ល្បិច​អាថ៌កំបាំង​ក្នុង​ការ​ថត​កុន​​ទាំង ១១ ​ដែល​​យើង​នឹក​ស្មាន​មិនដល់​!

  • 2017-07-18 08:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បៈ​កុន​គឺ​ជា​ពិភព​ពិសេស​មួយ​ដែល​អាច​ឲ្យ​យើង​ផ្ដោត​និង​លំហែ​អារម្មណ៍​ទៅ​លើ​វា​​ ដើម្បី​បំភ្លេច​បញ្ហា​ខ្លះ​ៗ​​ក្នុង​ជីវិត​​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។​ ក៏​ប៉ុន្តែ​ដើម្បី​បង្កើត​ពិភព​នេះ​បាន​ ផលិតករ​រឿង​ជា​ច្រើន​បាន​ខិត​ខំ​គ្រប់​បែប​យ៉ាង​ ព្រម​ទាំង​ប្រើ​ល្បិច​មួយ​ចំនួន​ទៀត​ផង។

ថ្ងៃ​នេះ​យើង​នឹង​មក​ដឹង​ពី​ល្បិច​ខ្លះ​ៗ​ ដែល​ផលិត​ករ​ទាំង​នោះ​ប្រើ​ប្រាស់​ក្នុង​សាច់​រឿង​ដើម្បី​ឲ្យ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន និង​មើល​ទៅ​ដូច​ជា​ការ​ពិត៕

តោះ! អីចឹង​មក​ដឹង​ទាំង​អស់​គ្នា!

១. ផ្លូវ​តែង​តែ​សើម​ជា​និច្ច​នៅ​ពេល​យប់

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ ហេតុអ្វី​ឲ្យ​តែ​នៅ​ពេល​យប់​តួអង្គ​តែង​តែ​បើក​បរ​ឡាន​នៅ​លើ​ផ្លូវ​សើម ដូច​ជា​ទើប​តែ​ភ្លៀង​ហើយ? នេះ​ដោយ​សារ​តែ​នៅ​ពេល​ផ្លូវ​សើម​វា​មើល​ទៅ​ស្អាត​និង​ទំនង​នៅ​ក្នុង​រឿង ពីព្រោះ​ថត​នៅ​លើ​ផ្លូវ​សើម​ពេល​យប់​អាច​អោយ​រូប​ភាព​កាន់​តែ​ច្បាស់​ និង​ជះ​ពន្លឺ​បាន​ល្អ។

២. វ៉ូង​​មនុស្ស​ក្លែង​ក្លាយ

នៅ​ក្នុង​រឿង​ជា​ច្រើន​ តួ​ជំនួស​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​វ៉ូង​មនុស្ស។ ប៉ុន្ដែ​នេះ​សម្រាប់​តែ​រឿង​ដែល​មាន​ដើម​ទុន​ច្រើន​តែ​ប៉ុណ្ណោះ។ សម្រាប់​រឿង​ធម្មតា​ៗ​ ផលិត​ករ​បាន​ប្រើ​វិធីសាស្ត្រ​មួយ​គឺ​ថត​រូប​ថត​មួយ​សន្លឹក​របស់​ក្រុម​មនុស្ស​មួយ​ក្រុម​ជាមួយ​នឹង​ជ្រុង​ដែល​ត្រឹម​ត្រូវ​ ហើយ​យក​វា​ទៅ​បញ្ចូល​នៅ​កន្លែង​ដែល​ត្រូវ​ការ​ជាមួយ​នឹង​បច្ចេកវិទ្យា​កុំព្យូទ័រ។ ចំពោះ​វិធីសាស្រ្ត​មួយ​ទៀត​នោះ​គឺ​គេ​ប្រើ ម៉ាន់នឺកាំង​តែ​ម្ដង​ ដែល​ជា​ឧទាហរណ៍​គេ​ធ្លាប់​ប្រើ​ក្នុង​រឿង​ "The King's Speech”។

៣. ម្សៅ​ទឹក​ដោះ​គោ​ប្រើ​ជា​គ្រឿង​ញៀន

ជា​ការ​ពិត​ណាស់​ គ្មាន​អ្នក​ណា​ម្នាក់​គិត​ថា​គ្រឿង​ញៀន​ដែល​ប្រើ​ប្រាស់​ក្នុង​ភាព​យន្ត​គឺ​ជា​របស់​ពិត​នោះ​ទេ។ មាន​​ច្បាប់​មួយ​ជា​ធម្មតា​សម្រាប់​ហូលីវូដ​របស់​ដែល​គេ​ប្រើ​គឺ​ ម្សៅ​ទឹក​ដោះ​គោ​ វីតាមីន​ ឫ​ស្ករ​ស។

៤. ទឹក​ស៊ឺរ៉ូ​ធ្វើ​ជា​ឈាម

គ្មាន​អ្នក​ណា​ម្នាក់​ចង់​បញ្ចេញ​ឈាម​ពិត​ដោយ​សារ​តែ​ថត​រឿង​នោះ​ទេ។ ដូច្នេះ​ហើយ​គេ​តែង​តែ​ប្រើ​ទឹក​ស៊ឺរ៉ូ​ឫ​ពណ៌​សម្រាប់​អាហារ​ធ្វើ​ជា​ឈាម​។ កាល​ពី​សម័យ​កាល​ភាព​យន្ត​មាន​ពណ៌​ស​ខ្មៅ គេ​ប្រើ​ទឹក​សុ​កុឡា​ធ្វើ​ជា​ឈាម។

៥. ឈុត​ស៊ិច​ស៊ី

ក្នុង​ឈុត​ស៊ិច​ស៊ី​ភាគ​ច្រើន​ ដោយ​សារ​តែ​មិន​ចង់​ធ្វើ​ឲ្យ​តារា​សម្ដែង​មាន​អារម្មណ៍​ខ្មាស់​ឫ​មិន​ប្រក្រតី​ខ្លាំង​ពេក គេ​តែង​តែ​ប្រើ​ល្បិច​និង​របស់​ជំនួយ​ដូច​ជា​ ប្រើ​ខ្នើយ​នៅ​ចន្លោះ​តួអង្គ​ទាំង​ពីរ​ ឫ​ក៏​ប្រើ​ប្រាស់​សំលៀក​បំពាក់​ក្នុង​ដែល​មាន​ពណ៌​សាច់​ជា​ដើម។

៦. បារី​សុវត្ថិភាព

​​​អ្នក​ចូលចិត្ត​ទស្សនា​រឿង​ហូលីវូដ​ជា​ច្រើន​តែង​តែ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​តារា​សម្ដែង​ភាគ​ច្រើន​ដែល​ផ្សព្វ​ផ្សាយ​ពី​ការ​រស់​នៅ​ឲ្យ​មាន​សុខភាព​ល្អ ប៉ុន្តែ​បែរ​ជា​ជក់​បារី​នៅ​ក្នុង​រឿង​ទៅ​វិញ? ប៉ុន្តែ​តាម​ពិត​បារី​ដែល​គេ​ប្រើ​ប្រាស់​នោះ​មិន​អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​នោះ​ទេ ដោយ​សារ​វា​មិន​មាន​ជាតិ​នីកូទីន។ ម្យ៉ាង​ទៀត​ដើម្បី​ឈុត​មួយ​ឈុត​ដែល​តម្រូវ​ឲ្យ​តួ​ម្នាក់​ជក់​បារី​ឲ្យ​ត្រូវ​អាច​ថត​ច្រើន​ដង​ ពេល​ខ្លះ​អាច​ដល់​១០​ដង​ឯណោះ ដូច្នេះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​តារា​សម្ដែង។

​៧. បច្ចេកទេស​ថត​ដោយ​ប្រើ​របស់​តូច​ៗ

ដើម្បី​បញ្ចៀស​ការ​ចំណាយ​ដ៏​ច្រើន​លើស​លុប​ ផលិត​ករ​ខ្លះ​បាន​ស្វែង​រក​មធ្យោបាយ​ដើម្បី​ថត​ឈុត​ឆាក​ផ្ទុះ​ឫ​កម្ទេច​របស់​របរ​អ្វី​មួយ​ ដោយ​ប្រើ​របស់​របរ​តូចៗ​ជំនួស​វិញ​ បន្ទាប់​មក​យក​ទៅ​កែ​ច្នៃ​តាម​កុំព្យូទ័រ។

៨. កញ្ចក់​ដែល​អាច​ញ៉ាំ​បាន

វា​កម្រ​ណាស់​សម្រាប់​រឿង​លក្ខណៈ​វិទ្យាសាស្ត្រ​ឫ​បាញ់​ប្រហារ​ដែល​គ្មាន​ឈុត​តួអង្គ​ហក់​កាត់​បង្អួច​ឫ​ទ្វា​កញ្ចក់។ ជា​ទម្លាប់​កញ្ចក់​ដែល​ធ្វើ​ពី​ស្ករ​គឺ​តែង​តែ​ត្រូវ​គេ​ប្រើ​សម្រាប់​ឈុត​បែប​នេះ​។ វា​មើល​ទៅ​ដូច​ជា​កញ្ចក់​ពិត​អីចឹង​ ម្យ៉ាង​ទៀត​វា​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់ ព្រម​ទាំង​មាន​រស​ជាតិ​ឆ្ងាញ់​ទៀត​ផង​។

៩. តួអង្គ​និយាយ​គ្នា​ក្នុង​ឡាន

ពេល​ដែល​តួអង្គ​កំពុង​និយាយ​គ្នា​នៅ​ក្នុង​ឡាន​គឺ​មើល​ទៅ​ដូច​ជា​ការ​ពិត​អីចឹង រហូត​ដល់​ពេល​ខ្លះ​អ្នក​ទស្សនា​បារម្ភ​ពី​តួ​សម្ដែង​ដែល​និយាយ​គ្នា​ច្រើន​មិន​ផ្ដោត​អារម្មណ៍​លើ​ការ​បើក​បរ។ ប៉ុន្តែ​ការ​ពិត ជួន​​កាល​គេ​ប្រើ​វិធីសាស្រ្ត​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​សម្ដែង​ចូល​ទៅ​ក្នុង​ឡាន​រួច​ជជែក​គ្នា​ជា​ធម្មតា​ប៉ុន្តែ​ឡាន​នោះ​មិន​បាន​ធ្វើ​ចលនា​ទៅ​ណា​ឡើយ។

១០. ពពក​ទឹក​ដោះ​គោ

ដើម្បី​ថត​ឈុត​ឆាក​មួយ​ដែល​មាន​ពពក​បាំង​ជិត​ទី​ក្រុង​មួយ​ជា​ដើម ផលិត​ករ​​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​មួយ​ដោយ​ប្រើ​ម៉ាស៊ីន​បង្កើត​ពពក ក្នុង​នោះ​គេ​បញ្ចូល​ថ្នាំ​ពណ៌ស​ឫ​ក៏​ម្សៅ​ទឹក​ដោះ​គោ​ទៅ​ក្នុង​ម៉ាស៊ីន​នោះ។

១១. ប្រើ​ឪឡឹក​ជា​ឧបករណ៍​ជំនួយ​បច្ចេកទេស​សំឡេង

ដើម្បី​បង្កើត​ឈុត​ឆាក​មួយ​អម​ដោយ​សំឡេង​ដ៏​ល្អ វិស្វករ​ផ្នែក​សំឡេង​ត្រូវ​តែ​ប្រើ​ល្បិច​ជា​ច្រើន​ប្រភេទ។ ដូច​ជា​ការ​បាញ់​កាំ​ភ្លើង​ច្រើន​គ្រាប់​ត្រូវ​បាន​គេ​ជំនួយ​ដោយ​ប្រើ​កាំជ្រួច​ និង​សំឡេង​ស្លាប​សត្វ​ហើរ​ត្រូវ​ជំនួស​ដោយ​ការ​បើក​សៀវភៅ​។ ប៉ុន្តែ​ឧបករណ៍​ជំនួយ​មួយ​ដែល​អ្នក​ស្មាន​មិន​ដល់​នោះ​គឺ​ផ្លែ​ឪឡឹក។ ផ្លែ​ឪឡឹក​ត្រូវ​បាន​គេ​ប្រើ​ជា​សំឡេង​​ពេល​បែក​ក្បាល ដាល់​ចំ​មុខ​ឫ​ពង​សត្វ​នាគ​ញាស់​ជា​ដើម៕

ចុច​អានអត្ថបទ៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ ធារ៉ូ