ខ្សែអាត់វីដេអូទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ដ៏មមាញឹក មុនអាមេរិក​ទម្លាក់​គ្រាប់បែក​ខ្ទេចរាបជាផេះ

  • 2017-07-11 04:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • វីដេអូ​ថត​​ក្នុង​ឆ្នាំ ១៩៣៥ មុន​ទម្លាក់​គ្រាប់​បែក ១០​ឆ្នាំ
  • វីដេអូ​ស​ខ្មៅ ​ថត​ដោយ​អ្នក​រស់​នៅ​ទីក្រុង​ផ្ទាល់
  • សារមន្ទីរ​សន្តិភាព​ហ៊ីរ៉ូស៊ីម៉ា ទើប​បញ្ចេញ​ឲ្យ​សាធារណជន​បាន​ឃើញ

កាល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ សារមន្ទីរ​សន្តិភាព​ហ៊ីរ៉ូស៊ីម៉ា​របស់​ជប៉ុន​ បាន​ផ្សព្វ​ផ្សាយ​ខ្សែ​អាត់​វីដេអូ​ដ៏​កម្រ​បាន​ឃើញ​ស្ដី​ពី​​ទិដ្ឋភាព​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​ក្នុង​ឆ្នាំ ១៩៣៥ ​គឺ ១០​ឆ្នាំ​ មុន​​ពេល​សហរដ្ឋ​អាមេរិក​ទម្លាក់​គ្រាប់​បែក​អាតូមិច​កណ្ដាល​ក្រុង។

វីដេអូ​ខ្លី​នេះ ថត​ដោយ​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ផ្ទាល់ គឺ​លោក Genjiro Kawasaki និង​ជា​ខ្សែ​អាត់​វីដេអូ​តែ​មួយ​គត់​ឆ្លុះ​បញ្ចាំង​ពី​ការ​រស់​នៅ​ក្នុង​ទីក្រុង​មុន​សង្គ្រាម​លោក​លើក​ទី ២។

វីដេអូ​មាន​រយៈពេល ៣នាទី និង ៩​វិនាទី​នេះ ត្រូវ​បាន​បុគ្គលិក​នៅ​សារមន្ទីរ​ចាត់​ទុក​ថា ជា​ទិន្នន័យ​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​យ៉ាង​ច្បាស់​ ថា​តើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ មាន​ទិដ្ឋភាព​ដូច​ម្ដេច​ ​មុន​ទម្លាក់​គ្រាប់​បែក​។

ក្នុង​វីដេអូ​ស​ខ្មៅ​នេះ បង្ហាញ​អំពី​ប្រជាជន​ធ្វើ​ដំណើរ​​ទៅ​មក​តាម​ដង​ផ្លូវ​ទាំង​ប្រញាប់ប្រញាល់​ដោយ​ថ្មើរ​ជើង ជិះ​រថយន្ត​ឯក​ជន រថយន្ត​ក្រុង ជិះ​ទូក​ជា​ដើម។ ស្ត្រី​ភាគ​ច្រើន​ត្រូវ​គេ​មើល​ឃើញ​ថា ស្លៀក​ពាក់​ឈុត​ប្រពៃណី​គីម៉ូណូ ឯ​បុរស​ស្លៀក​ផ្សេងៗ​គ្នា។

គួរ​រម្លឹក​ថា ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ទម្លាក់​គ្រាប់​បែក​លើ​នៅ​ថ្ងៃ​ទី ៦​សីហា ឆ្នាំ ១៩៤៥ ​សម្លាប់​មនុស្ស​ប្រមាណ ១៥​ម៉ឺន​នាក់ ​និង​នៅ​ ៣​ថ្ងៃ​បន្ទាប់​ គឺ​ថ្ងៃ​ទី ៩​សីហា អាមេរិក​ទម្លាក់​មួយ​គ្រាប់​ទៀត​នៅ​ទីក្រុង​ណាហ្គាសាគី សម្លាប់​មនុស្ស​ប្រមាណ ៥​ម៉ឺន​នាក់ ដោយ​បង្ខំ​ឲ្យ​ជប៉ុន​ព្រម​ចុះ​ចាញ់​សង្គ្រាម​លោក​ដោយ​ឥត​លក្ខខណ្ឌ៕

ចុចអាន៖

ប្រភព៖ Japantimes   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម