នៅ​ផ្ទះ។​

កីឡាករ សៀវ ង៉ុយ ខៀវ

ប្រពន្ធ​អ្នក​ប្រដាល់​រូប​នេះ​ ក៏​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ និង​​អ្នក​គាំទ្រ​ប្រដាល់​ទាំង​អស់​ ឲ្យ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្រី​ផង​ ព្រោះ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​ដើម្បី​ព្យាបាល​ប្ដី​ និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ពេល​មើល​ថែ​កូន​នៅ​មន្ទីរពេទ្យ​នោះ​ឡើយ​ ទម្រាំ​ពេល​ប្ដី​ជា​ពី​របួស​និង​បាន​ឡើង​ប្រកួត​រក​ប្រាក់​វិញ​បាន។​

អ្នក​ប្រដាល់​ សៀវ​ ង៉ុយ​ ជា​ម្ចាស់​ខ្សែក្រវាត់​៣ស្ថាបត្រ​គឺ ​ខ្សែក្រវាត់​ Nagaword ​ខ្សែក្រវាត់​ សមរភូមិអ្នកប្រយុទ្ធ​ និង​ខ្សែក្រវាត់​ Skyland។​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី