​ជ្រូក​ក្រចក​ប្រាំ​ ហាម​ចិញ្ចឹម​ដាច់​ខាត​ បើ​មិន​ចង់​បាន​បញ្ហា!

  • 2017-07-07 02:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ចិញ្ចឹមជ្រូកក្រចកប្រាំ ធ្វើ​ឱ្យ​ខាត​បង់​ទ្រព្យ​សម្បត្តិ​ ឬ​អាច​ឈាន​ដល់​អាយុ​ជីវិត

  • ពេលតា ​កែម កាត់​ច្រចកជ្រូកនេះហើយ រំលងមិនបានប៉ុន្មានផង គោគាត់​ហើមពោះ​ស្លាប់

ជ្រូក​ក្រចក​ប្រាំ​ត្រូវ​បាន​ចាស់​ៗ​ផ្ដាំ​តកូន​តចៅ​មិន​ឱ្យ​ចិញ្ចឹម​ដាច់​ខាត​ ព្រោះ​បើ​ហ៊ាន​ជម្នះ​ចង់​ចិញ្ចឹម​នោះ ​ប្រាកដ​ជា​នាំ​រឿង​មិន​ល្អ​ ឬ​កើត​ហេតុ​ភេទ​អាក្រក់​ណាមួយ ​ដល់​ក្រុម​គ្រួសារ​អ្នក​ចិញ្ចឹម​នោះ​មិន​ខាន។

បើ​តាម​ព្រឹទ្ធាចារ្យ​ អ៊ួង​ ស៊ុំ​ បាន​ប្រាប់​ថា​ ជ្រូក​ក្រចក​ប្រាំ​ពិត​ជា​ចង្រៃ​ ឬ​នាំ​សំណាង​មិន​ល្អ​ ដល់​ក្រុម​គ្រួសារ​។ កាលណា​​ប្រជាកសិករ​យក​មក​ចិញ្ចឹម​ ប្រាកដ​ជា​ធ្វើ​ឱ្យ​ខាត​បង់​ទ្រព្យ​សម្បត្តិ​ ឬ​អាច​ឈាន​ដល់​អាយុ​ជីវិត​ម្ចាស់​ផង​ក៏​មាន​ដែរ។

ព្រឹទ្ធាចារ្យ​វ័យ ​៨១ ​ឆ្នាំ​ខាង​លើ ​លើក​ឡើង​ដូច្នេះ៖ "ពិត​មែន​ចៅ​ ជ្រូក​ក្រចក​ប្រាំ​ហ្នឹង​ពិត​ជា​ចង្រៃ​មែន​ អាហ្នឹង​វា​មាន​ហេតុ​មាន​ភេទ​ធ្លាប់​ឃើញ​គេ​ហើយ​ណា។​ ចិញ្ចឹម​អត់​ដែល​បាន​សុខ​ទេ​ វា​ធ្វើ​ទុក្ខ​ម្ចាស់​ខ្លួន​ហ្នឹង​ ខាត​របស់​ក្នុង​ផ្ទះ​ខាត​ទាល់​អស់​មិន​សល់​ទេ​ បើ​មិន​ខាត​ជីវិត​មនុស្ស​ក៏​ទ្រព្យ​ក្នុង​ផ្ទះ​ដែរ"។

ជា​ឧទាហរណ៍​ជាក់​ស្ដែង​ លោក​តា​បញ្ជាក់​​ថា​ មាន​តា​ម្នាក់​ឈ្នោះ​ កែម ​បាន​ទៅ​រក​ទិញ​ជ្រូក​មក​ចិញ្ចឹម​ តែ​ចៃ​ដន្យ​​ ពេល​ចាប់​ញាត់​ជុច​មក​ដល់​ផ្ទះ​ទើប​ឃើញ​ជ្រូក​នោះ​មាន​ក្រចក​ប្រាំ​។ គាត់​ក៏​កាត់​ចោល​១​ទៅ​ ប៉ុន្តែ​រំលង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ គោ​ដែល​គាត់​ផ្ញើ​នឹង​គេ​នៅ​ទន្លេ ​ក៏​ហើម​ពោះ​ងាប់ៗ​ភ្លាមៗ​ និង​នៅ​មាន​ករណី​ជា​ច្រើន​ទៀត។

លោក​តា​បន្ថែម​ថា​ ទោះ​បី​ជា​មាន​ជ្រូក​ក្រចក​ប្រាំ​រត់​ចូល​មក​ក្នុង​ផ្ទះ​ក្ដី​ ក៏​មិន​ត្រូវ​ចិញ្ចឹម​ជា​ដាច់​ខាត​ ហើយ​ត្រូវ​នាំ​គ្នា​ដេញ​វា​ចេញ​​ ព្រោះ​ជ្រូក​នេះ​មិន​ចេះ​ងាយ​ងាប់​ផ្ដេសផ្ដាស​នោះ​ទេ។ មុន​និង​ក្រោយ​ប្រាកដ​ជា​មិន​បាន​សុខ​ បើ​នៅ​តែ​ហ៊ាន​ជម្នះ​ចិញ្ចឹម​ជ្រូក​ក្រចក​ប្រាំ​នេះ៕

អត្ថបទ៖ សូទ្រី