ប្រើ​ទូរសព្ទ​រាល់​ថ្ងៃ តិច​មិន​ស្គាល់ GSM និង CDMA

  • 2017-07-04 01:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​បណ្ដាញ​ប្រព័ន្ធ​ទូរសព្ទ​ចល័ត​បែងចែក​ជា ២ រវាង GSM និង CDMA។ ក្នុង​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​ទូរសព្ទ​​ស្ទើរ​តែ​ទាំង​អស់​ប្រើប្រាស់​បណ្តាញ GSM សម្រាប់​ការ​​ផ្តល់​​សេវា​ទំនាក់ទំនង​ដល់​អតិថិជន។

តើ​បណ្ដាញ​ទាំង​ពីរ​ខុស​គ្នា​ដូចម្ដេច ហើយ​ប្រយោជន៍​របស់​វា​យ៉ាង​ម៉េច​ដែរ?

+អ្វី​ទៅ​ជា GSM?

GSM ឫ​ពាក្យ​ពេញ Global System for Mobile Communications ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩០ ក្នុង​ប៉ែក​អឺរ៉ុប​ដោយ​ក្រុមហ៊ុន GSMA ហើយ​ចាប់​ផ្ដើម​ល្បី​លើ​ឆាក​អន្តរជាតិ​នា​ឆ្នាំ ១៩៨៧។

GSMS ប្រើប្រាស់​ប្រមាណ ២១០ ប្រទេស ជា​ពិសេស​ក្នុង​ទ្វីប​អាស៊ី​និង​អឺរ៉ុប និង​ត្រូវ​គេ​ចាត់​ទុក​ជា​ប្រព័ន្ធ​បណ្ដាញ​ស្តង់ដារ សម្រាប់​ទំនាក់ទំនង​ជា​សកល។ មាន​ប្រេកង់​បួន​ខុសៗ​គ្នា​ដូច​ជា 900 MHz និង 1800 MHz ប្រើ​នៅ​អាស៊ី និង​អឺរ៉ុប និង 850 MHz និង 1900 MHz ប្រើ​នៅ​អាមេរិក​ខាង​ជើង​និង​ខាង​ត្បូង។

GSM ប្រើ​វ៉ារ្យង់ TDMA​​​ ដែល​បែងចែក​ជា​ក្រុម​ប្រេកង់​ក្នុង​ការ​បញ្ជូន​សម្លេង​ទៅ​ក្នុង​បណ្ដាញ​ច្រើន។

+អ្វី​ទៅ​ជា CDMA?

​CDMA ឫ​ពាក្យ​ពេញ Code Division Multiple Access បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Qualcomm Inc នៅ​ទឹកដី​អាមេរិក​នា​ឆ្នាំ ១៩៩៥ ដែល​ពេល​នោះ​ល្បី​សុះសាយ​ជា​ប្រព័ន្ធ​បណ្ដាញ​ស្តង់ដារ​អន្តរជាតិ។

មាន​ប្រេកង់ CDMA2000 និង WCDMA (តំណាង​ឱ្យ​ 3G) បច្ចុប្បន្ន​មាន​មិន​ដល់ ១៨ ភាគរយ​ទេ នៃ​អ្នក​ប្រើប្រាស់​សរុប​ដែល​ប្រើប្រាស់​ CDMA។ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​អាមេរិក​រួមមាន Verizon Wireless និង Sprint បាន​ដំណើរការ​​បណ្តាញ CDMA សម្រាប់​អតិថិជន ក៏​ដូច​ជា​ក្នុង​ប្រទេស​ផ្សេង​ទៀត​រួម​មាន​កូរ៉េខាងត្បូង​និង​រុស្សី។

ប្រិយមិត្ត​អាច​ចុច​ត្រង់​តំណ​នេះ​បាន ដើម្បី​ដឹង​ថា​ក្រុមហ៊ុន​ណា​ខ្លះ ប្រើ​បណ្ដាញ CDMA?

(https://www.cdg.org/worldwide/)

អត្ថប្រយោជន៍​នៃ​ភាព​ខុស​គ្នា?

របាយការណ៍​មួយ​បង្ហាញ​ថា អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ​ចល័ត​ក្នុង​លោក​សរុប​ មាន ៧៥ ភាគរយ ប្រើ​បណ្ដាញ GSM និង ២៥ ភាគរយ ប្រើ​បណ្ដាញ CDMA។ នេះ​មិន​មែន​ជា​ការ​កំណត់​របស់​អ្នក​ប្រើប្រាស់​ឡើយ ផ្ទុយ​ទៅ​វិញ​ជា​ការ​សម្រប​ទៅ​តាម​ក្រុមហ៊ុន​នៃ​ប្រព័ន្ធ​ទូរសព្ទ​នីមួយៗ។​ និយាយ​ពី​គុណភាព​នៃ​ការ​បញ្ជូន​សម្លេង​តាម​រលក​វិទ្យុ​សកម្ម បណ្តាញ GSM អាច​ធ្វើ​បាន​ល្អ​ជាង CDMA ព្រោះ​ទំហំ​ប្រេកង់​របស់ CDMA ភាគ​ច្រើន​ ប្រើ​ត្រឹម 850 MHz (1900 MHz មាន​ប្រើ​តិច​បំផុត) ចំណែក​ឯ​ស្តង់ដារ​ទំហំ​របស់ GSM រួម​មាន 850/900/1800/1900 MHz។

បើ​យើង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ហើយ​ភ្ជាប់​សេវា Roaming ភាគ​ច្រើន​អាច​ប្រើប្រាស់​បាន​តាម​បណ្តា​ប្រទេស​សឹង​ជុំវិញ​ពិភពលោក ព្រោះ​ក្រុមហ៊ុន​នៅ​តំបន់​ទាំង​នោះ​ច្រើន​ត​បណ្ដាញ GSM ខណៈ CDMA គឺ​មាន​ភាគ​តិច​​បំផុត។ ទៀត​សោត​ក្រុមហ៊ុន​ដែល​ត​បណ្តាញ CDMA រមែង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ប្រើប្រាស់​សេរី​ទូទាំង​ពិភពលោក​នោះ​ទេ។

ក្រៅ​ពី​នោះ​សម្រាប់​ការ​ដោះដូរ​ស៊ីម បើ​អ្នក​ប្រើ​បណ្ដាញ GSM អាច​ធ្វើ​ការ​គ្រប់គ្រង​ដោះដូរ​ស៊ីម​តាម​តំបន់​បាន ប៉ុន្តែ CDMA គឺ​មិន​អនុញ្ញាត​ឡើយ ដោយ​អាច​ប្រើ​បាន​ត្រឹម​តែ​ក្នុង​ស្រុក​ប៉ុណ្ណោះ។ (កុំ​ច្រឡំ​ជាមួយ​ទូរសព្ទ Lock និង Unlock)

​​​​សរុប​រួម:

សរុប​ជា​ន័យ​រួម​​យោង​តាម​គេហទំព័រ​ជា​ច្រើន ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​ជ្រើសរើស​យក​បណ្ដាញ GSM ពី​ព្រោះ​វា​ងាយ​ស្រួល និង​អាច​ប្រើ​បាន​នៅ​ច្រើន​តំបន់​ទូទាំង​ពិភពលោក៕

បន្ត​ចុច​អាន៖

ប្រភព៖ Androidauthority | diffen | telecomtalk | pcmag   ប្រែសម្រួល៖ កៅ រក្សា