4K,HDR និង 3D Touch តិច​ថា​មិន​ស្គាល់

  • 2017-07-06 02:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សប្ដាហ៍​នេះ Sabay សូម​បន្ត​​ចែករំលែក​ពាក្យ​បច្ចេកទេស​ថ្មីៗមួយ​ចំនួន​ទៀត​ពី iPhone ដូច​ជា 4K, HDR និង 3D Touch តើ​វា​មាន​ន័យ​អ្វី​យ៉ាង​ណា​សម្រាប់ការ​ប្រើប្រាស់​​លើ iPhone?

+4K

និយាយ​ពី 4K អ្នក​ប្រើ iPhone ប្រាកដ​ជា​នឹក​ដល់​ការ​ថត​វីដេអូ​លើ​ទូរសព្ទ​ខ្លួន។ ជា​ខ្នាត​គុណភាព​នៃ​រូបភាព​ដែល​បង្ហាញ​ពី​អេក្រង់​នៃ​ឧបករណ៍​ណា​មួយ។​ កម្រិត​ស្តង់ដារ​របស់​វា​គឺ ៤,០៩៦ x ២,១៦០ ភីកសែល។

បើ​យើង​ផ្ដោត​ទៅ​លើ​ទូរសព្ទ iPhone ការ​ថត​វីដេអូ​កម្រិត 4K គឺ​មាន​ចាប់​ពី​ទូរសព្ទ iPhone 6s ឡើង​ទៅ ដោយ​ស៊ី​អង្គ​ផ្ទុក​នៃ​ការ​ថត​ទំហំ 375MB ក្នុង​មួយ​នាទី ហើយ​គេ​បាន​បញ្ជាក់​ថា iPhone ទំហំ 16GB អាច​ថត​វីដេអូ​ 4K បាន​ ៤០ នាទី ប៉ុណ្ណោះ​ ហើយ​ទំហំ 128GB អាច​ថត​បាន​ប្រហែល ៦ ម៉ោង​នៃ​វីដេអូ​កម្រិត​នោះ។

+HDR

HDR ជា​ការ​កំណត់​ Settings មួយ​នៃ​កម្មវិធី​កាមេរ៉ា​របស់ iPhone ហើយ​ពាក្យ​ពេញ​របស់​វា​គឺ High Dynamic Range។ អាច​ជួយ​ឱ្យ​ការ​ផ្ដិត​យក​រូបភាព​មាន​ភាព​ប្រសើរ​ជាង​ការ​ផ្ដិត​ធម្មតា ជា​ពិសេស​ទៅ​តាម​ស្ថានភាព​ទីតាំង​ដូច​ជា​កន្លែង​ខ្វះ​ពន្លឺ និង​មាន​ពន្លឺ​ចាំង​ជ្រុល។

យ៉ាងណាមិញ​ក្នុង​ទីតាំង​ខ្លះ វា​ក៏​ផ្ដល់​ផល​អវិជ្ជមាន​បន្តិចបន្តួច​ផង​ដែរ បើ​យើង​បើក​មុខងារ HDR រាល់​ពេល​ថត។​​​ ក្រៅ​ពី​នោះ​បើ​អ្នក​ចង់​ថត​លើ​កម្មវត្ថុ​ដែល​មាន​លក្ខណៈ​រស់​រវើក ឫ​ថត​រូបភាព​ច្រើន​សន្លឹក​ក្នុង​ពេល​តែ​មួយ អ្នក​គួរ​តែ​បិទ​មុខងារ​ HDR ព្រោះ​វា​ធ្វើ​ឱ្យ​ការ​ផ្ដិត​យក​​មាន​លក្ខណៈ​យឺត។

ប្រភព​គេហទំព័រ​មួយ​បាន​ណែនាំ​ឱ្យ​អ្នក​ប្រើប្រាស់ iPhone បើ​ពុំ​ចាំ​បាច់​ កុំ​បើក​មុខងារ HDR នៅ​ពេល​ថត ព្រោះ​ជា​ធម្មតា​វា​ធ្វើ​ការ​ផ្ដិត​យក​រូបភាព​ច្រើន​សន្លឹក​ ដើម្បី​ចម្រាញ់​ចេញ​ជា​រូបភាព​ប្រសើរ​មួយ​ម្ល៉ោះ​ហើយ​ទំហំ​ផ្ទុក​នៃ​រូបភាព​នេះ ក៏​ស៊ី​ធំ​ជាង​រូបភាព​ធម្មតា​ផង​ដែរ។​ ​​

+3D Touch

3D Touch ជា​បច្ចេកវិទ្យា​មុខងារ​ពិសេស​ម្យ៉ាង ដែល​ផ្ដើម​មាន​នៅ​លើ iPhone 6s ឡើង​ទៅ។ រាល់​ពេល​ដែល​អ្នក​ប្រើ​ម្រាម​ដៃ​សង្កត់​ខ្លាំង​នៅ​លើ​អេក្រង់ ឫ​កម្មវិធី​ណា​មួយ នោះ​វា​នឹង​បង្ហាញ​ជម្រើស (Option) ជា​ច្រើន​ដល់​អ្នក។​

ដំណើរការ​របស់​វា ទាក់ទង​ទៅ​នឹង​ផ្នែក​គ្រឿង​បង្កប់​ក្រោម​អេក្រង់ Retina របស់ iPhone។ អាច​ចាប់​បាន​ពី​កម្លាំង​នៃ​សម្ពាធ​សង្កត់​មក​លើ​អេក្រង់។ យ៉ាងណាមិញ​វា​មិន​គាំទ្រ​ដល់​ពពួល​ថេបប្លែត iPad នោះ​ទេ ដោយ​ទោះ​បី​ជា iPad Pro 9.7/10.5 និង 12.9 ជំនាន់​ក្រោយ​ក្ដី ហើយ​សូម្បី​តែ iPhone SE ក៏​ដោយ។​

ចុច​អាន​បន្ត​

ប្រភព៖ 9to5Mac | Pocket Lint | iDownloadBlog   ប្រែសម្រួល៖ កៅ រក្សា