ប្រលងបញ្ចប់ឆ្នាំ​រួចភ្លាម រត់ទៅធ្វើ​សំណង់ភ្លែត ព្រោះ​ហេតុផលគួរ​ឲ្យរំជួលចិត្ត

  • 2017-07-06 04:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • បងប្រុស​អាយុ​ ១៩​ឆ្នាំ​ប្រលង​ចប់​ភ្លាម​ទៅ​ធ្វើ​សំណង់​រក​ប្រាក់
  • ប្អូន​ប្រុស​អាយុ ៣​ឆ្នាំ​ កើត​ជំងឺ​មហារីក​ឈាម មាន​ជីដូន​ជរា​អ្នកមើលថែ
  • រឿង​រំជួលចិត្ត​បាន​ធ្វើ​ឲ្យ​គេ​អាណិត រៃអង្គាស​ប្រាក់​ចំនួន​ជាង ៨​ម៉ឺន​ដុល្លារ

សិស្សសាលា​ជនជាតិ​ចិន​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​អាណិត​អាសូរ​ខ្លាំង ​បន្ទាប់​ពី​ដឹង​ថា​យក​ពេល​វេលា​សម្រាក​ពី​ការ​សិក្សា​តិច​តួច​ទៅ​ធ្វើ​សំណង់​រក​ប្រាក់​ដើម្បី​ព្យាបាល​ជំងឺ​ប្អូន​ប្រុស​អាយុ​ទើប ៣​ឆ្នាំ។

បងប្រុស​អាយុ​ ១៩​ឆ្នាំ រូប​នេះ​ប្រែ​ជា​សម្រក់​ទឹក​ភ្នែក​​ នៅ​ពេល​គេ​ប្រាប់​ថា ទឹក​ប្រាក់​សម្រាប់​ព្យាបាល​ជំងឺ​ប្អូន​ប្រុស​ ត្រូវ​គេ​រៃអង្គាស​បាន​គ្រប់​គ្រាន់​ហើយ​​ដោយ​សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក Ma ​ជា​សិស្ស​ថ្នាក់​វិទ្យាល័យ រស់​នៅ​ក្នុង​ភូមិ​ក្រីក្រ​មួយ​​ក្នុង​​ខេត្ត​ហ៊ូបេ ។ គ្រួសារ​របស់​គាត់​មាន​ជីវភាព​ក្រ​តោកយ៉ាក​ខ្លាំង ថែម​ទាំង​ប្អូន​ប្រុស​មាន​ជំងឺ​មហារីក​ឈាម​ថែម​ទៀត។

​រៀន​បណ្ដើរ ស៊ី​ឈ្នួល​ឲ្យ​គេ​បណ្ដើរ​ លោក​បាន​ប្ដេជ្ញា​ចិត្ត​មិន​បោះ​បង់​ប្អូន​ចោល ថែម​ទាំង​ប្ដេជ្ញា​ចិត្ត​ធ្វើ​ជា​គ្រូពេទ្យ​ឲ្យ​បាន​ ដើម្បី​ព្យាបាល​ប្អូន​​ "ខ្ញុំ​ត្រូវ​តែ​ចូល​រៀន​សាលា​ពេទ្យ​ឲ្យ​បាន ព្រោះ​​តែ​ចង់ព្យា​បាល​ជំងឺ​ប្អូន​ប្រុស​របស់​ខ្ញុំ"។ លោក​បញ្ជាក់។

លោក​ខិត​ខំ​រៀន​សូត្រ​ខ្លាំង​រហូត​បញ្ចប់​​ថ្នាក់​វិទ្យាល័យ​ លោក​ទទួល​បាន ៤៥៦​ពិន្ទុ ដែល​ជា​ចំនួន​ដ៏​ខ្ពស់​មួយ។ អ្វី​ធ្វើ​ឲ្យ​គេ​អាណិត​គ្រប់​គ្នា ​គឺ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រលង​បញ្ចប់ Ma បាន​រត់​ទៅ​ស៊ី​ឈ្នួល​ធ្វើ​កម្មករ​សំណង់​គេ​ភ្លាម ​មុន​លទ្ធ​ផល​​ប្រលង​ចេញ។

ចំណែក​ឪពុក​ម្ដាយ​របស់​គាត់​ចេញ​ទៅ​ធ្វើ​ការ​​ខាង​ក្រៅ​ផ្ទះ​បាត់​​រយៈពេល​ជាង​​មួយ​ខែ​ហើយ។ សព្វ​​ថ្ងៃ​ស្នាក់​នៅ​ជាមួយ​​ជី​ដូន​ជរា​អាយុ ៨០​ឆ្នាំ​ ដើម្បី​​មើល​ថែ​ចៅ​ប្រុស​កើត​ជំងឺ​នេះ។ Ma ​មាន​បំណង​ធ្វើ​អ្វី​ៗ​គ្រប់​បែប​​យ៉ាង​ឲ្យ​តែ​អាច​រក​​ចំណូល ដើម្បី​ទិញ​ថ្នាំ​ឲ្យ​ប្អូន។ ការ​ងារ​របស់​ Ma ដែល​គេ​ប្រទះ​ឃើញ​រាល់​ថ្ងៃ​មាន​ដូច​ជា ​លើក​​ឥដ្ឋ ​ចូក​ខ្សាច់​នៅ​ការដ្ឋាន​សំណង់​មួយ​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រមាណ ៦​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

រឿង​រ៉ាវ​ដ៏​រំជួល​ចិត្ត​របស់ Ma ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​សារព័ត៌មាន​ក្នុង​ស្រុក ធ្វើ​ឲ្យ​គេ​អាណិត​ពន់ពេក។ អត្ថបទ​នោះ​​មាន​អ្នក​ចូល​អាន​ចំនួន ៣,១​លាន​ដង ហើយ​លំហូរ​ជំនួយ​ពី​សប្បុរសជន​​បាន​កើត​មាន​ដូច​គេ​ចាក់​ទឹក។ ​ត្រឹម​រយៈពេល ២៤​ម៉ោង ​ជំនួយ​​ពី​សប្បុរសជន​​ប្រមូល​បាន ៦០​ម៉ឺន​យ័ន ឬ​ប្រមាណ ៨,៨​ម៉ឺន​ដុល្លារ​អាមេរិក។ ចំនួន​ទឹក​ប្រាក់​នេះ គ្រប់​គ្រាន់​សម្រាប់​ទូទាត់​ថ្លៃ​​​​ការ​វះកាត់​ប្ដូរ​ខួរ​ឆ្អឹង​​ខ្នង​ឲ្យ​ប្អូន​បាន។ ឆាប់​ៗ​ខាង​មុខ លោក​នឹង​យក​ប្អូន​ទៅ​ព្យាបាល​ហើយ៕

ចុចអាន៖

ប្រភព៖ Stomp   ប្រែ​សម្រួល៖ ឡេង ភារុណ