សង្គ្រាមបច្ចេកវិទ្យា! ចិនចង់ដណ្តើមខ្សែក្រវាត់បច្ចេកវិទ្យា AI ពីអាមេរិកត្រឹមឆ្នាំ ២០៣០
- 2017-07-23 06:48:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រាមបច្ចេកវិទ្យា! ចិនចង់ដណ្តើមខ្សែក្រវាត់បច្ចេកវិទ្យា AI ពីអាមេរិកត្រឹមឆ្នាំ ២០៣០
ចន្លោះមិនឃើញ
ក្រុមប្រឹក្សារដ្ឋចិនបានចេញរបាយការណ៍ថ្មីកាលពីថ្ងៃព្រហស្បតិ៍ ទី២០ កក្កដា ដោយបង្ហាញលម្អិតនូវផែនការថ្មីរបស់ជាតិ ដើម្បីបង្កើតឧស្សាហកម្មបច្ចេកវិទ្យា AI (ខួរក្បាលសិប្បនិម្មិត) តម្លៃ ១,៤៨ លានលានដុល្លារ ក្នុងសាធារណរដ្ឋប្រជាមានិតចិន នៅត្រឹមឆ្នាំ ២០៣០ ដោយធ្វើឱ្យចិនក្លាយជាមេដឹកនាំពិភពលោកក្នុងបច្ចេកវិទ្យា AI ជំនួសឱ្យស្តេចត្រាញ់បច្ចុប្បន្ន អាមេរិក។
ផែនការ ដែលត្រូវបានអនុម័តដោយថ្នាក់ដឹកនាំកម្រិតកំពូលរបស់ប៉េកាំងនេះ បានគូសបញ្ជាក់អំពីផែនការរយៈពេល ១៣ ឆ្នាំ ដើម្បីនាំចិនទៅរកភាពរីកចម្រើននៃវិស័យបច្ចេកវិជ្ជា AI ។ ឯកសារនោះលើកឡើងថា “បច្ចេកវិទ្យា AI បានក្លាយជាម៉ាស៊ីនថ្មីមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច។ យើងត្រូវតែចាប់ផ្តើមក្តាប់យកដំណាក់កាលថ្មីនៃការអភិវឌ្ឍបច្ចេកវិទ្យា AI ឱ្យណែនក្នុងដៃ និងបង្កើតឧត្តមភាពប្រកួតប្រជែងថ្មីមួយ”។
ជាទម្លាប់ទៅហើយ ចិននឹងប្រឈមការប្រកួតប្រជែងស្វិតស្វាញនៅក្នុងដៃគូសេដ្ឋកិច្ចនិងគូប្រជែងរបស់ខ្លួនគឺសហរដ្ឋអាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ដូចជា Alphabet, Microsoft និង Apple សុទ្ធតែបានបោះជំហានទៅមុខយ៉ាងលឿននៅក្នុងឧស្សាហកម្មដែលទើបនឹងចាប់ផ្តើមនេះ។
ថវិកាចំនួន ៥ ពាន់លានដុល្លារត្រូវបានបណ្តាក់ទុនចូលទៅក្នុងក្រុមហ៊ុនបច្ចេកវិជ្ជា AI ថ្មីថ្មោងរបស់អាមេរិក គ្រាន់តែក្នុងឆ្នាំ ២០១៦ ប៉ុន្តែចិនមានក្រុមហ៊ុនបច្ចេកវិទ្យាផ្ទាល់ខ្លួន ដូចជា Baidu និង Tencent ដែលទាំងពីរក្រុមហ៊ុននេះសុទ្ធតែបានស្រាវជ្រាវរកបច្ចេកវិជ្ជា AI ដោយខ្លួនឯង។ ចិនសព្វថ្ងៃកំពុងប្រកៀកប្រកិតគ្នាជាមួយអាមេរិកក្នុងវិស័យកុំព្យូទ័រកំពូលផ្ទុកទិន្នន័យ ហើយសាកលវិទ្យាល័យនានារបស់ចិនបានចេញផ្សាយឯកសារអំពីការសិក្សាស៊ីជម្រៅ (គំនិតសំខាន់ក្នុងបច្ចេកវិទ្យា AI) ក្នុងឆ្នាំ ២០១៦ ច្រើនជាងសមភាគីអាមេរិក៕