មហាសេដ្ឋី​ក្នុង​តំបន់​អាស៊ាន​មាន​ជិត ១០០​នាក់ ឯ​អ្នក​មាន​ដាច់​គេ​នៅ​ថៃ

  • 2017-07-12 06:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រទេស​សិង្ហបុរី មាន​មហាសេដ្ឋី ២១​នាក់ ច្រើន​ជាង​គេ​នៅ​អាស៊ាន
  • មហាសេដ្ឋី​ថៃ មាន​ទ្រព្យ ១៦,៤ប៊ី​លាន​ដុល្លារ ជា​អ្នក​មាន​ជាង​គេ
  • ប្រទេស​កម្ពុជា ឡាវ ប្រ៊ុយណេ និង​មីយ៉ាន់ម៉ា គ្មាន​ក្នុង​បញ្ជី

ទស្សនាវដ្ដី Forbes របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា​​មហាសេដ្ឋី​ទឹក​ប្រាក់​ប៊ី​លាន​ដុល្លារ​នៅ​តំបន់​អាស៊ាន​មាន​សរុប ៨៩នាក់ ក្នុង​ប្រទេស៦។ ចំណែក​អ្នក​មាន​ដាច់​គេ​ក្នុង​តំបន់​អាស៊ាន គឺ​ក្រុម​គ្រួសារ​លោក Charoen Sirivadhanabhakdi ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប ១៦,៤ប៊ី​លាន​ដុល្លារ។

១. ប្រទេស​សិង្ហបុរី (មាន ២១​នាក់)     បង​ប្អូន Robert និង Philip Ngគឺ​ជា​មហា​សេដ្ឋី​ដែល​មាន​ទឹក​ប្រាក់​ច្រើន​បំផុត​នៅ​ប្រទេស​សិង្ហបុរី ក្នុង​រង្វង់​ទ្រព្យ​សម្បត្តិ ៩,៤ប៊ីលាន​​ដុល្លារ។ ប្រភព​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​​របស់​បងប្អូន​ទាំង​ពីរ​នាក់​នេះ គឺ​ទទួល​បាន​មក​ពី​ក្រុមហ៊ុន​អចលនទ្រព្យ។

២. ប្រទេស​ថៃ(មាន ២០​នាក់)

ក្រុម​គ្រួសារ​លោក Charoen Sirivadhanabhakdi ​ជា​មហា​សេដ្ឋី​ដែល​មាន​ទឹក​ប្រាក់​ច្រើន​បំផុត​នៅ​ប្រទេស​ថៃ ក្នុង​រង្វង់​ ទ្រព្យ​សម្បត្តិ ១៦,៤ប៊ី​លាន​ដុល្លារ។ ក្រុម​គ្រួសារ​លោក Charoen Sirivadhanabhakdi កំពុង​រស់​នៅ​ក្នុង​រាជធានី​បាងកក ហើយ​ប្រភព​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​នេះ បាន​មក​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ផ្សេងៗ និង​ក្រុមហ៊ុន​អចលនទ្រព្យ។

អ្នក​មាន​ដាច់​គេ​នៅ​ថៃ Charoen Sirivadhanabhakdi

**៣. ប្រទេស​ឥណ្ឌូណេស៊ី (មាន ២០នាក់)**

បង​ប្អូនR. Budi និង Michael Hartono នៅ​តែ​​ជា​មហា​សេដ្ឋី​ដែល​មាន​ទឹក​ប្រាក់​ច្រើន​បំផុត​ក្នុង​​ប្រទេស​ឥណ្ឌូណេស៊ី។ ពួក​គេ​កំពុង​រស់​នៅ​ក្រុង Kudus ប្រទេស​ឥណ្ឌូណេស៊ី។ បងប្អូន​ទាំង​ពីរ​នាក់​នេះ​មាន​ទ្រព្យ​សម្បត្តិ​សរុប ១០,៣​ប៊ីលាន​ដុល្លារ ដែល​ទទួល​បាន​មក​ពី​វិស័យ​ធនាគារ និង​ការ​វិនិយោគ​ថ្នាំជក់។

៤. ប្រទេស​ហ្វីលីពីន (មាន ១៤​នាក់)

​លោកHenry Sy និង​ក្រុម​គ្រួសារ នៅ​តែ​​ជា​មហា​សេដ្ឋី​ដែល​មាន​ទឹក​ប្រាក់​ច្រើន​បំផុត​នៅ​ប្រទេស​ហ្វីលីពីន ក្នុង​រង្វង់​ទ្រព្យ​សម្បត្តិ ១៤ ប៊ី​លាន​ដុល្លារ។ លោក Henry មាន​អាយុ ៩០ឆ្នាំ មាន​កូន​ ៦ នាក់ និង​កំពុង​រស់​នៅ​ទីក្រុង​ម៉ានីល។ ប្រភព​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​​របស់​លោក និង​ក្រុម​គ្រួសារ ទទួល​បាន​មក​ពី​ជំនួញ​ជា​ច្រើន​ប្រភេទ។

៥. ប្រទេស​ម៉ាឡេស៊ី (មាន ១២​នាក់)

លោកRobert Kuokនៅ​តែ​ជា​មហា​សេដ្ឋី​ដែល​មាន​ទឹក​ប្រាក់​ច្រើន​បំផុត​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​រង្វង់​ទ្រព្យ​សម្បត្តិ ១២,៣ប៊ីលាន​ដុល្លារ។ លោក Robert មាន​អាយុ ៩១ ឆ្នាំ មាន​កូន​ ៨​នាក់ និង​កំពុង​រស់​នៅ​ទីក្រុង​ហុងកុង។ បើ​ទោះ​បី​លោក​ជា​ជន​ជាតិ​ម៉ាឡេស៊ី តែ​ប្រភព​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​​របស់​លោក គឺ​ទទួល​បាន​មក​ពី​ជំនួញ​ជា​ច្រើន​ប្រភេទ​នៅ​ទីក្រុង​ហុងកុង ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី។

៦. ប្រទេស​វៀតណាម (មាន ២​នាក់)

កាល​ពី​ឆ្នាំ​២០១៤ វៀតណាម​បាន​លេច​មុខ​លើ​បញ្ជី Forbes លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ តាម​រយៈ មហាសេដ្ឋី​អចលនទ្រព្យ Pham Nhat Vuong ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​សរុប ២,៤​ប៊ីលាន​ដុល្លារ។ ចំណែក​ឯ​ឆ្នាំ​២០១៧ នេះ​វិញ ចំនួន​មហាសេដ្ឋី កើន​ឡើង​ដល់ ២​នាក់​ហើយ។ ម្នាក់​ទៀត ដែល​ទើប​លេខ​មុខ​នោះ គឺ​អ្នក​ជំនួញ​ស្រី Nguyen Thi Phuong Thao ដែល​មាន​ទ្រព្យ​សរុប ១,២​ប៊ី​លាន​ដុល្លារ។

លោក Pham Nhat Vuong

លោក Pham Nhat Vuong មាន​អាយុ ៤៨ឆ្នាំ មាន​កូន ៣​នាក់ កំពុង​រស់​នៅ​ទីក្រុង​ហាណូយ។ ប្រភព​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ក្រាល់​ក្រែល​របស់​លោក ​ទទួល​បាន​មក​ពី​ក្រុមហ៊ុន​អចលនទ្រព្យ និង​ជំនួញ​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​មាន​ដាច់​គេ​នៅ​វៀតណាម។ ចំពោះ​ចំណាត់​ថ្នាក់​សកល លោក​ឈរ​នៅ​លេខ​រៀង​ទី ៨៦៧​ ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង​អស់។

ចំណែក​ឯ​ប្រទេស ៤​ទៀត រួម​មាន​​ កម្ពុជា ឡាវ ប្រ៊ុយណេ និង​មីយ៉ាន់ម៉ា នៅ​តែ​គ្មាន​វត្តមាន​ក្នុង​ចំណោម​មហាសេដ្ឋី​ទឹក​ប្រាក់​ប៊ីលាន​ដុល្លារ​របស់​ទស្សនាវដ្ដី Forbes ដដែល។ ចំពោះ​ចំណាត់​ថ្នាក់​លេខ​១ ឆ្នាំ​២០១៧ ​នេះ នៅ​តែ​ជា​ប្រធាន​ក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ដល់​ទៅ ៨៩,៥​ប៊ីលាន​ដុល្លារ

ចុចអានអត្ថបទពាក់ព័ន្ធ

ប្រភព៖ Forbes   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម