នៅតែមិនចុះចាញ់ ទោះចំណូលធ្លាក់ពី ៤០ ម៉ឺនរៀលមកនៅ ៤ ម៉ឺនរៀលពីរបរអ៊ុតទូរសព្ទ
- 2017-07-13 02:11:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅតែមិនចុះចាញ់ ទោះចំណូលធ្លាក់ពី ៤០ ម៉ឺនរៀលមកនៅ ៤ ម៉ឺនរៀលពីរបរអ៊ុតទូរសព្ទ
ចន្លោះមិនឃើញ
អស់រយៈពេល ១០ ឆ្នាំដែលលោក ឬទ្ធីបានប្រកបរបរអ៊ុតទូរសព្ទ បញ្ចូលបទចម្រៀង និងបុកកម្មវិធីសម្រាប់អតិថិជនចាប់តាំងពីឆ្នាំ២០០៧ មក។
មានទីតាំងជើងផ្សារទំនើបសុរិយា មិនមានតែតូបរបស់លោកតែមួយទេ ដែលកំពុងតែបើកបម្រើសេវាដល់អ្នកធ្វើដំណើរឆ្លងកាត់ គឺមានតូបរដូករណែលជាច្រើនទៀតក៏កំពុងរហង់រង់ចាំភ្ញៀវមករកសេវាអ៊ុតទូរសព្ទឬត្រូវការបញ្ចូលកម្មវិធីផ្សេងៗ។
មានវ័យជាង ៣០ សម្បុរសកាត់ចិន លោកប្រាប់ថា រយៈពេល ១០ ឆ្នាំមុនលោកអាចរកចំណូលបានមិនក្រោម ៣០ ទៅ ៤០ ម៉ឺនរៀលទេក្នុងមួយថ្ងៃ។ មានអតិថិជនមិនចេះខ្វះ ហើយនៅពេលនោះក៏មិនសូវមានអ្នកអ្នករកស៊ីច្រើនប្រជែងគ្នានោះដែរ។
លោកបន្តដោយកត់សម្គាល់ថា ទើបតែប៉ុន្មានឆ្នាំចុងក្រោយដែលចំណូលពីប្រកបនេះបានធ្លាក់ចុះយ៉ាងខ្លាំងដោយមួយថ្ងៃអាចនៅសល់ ៤ ទៅ ៥ ម៉ឺនរៀលដោយផាត់ការចំណាយចាយវាយប្រចាំថ្ងៃ។
លោកបានចង្អុលទៅតូបនៅក្បែរនោះដោយប្រាប់ថា ដូចឃើញហើយមានតែអ្នកលក់ទេប៉ុន្តែមិនសូវមានភ្ញៀវនោះទេ។
"ពលរដ្ឋឥឡូវមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យាណាស់។ ដូចពីមុនគេត្រូវការបញ្ចូលបទចម្រៀងអីគេមករកយើង ឥឡូវគេអាចដំឡើងកម្មវិធីដោតឡូតដោយខ្លួនឯងបាន អាចទាញយកបទចម្រៀងម៉ាសេរី ស្របពេលដែលសេវាអ៊ីនធឺណិតក៏មានការប្រើប្រាស់សឹងតែគ្រប់ទីកន្លែង ហើយកន្លែងខ្លះផ្តល់ឲ្យ Free ថែមទៀតផង"។
លោកបន្តថា៖ "សូម្បីតែនៅហាងលក់ទូរសព្ទធម្មតា ក៏អ្នកលក់ចេះបិតស្រ្គីន អ៊ុតទូរសព្ទ ចឹងគេចាំបាច់អីមករកយើងទៀត"។
លោកមិនរំពឹងថា មុខរបររបស់លោកនឹងប្រសើរទេនៅថ្ងៃខាងមុខ ទោះបីលោកមើលឃើញកំណើនការប្រើប្រាស់បច្ចេកវិទ្យាដូចជាទូរសព្ទមានការកើនឡើង ហើយមនុស្សសព្វថ្ងៃរស់នៅមិនអាចខ្វះបច្ចេកវិទ្យា។
លោកបន្តដោយអស់សង្ឃឹមថា បើមើលសភាពសព្វថ្ងៃ លោកនៅមិនទាន់អាចគិតរកមុខរបរអីផ្សេងទេ ប៉ុន្តែសង្ឃឹមនៅថ្ងៃខាងមុខ លោកនឹងអាចមានលទ្ធភាពមានហាងមួយសមរម្យជាងកន្លែងរកស៊ីតាមចិញ្ចើមផ្លូវដូចរាល់ថ្ងៃនេះ ហើយនឹងអាចពង្រីកមុខរបរថ្មីបន្ថែមទៀត៕
**ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
បន្តចុចអាន៖