ដឹង​ពី​ទ្រព្យ​សម្បត្តិ​គូ​ស្នេហ៍ Song Joong Ki និង​ Song Hye Kyo ទើប​ភ្ញាក់​

  • 2017-07-05 05:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​មួយ​គូ​នេះ​មិន​ត្រឹម​តែ​មាន​ទេព​កោសល្យ​និង​មាន​សម្រស់​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ។

ថ្មីៗ​នេះ​ព័ត៌មាន​ដែល​ថា​អ្នក​ទាំង​ពីរ​នឹង​ចូល​រោង​ការ​នៅ​ខែ​តុលា​ទើប​តែ​លេច​ឡើង​​​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​។ ទាំង​ Song Hye Kyo និង Song Joong Ki គឺ​សុទ្ធ​តែ​ជា​កំពូល​តារា​សម្ដែង​ប្រចាំ​ប្រទេស​កូរ៉េ​ និង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​គូ​ស្នេហ៍ ដែល​សម​ស្រប​ទាំង​រូប​សម្រស់​និង​ទ្រព្យ​សម្បត្តិ។

តើ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ពីរ​មាន​អ្វី​ខ្លះ?

Song Hye Kyo

នៅ​ឆ្នាំ​​ ២០១៣ Song Hye Kyo ទទួល​បាន​​ប្រាក់ ៩៦០លាន​វុន​សម្រាប់​ថ្លៃ​ថត​រឿង​ចំនួន​ ១៦​ ភាគ។ នៅ​ឆ្នាំ ២០១៥ នាង​បាន​ទទួល​បាន​ប្រាក់​ខ្ទង់ ៥០០​ទៅ៦០០​លាន​វុន​ សម្រាប់​ថ្លៃ​ឈ្នួល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ។

នៅ​ចុង​ឆ្នាំ ២០១៥ Song Hye Kyo មិន​សូវ​សកម្ម​នៅ​ប្រទេស​កូរ៉េ​ប៉ុន្មាន​ទេ ប៉ុន្តែ​រវល់​ខ្លាំង​នៅ​ប្រទេស​ចិន​វិញ។ តារា​រយៈ​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល នាង​អាច​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ច្រើន​នៅ​ប្រទេស​ចិន​ ក្នុង​នោះ​នាង​ធ្លាប់​ត្រូវ​គេ​រិះ​គន់​ទៀត​ផង​ចំពោះ​បញ្ហា​គេច​ពន្ធ​ផ្សេងៗ​ដែល​ទាក់​ទង។ ចំនួន​ទឹក​ប្រាក់​ដែល​តារា​រូប​នេះ​រក​បាន​គឺ​មិន​មែន​ត្រឹម​តែ​តាម​រយៈ​ការ​ថត​និង​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នាង​ក៏​បាន​វិនិយោគ​ទៀត​ផង។ នាង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ "ម្ចាស់ក្សត្រី​អចលន​ទ្រព្យ" ដោយ​សារ​តែ​ជំនួញ​វិស័យ​នេះ​ជា​ច្រើន​ដែល​នាង​បាន​កាន់។ អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​បាន​សរសើរ​ Song Hye Kyo ថា​ជា​មនុស្ស​ម្នាក់​ដែល​គិត​រហ័ស​នៅ​ក្នុង​ការ​វិនិយោគ​ផ្ទះ។ តារា​ស្រី​រូប​នេះ​តែង​តែ​ដាក់​គោល​ដៅ​ចំពោះ​វិឡា​ដែល​នៅ​កែង​ផ្លូវ​ ដែល​អាច​មាន​តម្លៃ​ថ្លៃ​រហូត​ដល់​ទៅ ១ប៊ីលាន​វុន​ឯណោះ​ជា​មធ្យម។

វិឡា​​នៅ​ប្រទេស​កូរ៉េ​របស់ Song Hye Kyo
អាផាត​មិន​របស់​ Song Hye Kyo ដែល​មាន​ទី​តាំង​នៅ​ទី​ក្រុង​ New York សហរដ្ឋអាមេរិក​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថ្មី​ៗ​​នេះ​​ Song Hye Kyo បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​អលង្ការ​ និង​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ជា​ច្រើន​ដែល​សុទ្ធ​តែ​មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ។ បើ​ប្រៀប​ធៀប​តម្លៃ​ខ្លួន​របស់​នាង​ពេល​នេះ​ជាមួយ​នឹង​ឆ្នាំ​២០១៥ តម្លៃ​ខ្លួន​នាង​គឺ​កើន​ឡើង​ដល់​ទៅ​ជាង​១០​ដង​ឯ​ណោះ។

Song Joong Ki

ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​បន្ទាប់​ពី​ចូល​រួម​សម្ដែង​ក្នុង​រឿង "Descendant of the Sun” តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​តារា​សម្ដែង​លំដាប់​កំពូល (A-List) ប្រចាំ​ប្រទេស​កូរ៉េ​ដែល​មាន​សមត្ថភាព​អាច​រក​ចំណូល​បាន​យ៉ាង​សន្ធឹក​សន្ធាប់។

បន្ទាប់​ពី​ថត​រឿង​ភាគ​ខ្លះ​ៗ​ដូច​ជា​ "Sungkyunkwan's Love Story”, “Nice Guy” លោក Song Joong Ki មិន​ទាន់​អាច​ទៅ​ដល់​កម្រិត​របស់​តារា​សម្ដែង Hyun Bin, Won Bin, និង Bae Yong Joon នៅ​ឡើយ​ទេ​ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ ២០១៤​ តារា​រូប​នេះ​អាច​ចំណូល​បាន​ដល់​ទៅ ៥០០លានវុន​ ដែល​នេះ​គឺ​ជា​កម្រិត​ខ្ពស់​រួច​ទៅ​ហើយ។

​​​បន្ទាប់​ពី​បាន​ត្រូវ​គេ​ចាប់​អារម្មណ៍​ច្រើន​ Song Joong Ki ត្រូវ​បាន​ក្រុម​ហ៊ុន​ផលិត​ផល​ជា​ច្រើន​ទាក់​ទង​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​ដូច​ជា​ក្រុមហ៊ុន​សំលៀក​បំពាក់​កីឡា​ ទូរស័ព្ទ​ គ្រឿង​សំអាង​ជាដើម​​ដែល​អាច​ឲ្យ​រក​ប្រាក់​ចំណូល​បាន​ខ្ទង់ ៥០​ម៉ឺន​ដុល្លារ​សម្រាប់​កុង​ត្រា​ផ្សព្វផ្សាយ​នីមួយ​។ បន្ទាប់​ពី​តារា​រូប​នេះ​ល្បី​ឈ្មោះ​ខ្លាំង​តាម​រយៈ​រឿង "Descendant of the Sun” តម្លៃ​ខ្លួន​របស់​លោក​គឺ​កើន​ឡើង​៣​ទៅ​៤​ដង​ឯ​ណោះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Song Joong Ki ត្រូវ​បាន​ក្រុម​ហ៊ុន​ល្បី​ៗ​ជា​ច្រើន​នៅ​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន​ឲ្យ​ផ្សព្វផ្សាយ​ផលិត​ផល​មិន​ឈប់​ឈរ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្លៃ​ខ្លួន​លោក​ថ្លៃ​ជាង​តារា​ល្បី​ៗ​ដូច​ជា​ Kim Soo Hyun និង Lee Min Ho​ទៀត​ផង ដែល​ធ្វើ​ឲ្យ​ Song Joong Ki ក្លាយ​ជា​តារា​កូរ៉េ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​ទូ​ទាំង​ពិភព​លោក។​

គិត​ត្រឹម​ពេល​ដែល​លោក​បញ្ចប់​ថត​រឿង​ "Descendant of the Sun” ថ្លៃ​ខ្លួន​របស់​លោក​កើន​ឡើង​ដល់​ទៅ​ជិត​១០​ដង​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៤។ ហេតុ​ដូច្នេះ​ហើយ​មិន​ខុស​ពី Song Hye Kyo លោក​ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​វិស័យ​អចលន​ទ្រព្យ ដោយ​​ទិញ​បាន​ផ្ទះ​យ៉ាង​ច្រើន​ជា​បន្ត​បន្ទាប់ ហើយ​ថ្មី​នេះ​លោក​ទើប​តែ​ទិញ​បាន​ផ្ទះ​លំដាប់​កំពូល​​នៅ​ទីក្រុង​ Seoul មាន​តម្លៃ​ដល់​ទៅ ២.៥​កោដ្ឋ​វុន​៕

វិឡា​របស់​ Song Joong Ki ដែល​មាន​ទី​តាំង​នៅ​សេអ៊ូល

ចុ​ចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី