រឿងរ៉ាវក្មេងប្រុស២នាក់ ធាក់កង់៥ម៉ោង ទៅមើលឪពុកជាប់គុក កំពុងល្បីកក្រើកអ៊ីនធឺណិត
- 2017-07-22 03:43:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវក្មេងប្រុស២នាក់ ធាក់កង់៥ម៉ោង ទៅមើលឪពុកជាប់គុក កំពុងល្បីកក្រើកអ៊ីនធឺណិត
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បងប្អូនប្រុស ២ នាក់ មកពីខេត្តស៊ីសាកេត (Si Saket) ប្រទេសថៃ បានធាក់កង់ជិត ៥ ម៉ោង ដើម្បីទៅសួរសុខទុក្ខឪពុកនៅក្នុងគុក ប៉ុន្តែចៃដន្យអាក្រក់ វាមិនមែនជាថ្ងៃសម្រាប់ចូលមើលអ្នកទោសទៅវិញ។
រឿងរ៉ាវរបស់ពួកគេ ត្រូវបានអ្នកយាមគុកម្នាក់ បង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណិត នៅទូទាំងប្រទេសថៃ ក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។
លោក Apichai Manthong ដែលជាអ្នកយាមនៅឯគុក Kantharalak District Prison បានឲ្យដឹងថា ក្មេងប្រុសទាំង ២ នាក់បងប្អូននោះមានអាយុប្រហែលមិនដល់ ១០ ឆ្នាំឡើយ។
«ពួកគេបានចាកចេញពីផ្ទះនៅម៉ោង ៧៖៣០ នាទីព្រឹក ហើយមកដល់គុក ម៉ោង ១២៖១០ នាទីថ្ងៃត្រង់។ ចៃដន្យអាក្រក់ ពួកគេបានធ្វើជ្រុះបែកទូរសព្ទ ពេលកំពុងធ្វើដំណើរនៅតាមផ្លូវទៀតផង។ ខ្ញុំពិតជាសោកស្ដាយចំពោះពួកគេណាស់ ព្រោះវាមិនមែនជាថ្ងៃចូលមើលអ្នកទោសឡើយ»។ លោក Apichai ប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។
ជាមួយគ្នានេះដែរ នៅពេលអ្នកយាមគុកសួរនាំថា ហេតុអ្វីម្ដាយរបស់ពួកគេមិនមកជាមួយ ក្មេងប្រុសទាំងនោះបានឆ្លើយថា ម្ដាយពួកគេរស់នៅទីក្រុងបាងកក ហើយពួកគេរស់នៅជាមួយជីដូន។ បងប្អូនប្រុសតូចៗដ៏គួរឲ្យអាណិតខាងលើ បាននិយាយយ៉ាងស្លូតបូតថា ពួកគេមានបងប្រុសធំម្នាក់ទៀត ប៉ុន្តែបងប្រុសនោះមានជំងឺផ្លូវចិត្ត។
ទោះបីជាយ៉ាងណា លោក Apichai មិនអាចអនុញ្ញាតឲ្យពួកគេចូលទៅមើលបុរសជាឪពុកនៅក្នុងគុកបានឡើយ ប៉ុន្តែលោកបាននាំពួកគេទៅកន្លែងរដ្ឋបាល ដើម្បីឆែកមើល និងប្រាប់ពីថ្ងៃដោះលែងឪពុកពួកគេវិញ។
«ក្មេងៗសប្បាយចិត្តណាស់ នៅពេលបានដឹងពីថ្ងៃដោះលែងឪពុករបស់ពួកគេ។ ខ្ញុំពិតជារំជួលចិត្តណាស់ ដោយសារតែក្ដីស្រលាញ់ដែលពួកគេមានចំពោះឪពុក។ ពួកគេទំនេរពីការសិក្សានៅចុងសប្ដាហ៍ ទើបពួកគេចង់មកមើលឪពុកបែបនេះ។ ខ្ញុំស្ទើរតែយំទៅហើយ»។ លោក Apichai បានបន្ថែម។
យ៉ាងណាមិញ លោក Apichai បានប្រាប់ទៀតថា នៅពេលនោះ លោកមានតែ ២០០ បាត (៦ ដុល្លារ) ប៉ុណ្ណោះនៅក្នុងហោប៉ៅ ដូច្នេះ លោកបានឲ្យពួកគេ ១០០ បាត ដើម្បីទិញអាហារពេលថ្ងៃ និងឲ្យទឹកសុទ្ធពួកគេញ៉ាំ ដើម្បីធ្វើដំណើរត្រលប់ទៅផ្ទះវិញ៕
ចុចអាន៖