Taylor Swift សម្ងំ​ពួន​ក្នុង​វ៉ាលី​ពេល​ចេញ​ពី​ផ្ទះ ដើម្បី​គេច​ពី​អ្នក​កាសែត?

  • 2017-07-18 04:11:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​មាន​អ្នក​សង្ស័យ​ថា​កំពូល​តារា​ចម្រៀង​ Taylor Swift បាន​ពួន​សម្ងំ​ក្នុង​វ៉ាលី​ឥវ៉ាន់​ពេល​ចេញ​ទៅ​ក្រៅ​ពី​ផ្ទះ​ម្តងៗ​។ ប៉ុន្មាន​ខែ​កន្លែង​មក​នេះ គេ​សង្កេត​ឃើញ​ថា​ Taylor Swift បាន​បាត់​មុខ​បាត់​មាត់​ពី​ព័ត៌មាន​ផ្សេង​ឲ្យ​ឈឹង​។​ អ្នក​ប្រមាញ់​ថត​រូប​ជា​ច្រើន​លែង​មាន​ឱ​កាស​បាន​ថត​រូប​តារា​ស្រី​ដ៏​ល្បី​ម្នាក់​នេះ​ដែល​ជា​រឿង​ដ៏​ចម្លែក​មួយ។

វ៉ាលី​ដែល​គេ​សង្ស័យ​ថា Taylor Swift លាក់​ខ្លួន​នៅ​ខាង​ក្នុង

ហើយ​ថ្មី​ៗ​នេះ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត មាន​រូប​ថត​មួយ​ចំនួន​​ដែល​គេ​សង្ស័យ​ថា​ជា​ចម្លើយ​ ទៅ​នឹង​ការ​គេច​ពី​អ្នក​ប្រមាញ់​ថត​រូប​​យ៉ាង​ល្អ។ វា​គឺ​ជា​បណ្ដា​រូប​ថត​បុរស​២នាក់​លើក​វ៉ាលី​ដ៏​ធំ​មួយ​ចេញ​ពី​ផ្ទះ​​ដែល Taylor កំពុង​រស់​នៅ​។ ពេល​នោះ​មាន​បណ្តាញ​សារព័ត៌មាន​មួយ​ឈ្មោះ​ Splash News ដែល​ជា​វិប​សាយ​ដែល​លក់​រូប​ថត​របស់​តារា​ល្បី​ៗ បាន​សរសេរ​កំណត់​​រូប​ថត​ថា៖ "Swift កំពុង​តែ​ត្រូវ​គេ​ជញ្ជូន​ចេញ​ពី​ផ្ទះ​នៅ​ក្នុង​វ៉ាលី​ដ៏​ធំ​មួយ។

តារា​ចម្រៀង Taylor Swift

បន្ទាប់​មក​ Splash News ក៏​ដក​សម្ដី​នេះ​មក​វិញ​​ដោយ​បាន​និយាយ​ថា​ អ្នក​គ្រប់​គ្រង​របស់​ Taylor Swift បាន​ទូរស័ព្ទ​មក​កាន់​ពួក​គេ ហើយ​ពួក​គេ​ក៏​បាន​ដក​សម្ដី​នោះ​ចេញ​ផង​ដែរ។

បើ​យោង​ទៅ​តាម​ Splash News អ្នក​ប្រមាញ់​រូបថត​ម្នាក់​ដែល​ផ្តល់​​ព័ត៌មាន​ឲ្យ​នោះ​ក៏​មិន​បាន​ដឹង​ឲ្យ​ប្រាកដ​ដែរ​ថា​តើ Taylor នៅ​ក្នុង​វ៉ាលី​នោះ​ឫ​អត់? នេះ​គឺ​ដោយ​សារ​តែ​ពាក្យ​ចចាមអារ៉ាម​កាល​ពី​ខែ​ឧសភា​ថា​ Taylor លាក់​ខ្លួន​ក្នុង​វ៉ាលី​ដើម្បី​គេច​ពី​អ្នក​ប្រមាញ់​ថត​រូប​និង​អ្នក​គាំទ្រ​របស់​នាង​ដែល​នៅ​ខាង​ក្រៅ​កន្លែង​នាង​ស្នាក់​នៅ។

គូស​បញ្ជាក់​ដែរ​ថា​ការ​លាក់​ខ្លួន​នៅ​ក្នុង​វ៉ាលី​នេះ​មិន​មាន​ជា​រឿង​ថ្មី​នោះ​ទេ កាល​ពី​ខែ​មិនា​តារា​ចម្រៀង​ Adele ក៏​បាន​ធ្វើ​រឿង​ស្រដៀង​នេះ​ដែរ​ ដោយ​លាក់​ខ្លួន​នៅ​ក្នុង​ប្រអប់​ធំ​មួយ​ពេល​ធ្វើ​ដំណើរ​ទៅ​លើ​ឆាក ដូច្នេះ​ហើយ​ទើប​នាង​មិន​មាន​ការ​លំបាក​ដោយ​ការ​ហ៊ុំ​ព័ទ្ធ​ពី​អ្នក​គាំទ្រ​ដ៏​ច្រើន​លើស​លុប៕

តារា​ចម្រៀង​ Adele និង​ប្រអប់​ដែល​លាក់​នាង

ចុច​អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ