ចាប់ពីខែកក្កដា ផ្លាកលេខរថយន្តថ្មីមាន QR Code ចុះផ្លាកលេខចាស់ត្រូវប្ដូរឫទេ?
- 2017-07-09 04:33:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីខែកក្កដា ផ្លាកលេខរថយន្តថ្មីមាន QR Code ចុះផ្លាកលេខចាស់ត្រូវប្ដូរឫទេ?
ចន្លោះមិនឃើញ
ចាប់ពីខែកក្កដានេះទៅ គ្រប់ផ្លាកលេខរថយន្តថ្មី នឹងមានអ៊ុតភ្ជាប់ QR Code ដើម្បីបញ្ចូលព័ត៌មានយានយន្ត ងាយស្រួលក្នុងការទិញបន្ត និងការពារការក្លែងបន្លំផ្លាកលេខ។ ចំពោះផ្លាកលេខរថយន្តចាស់ មិនចាំបាច់ប្ដូរថ្មីឡើយ គឺអាចបន្តប្រើប្រាស់បាន រហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមរយៈទំព័រ Facebook ថា ផ្លាកលេខរថយន្តចាស់ មិនចាំបាច់ប្ដូរថ្មីទេ ព្រោះក្រសួងបានគិតគូរមិនចង់ឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ ក្រសួងកំពុងសិក្សាការដាក់ QR Codeនេះ លើផ្លាកលេខចាស់ដោយឥតគិតថ្លៃ។ ដូចនេះ ម្ចាស់យានយន្តទាំងអស់ អាចបន្តប្រើប្រាស់លេខចាស់ រហូតដល់មានសារាចរណែនាំ និងការជូនដំណឹងជាថ្មី។
យ៉ាងណាក្ដី ចំពោះម្ចាស់យានយន្តដែលមានផ្លាកលេខចាស់ ហើយចង់ប្ដូរថ្មី ដោយអ៊ុតភ្ជាប់ QR Code អាចស្ម័គ្រចិត្តធ្វើបាន តែត្រូវចំណាយថ្លៃសេវាផ្លូវការ ៦៥០០០រៀល។ ការប្ដូរថ្មី ត្រូវមានឯកសារភ្ជាប់ដូចជា ប័ណ្ណសម្គាល់យានយន្ត ផ្លាកលេខចាស់ និងរថយន្ត ព្រមទាំងអត្តសញ្ញាណប័ណ្ណ។
QR Code នៅលើផ្លាកលេខរថយន្តថ្មីមាន ផ្ទុកព័ត៌មានពាក់ព័ន្ធជាមួយយានយន្តដូចជា ប្រភេទរថយន្ត ប្រភេទម៉ាស៊ីន លេខសម្គាល់យានយន្ត ឆ្នាំផលិតជាដើម ។ ព័ត៌មាននៅក្នុង QR code ពុំមានបញ្ចូលអាសយដ្ឋានរបស់របស់ម្ចាស់យានយន្តនោះឡើយ។ ផ្លាកលេខរថយន្តថ្មីនេះ ជួយសម្រួលដល់ប្រជាពលរដ្ឋនៅពេលទិញយានយន្តតពីគ្នាងាយស្រួល ដើម្បីដឹងពីព័ត៌មានជុំវិញយានយន្តនោះ កុំឱ្យអ្នកលក់ចេះតែថាស៊េរីនេះស៊េរីនោះ បោកប្រាស់អ្នកទិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ០១ ខែមិថុនា កន្លងទៅ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានប្រកាសជាផ្លូវការដាក់ឱ្យប្រើប្រាស់ផ្លាកលេខមាន QR code ដើម្បីបង្ការកុំឱ្យមានករណីអ្នកធ្វើផ្លាកលេខក្លែងក្លាយបោកប្រាស់ប្រជាពលរដ្ឋ និងងាយស្រួលទិញ-លក់។ ឯកឧត្ដម បានឱ្យដឹងដែរថា ផ្លាកលេខទំនើបនេះ គឺមានតែប្រទេសកម្ពុជា ប៉ុណ្ណោះជាអ្នកបង្កើតឡើងដំបូងគេ៕
ចុចអានអត្ថបទ៖