ទម្លាប់អាក្រក់ ៣ ជួយឲ្យ Laptop ឆាប់ខ្ទេចបានលឿន
- 2017-07-12 02:46:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់ ៣ ជួយឲ្យ Laptop ឆាប់ខ្ទេចបានលឿន
ចន្លោះមិនឃើញ
កុំព្យូទ័រយួរដៃភាគច្រើនហាក់មិនមានភាពធន់ដូចជាកុំព្យូទ័រលើតុឡើយ នេះអាចមិនមែនមកពីភាពខុសគ្នារបស់កុំព្យូទ័រទាំងពីរប្រភេទឡើយ ប៉ុន្តែអាចមកពីទម្លាប់អាក្រក់របស់អ្នកប្រើប្រាស់ទៅវិញទេ ដែលធ្វើឲ្យកុំព្យូទ័រយួរដៃឆាប់ខូចមុនអាយុកាលកំណត់។
ទម្លាប់អាក្រក់ដែលធ្វើឲ្យកុំព្យូទ័រយួរដៃឆាប់ក្ស័យសង្ខារមានដូចតទៅ ៖
១. ប្រើអេក្រង់ដូចជាដៃកាន់
អ្នកប្រើមួយចំនួនតូចតែងចាប់កាន់កុំព្យូទ័ររបស់ខ្លួនដោយចាប់កាន់ផ្នែកអេក្រង់ ដោយមិនដឹងថានេះជាទម្លាប់អាក្រក់មួយធ្វើឲ្យកុំព្យូទ័រឆាប់ខ្ទេចនោះទេ ជាពិសេសខូចអេក្រង់នឹងតែម្ដង។ នៅពេលដែលកុំព្យូទ័របិទអ្នកគួរចាប់លើកវាដោយកាន់ផ្នែកខាងមុខ ឬ ផ្នែកខាងក្រោយ ហើយនៅពេលកុំព្យូទ័រកំពុងបើកអ្នកគួរចាប់លើកដោយប្រើដៃទាំងពីរទ្រ។
២. ឧស្សាហ៍ផ្លាស់ទីពេលកុំព្យូទ័រកំពុងដំណើរការ
កុំព្យូទ័រដែលប្រើ Hard Disk ប្រភេទ SSD ចង់ផ្លាស់ទីវាទៅណាមកណាមិនអីទេព្រោះ Hard Disk ប្រភេទនេះមិនមានគ្រឿងរង្វិលដូចជា Hard Disk ប្រភេទ HDD ឡើយ។ ដោយឡែកចំពោះអ្នកប្រើកុំព្យូទ័រ Hard Disk ប្រភេទ HDD គប្បីណាកុំផ្លាស់ទីកុំព្យូទ័រពីទីតាំងមួយទៅទីតាំងមួយនៅពេលកុំព្យូទ័រកំពុងដំណើរការឲ្យសោះ ជាពិសេសពេលកំពុងដំណើរការកម្មវិធីណាដែលប្រើ Hard Disk ខ្លាំង។ ព្រោះការផ្លាស់ទីពេលកំពុងដំណើរការផ្នែកខាងក្នុងនៃ Hard Disk នឹងព្យាយាមរំកិលតាម ធ្វើឲ្យខុសទីតាំងដើម ជាលទ្ធផលនាំឲ្យ Hard Disk ទាំងមូលមានបញ្ហា។
៣. ប្រើរហូតដល់ក្ដៅខ្លាំងដូចឡដុតនំ
កុំព្យូទ័រយួរដៃបញ្ចេញកម្ដៅច្រើនមែនទែន ប៉ុន្តែវាមានកង្ហារពីខាងក្នុងដែលជួយបញ្ចុះកម្ដៅនេះ។ ភារកិច្ចរបស់អ្នកគឺត្រូវមើលថែទាំងកង្ហារនេះ ប្រសិនកង្ហារមានជាប់ធូលីដីខ្លាំង នោះវាមិនអាចបញ្ចុះកម្ដៅបានល្អ នាំឲ្យកុំព្យូទ័រឡើងកម្ដៅខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់គ្រឿងបន្លាស់កុំព្យូទ័រ។ ការដាក់សៀវភៅមួយគំនរក្បែររន្ធបញ្ចេញកម្ដៅក៏ជាកត្តានាំឲ្យមានបញ្ហាដែរ។ មួយវិញទៀតត្រូវយកចិត្តទុកដាក់ពីសំឡេងរបស់កង្ហារ ប្រសិនបើសំឡេងលាន់ឮដូចម៉ាស៊ីនយន្តហោះ ដោយកុំព្យូទ័រមិនដំណើរការកម្មវិធីអ្វីច្រើនទេនោះ អ្នកគួររកជំនួយភ្លាម៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអាន៖