ពាន​សម្ដេច ហេង សំរិន បង្កើត​ឆ្នាំ​នេះ​មាន​លក្ខណៈ​ពិសេស​ដូច​លីគ​អាជីព

  • 2017-07-24 03:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ សម្ដេច ហេង សំរិន ​លើក​ទី​១ ឆ្នាំ​២០១៧ ត្រូវ​បាន​​ធ្វើ​ការ​ចាប់​ពូល​​កាល​ពី​ម្សិល​មិញ​​នេះ ​ដោយ​មាន​ការ​រៀប​ចំ​ពិសេស​ដូច​ជា​លីគ​អាជីព​​យ៉ាង​ដូច្នេះ​ដែរ។

​ពាន​រង្វាន់​នេះ​គ្រោង​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដាតទៅ​រហូត​ដល់ថ្ងៃទី​៨ ​ខែតុលា ឆ្នាំ​២០១៧ ​​​នៅ​ទីលាន​ស្តាត​ចាស់​ ដោយ​មាន ១៨​ក្រុម​ចូល​រួម ត្រូវ​បាន​​បែង​ចែក​ជា ៣​ពូល​។ ក្រុម​លេខ១ និង​ក្រុម​លេខ​ ២​នៅ​តាម​ពូល​នីមួយៗ ព្រម​ទាំង​​ក្រុម​​លេខ​៣​ល្អ​ពីរ​ក្រុម នឹង​​បាន​ឡើង​ទៅ​វគ្គ​​៨​ក្រុម​ចុង​ក្រោយ។

ឧត្ដម ថុល នាង

ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិល​មិញ​នេះ​ឯក ឧត្ដម ថុល នាង ​​ប្រធាន​គ្រប់​គ្រង​ការ​ប្រកួត​ផ្នែក​បច្ចេកទេស​​បាន​​ឲ្យ​ដឹង​ថា ពាន​រង្វាន់​នេះ​​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ពាន​រង្វាន់​មិន​អាជីព​ដទៃ​។ ដូច​ជា​​មាន​ក្មេង​រើស​បាល់ មាន​ឡាន​សង្គ្រោះ​បន្ទាន់ ​​មាន​សន្តិសុខ​​ជួយ​​សម្រួល​ក្នុង​​​ការ​ប្រកួត​ជា​ដើម។

​​លោក​បន្ថែម​ថា​ ​មួយ​ទៀត​ពាន​រង្វាន់​មាន​ទិស​ដៅ​ច្បាស់​លាស់​ក្នុង​ការ​បណ្ដុះ​​ស្មារតី​យុវជន​កម្ពុជា ឲ្យ​ស្រលាញ់​កីឡា ​និង​មាន​បំណង​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់ទាត់​​នៅ​កម្ពុជា​ទិស​ដៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។ លោក​រំពឹង​ថា នា​ឆ្នាំ​​ក្រោយ នឹង​​អាច​បង្វើត​ពាន​រង្វាន់​នេះ​ម្ដង​ទៀត ដោយ​មាន​ក្រុម​ចូល​រួម​ច្រើន​ជាង​ឆ្នាំ​ដំបូង​នេះ។

​ពាន​រង្វាន់​សម្ដេច ហេង សំរិន លើក​ទី​១ ឆ្នាំ​២០១៧ នេះ​កំណត់​មិន​ឲ្យ​កីឡាករ​​លេង​នៅ​លីគ​អាជីព​កម្ពុជា ឆ្នាំ​២០១៦, ឆ្នាំ​២០១៧, ​កីឡាករ​បរទេស​ និង​កីឡាករ​ក្រោម​អាយុ ២០​ឆ្នាំ​លេង​នោះ​ទេ។ ​

សម្រាប់​រង្វាន់​ក្រុម​លេខ​ ១​ទទួល​បាន ទឹក​ប្រាក់ ២៤​លាន​រៀល​ពាន​១​ និង​​មេដាយ លេខ​២​ទទួល​បាន​​ប្រាក់​រង្វាន់១២​លាន​រៀល ទង់​១ និង​មេដាយ និង​លេខ ៣​ទទួល​ទឹក​ប្រាក់ ៦​លាន​រៀល​មេដាយ​និង​ទង់​មួយ។ ​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ទទួល​បាន​ពាន​មួយ និង​ថវិកា ៨០​ម៉ឺន​រៀល អ្នក​ចាំ​ទី​ល្អ​ទទួល ៨០​ម៉ឺន​រៀល និង​ពាន​មួយ និង​​ចុង​ក្រោយ​ក្រុម Fair Play ទទួល​បាន​ពាន​មួយ និង​ទឹក​ប្រាក់ ២​លាន​រៀល​ផង​ដែរ៕ ​

ពូល​ទាំង ៣

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​