មិន​ចង់​ជួប​រឿង​ស៊យ​ មុន​យក​ទូរសព្ទ​ទៅ​បុក​កម្មវិធី​នៅ​កន្លែង​ជាង ត្រូវ​ប្រយ័ត្ន​អី​ខ្លះ?

  • 2017-07-16 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​ស្មាតហ្វូន​ជា​រឿយៗ​ ទាមទារ​ឱ្យ​មាន​ការ​ Update ដើម្បី​បន្ទាន់​សម័យ​កម្មវិធី​ក៏​ដូច​ជា​ពង្រឹង​បន្ថែម​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ម៉ាស៊ីន។​ ដោយ​ហេតុ​ប្រិយមិត្ត​ខ្លះ មិន​ចង់​ពិបាក​សាកល្បង Update ដោយ​ខ្លួន​ឯង ក៏​សម្រេច​ចិត្ត​យក​ទៅ​កន្លែង​ជាង។ តើ​អ្នក​ត្រូវ​ប្រយ័ត្ន​អី​ខ្លះ​ ពេល​ទៅ​រក​ជាង​ឲ្យ​គេ​បុក​កម្មវិធី​ ឬ​ត្រូវ​ការ​អាត់ដេត​អី?

១.ត្រូវ Sign Out បណ្ដាញ​សង្គម​ចេញ​ជា​មុន

ជៀសវាង​មាន​ការ​លួច​ប្រើប្រាស់​បណ្ដាញ​សង្គម ដូច​ជា Facebook, LINE អ្វី​ជា​ដើម អ្នក​គួរ​ធ្វើ​ការ Sign Out ចេញ​ជា​មុន។ ទៀត​សោត​​អ្នក​​ខ្លះអាច​មាន​កាន់​ Page ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង ដោយ​យើង​មិន​ហ៊ាន​សន្មត​ថា​ នរណា​ម្នាក់​មាន​ចេតនា​ធ្វើ​អ្វី​មក​លើ​យើង​នោះ​ទេ ម្ល៉ោះ​ហើយ​ជា​ការ​ល្អ​សូម​ធ្វើ​ការ Sign Out ចេញ​ទាំង​អស់ មុន​នឹង​យក​ទៅ​ Update។

២.ពិនិត្យ​ឱ្យ​ដិតដល់​ត្រង់​កន្លែង Note

ធម្មតា​អ្នក​ប្រើ​ស្មាតហ្វូន ជួនកាល​ពួក​គាត់​មិន​ប្រើ​សៀវភៅ​កំណត់​ត្រា​ខាង​ក្រៅ​នោះ​ទេ រាល់​ឈ្មោះ​គណនី​ iCloud, បណ្ដាញ​សង្គម ឫ​លេខ​កូដ​ធនាគារ គាត់​តែង​កត់​ទុក​ក្នុង​កម្មវិធី Note។ បើ​យល់​ល្អ អ្នក​ក៏​គួរ​តែ​លុប​វា​ចេញ​សិន​ផង​ដែរ។

៣.ពិនិត្យ​ឱ្យ​ច្បាស់​ថា​ស្មាតហ្វូន​មាន​ជាប់ iCloud ឫ Google Account អត់?

សម្រាប់ iPhone គេ​ប្រើ iCloud រី​ឯ​ស្មាតហ្វូន Android គេ​មាន​ប្រើ Google Account។ ត្រូវ​ប្រាកដ​ចិត្ត​ថា​ទូរសព្ទ​អ្នក​មិន​បាន​ជាប់​គណនី​ទាំង​នោះ​ឡើយ ជៀសវាង​ធ្វើ​ការ​ Update ហើយ វា​មាន​លោត​សួរ​រក​ Password នៃ​គណនី​ណា​មួយ មាន​រឿង​ទាស់ទែង​គ្នា។ (បញ្ជាក់: តម្លៃ​ដោះ Google Account ប្រហែល ២០ ទៅ ៣០ ដុល្លារ និង iCloud ខ្ទង់​រយ​ដុល្លារ​ឡើង)​។

៤.បញ្ជាក់​ជាង​ឱ្យ Copy ឯកសារ​ទុក​ជាមុន

មាន​ដូច​ជា​រូបភាព, លេខ​ទូរសព្ទ និង​ឯកសារ​ដទៃ​ទៀត សូម​អ្នក​បញ្ជាក់​ជាង​ឱ្យ​ជួយ Copy ឯកសារ​ទាំង​នោះ​ទុក​ជា​មុន ដោយ​សម្រាប់​ការ Update ស្មាតហ្វូន ជា​ធម្មតា បើ​អំឡុង​ពេល Update មិន​ជួប​បញ្ហា វា​មិន​បាត់បង់​ឯកសារ​ទេ ផ្ទុយ​ទៅ​វិញ​បើ​មាន​បញ្ហា​ដាច់​អ៊ីនធឺណិត​ឫ​ហេតុ​ណា​មួយ ដែល​យើង​មិន​អាច​ដឹង​ជា​មុន នោះ​ឯកសារ​ទាំង​ស្រុង​នឹង​បាត់បង់។

តាម​បទពិសោធន៍​ Sabay ផ្ទាល់​ជាង​មួយ​ចំនួន​ គាត់​មិន​ចង់​ចំណាយ​ពេល​យូរ​ក្នុង​ការ Copy ទុក ពួក​គាត់​មិន​បញ្ជាក់​រឿងរ៉ាវ​បែប​នេះ ដល់​អតិថិជន​អ្នក​មក​ Update ទូរសព្ទ​ឡើយ រហូត​ដល់​មាន​បញ្ហា​ទើប​និយាយ​តាម​ក្រោយ ចុះ​ឯកសារ​ដែល​យើង​ខំ​សន្សំ​រាប់​ខែ​ឆ្នាំ តើ​វា​អាច​ត្រលប់​មក​វិញ​តាម​វិធី​ណា?

៥.បញ្ជាក់​ជាង​ឱ្យ​លុប​ឯកសារ​យើង​​ចេញ​ពី​កុំព្យូទ័រ

ឯកសារ​ដែល​ Copy ក្រោយ​ជាង​ធ្វើ​ការ Back Up ដាក់​មក​លើ​ស្មាតហ្វូន​រួចរាល់​ហើយ យល់​ល្អ​អ្នក​គួរ​តែ​បញ្ជាក់​ជាង​ឱ្យ​ជួយ​លុប​ឯកសារ​នោះ​ចេញ​ពី​កុំព្យូទ័រ ព្រោះ​គ្មាន​នរណា​ម្នាក់ ដែល​ចង់​ឱ្យ​អ្នក​ដទៃ​លួច​មើល​រូបភាព​របស់​ខ្លួន​ឯង​ឡើយ មិន​ថា​រូប​ខ្លះ​ស្អាត​ឫ អាក្រក់​ក្ដី។

យ៉ាងណាមិញ​តាម​ការ​រៀបរាប់​ខាង​លើ​នេះ គ្រាន់​តែ​ជា​ការ​ចែក​រំលែក​ទៅ​កាន់​អ្នក​រាល់​គ្នា​អំពី​ការ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ ព្រោះ​មាន​ជាង​ជួសជុល​ភាគ​ច្រើន ក៏​មាន​គេ​ល្អ មិន​មាន​ចេតនា​អាក្រក់​ទៅ​លើ​អតិថិជន​របស់​ខ្លួន​ឡើយ។


ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ កុំ​ភ្លេច​គាំទ្រ​និង​ចុច​ Like Page Sabay News Technology

ចុច​អាន​បន្ត​

អត្ថបទ៖ កៅ រក្សា