ឯកឧត្ដម ហង់ជួន ណារ៉ុន៖ សិស្ស​ឆ្នើម​៧០% ​មក​ពី​ខេត្ត​ប្រឡង​​ជាប់​សាលា​កំពូលៗ​នៅ​ភ្នំពេញ

  • 2017-07-12 08:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ជុំវិញ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ ២០១៧ នេះ​ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា ៧០% នៃ​សិស្ស​ដែល​អាច​ប្រឡង​ចូល​រៀន​នៅ​សាលា​កំពូល​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា សាលា​តិចណូ​ជាដើម គឺ​សុទ្ធ​តែ​មក​ពី​ជនបទ​ទាំង​អស់​។

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ថ្លែង​បែប​នេះ​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ថា សិស្ស​នៅ​ជន​បទ​អាច​ប្រឈម​បញ្ហា​ច្រើន​ នៅ​ពេល​ក្រសួង​រឹត​បន្តឹង​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ព្រោះ​លក្ខខណ្ឌ​ការ​សិក្សា​មាន​លក្ខណៈ​ខុសគ្នា​ពី​អ្នក​ទីក្រុង។ ឯកឧត្ដម បាន​លើក​ឡើង​ថា ចំពោះ​លក្ខខណ្ឌ​ក្នុង​ការ​សិក្សា​នៅ​ទីក្រុង ប្រាកដ​ជា​ល្អ​ជាង​ នៅ​ទី​ជនបទ​ហើយ ព្រោះ​មាន​ជីវភាព​​ធូរធារ មាន​សៀវភៅ​គ្រប់គ្រាន់ ប៉ុន្តែ​នេះ​មិន​ឆ្លុះ​បញ្ចាំង​ស្ថានភាព​ជាក់​ស្ដែង​ទេ។ សិស្ស​ប្រឡង​ជាប់​និទ្ទេស​ A ភាគ​ច្រើន​គឺ​មក​ពី​ជន​បទ ដើរ​ទៅ​រៀន​នេះ​ហើយ។

មិន​ត្រឹម​ប៉ុណ្ណោះ ៧០%​នៃ​សិស្ស​ឆ្នើម ដែល​ប្រឡង​ចូល​សាលា​កំពូល​ៗ​ដូចជា សាលា​តិចណូ សាលា​ពេទ្យ គឺ​មក​ជន​បទ ភាគ​ច្រើន​សុទ្ធ​តែ​ដើរ​ទៅ​រៀន មិន​មែន​ជិះ​ឡាន​ទៅ​រៀន​ទេ ហើយ​សុទ្ធ​តែ​ប្រឡង​ជាប់​និទ្ទេស A ឬ B។ មូលហេតុ​នេះ ដោយសារ​សិស្ស​នៅ​ជន​បទ​ខំ​ប្រឹង​រៀន​ខ្លាំង ជាង​អ្នក​ទីក្រុង មិន​មាន​ពេល​ដើរ​លេង​ច្រើន ហើយ​ក៏​មិន​ដឹង​ដើរ​ទៅ​ណា​ទៀត មាន​តែ​ការ​ខំ​ប្រឹង​រៀន​តែ​ម្យ៉ាង។ ឯកឧត្ដម ហង់ជួន ណារ៉ុន បន្ថែម។

យ៉ាង​ណា​ក្ដី នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​នៅ​រាជធានី​ភ្នំពេញ​រៀន​ខ្សោយ​នោះ​ទេ បើ​សិន​ជា​តាំង​ចិត្ត​ខំ​រៀន​ពិត​ប្រាកដ​គឺ​មាន​លក្ខខណ្ឌ​ល្អ​ជាង​អ្នក​នៅ​ជន​បទ។ ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​ទៅ​សិស្ស​នៅ​ភ្នំពេញ​ជាប់​និទ្ទេស​ A ប្រមាណ​ជាង​ ១០០​នាក់៕​

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី