ឡានម៉ាស៊ីន​ Hybrid ឆ្លាត​ម្ល៉ឹងៗ បានស៊ីសាំង​តិច​​ណាស់

  • 2017-07-24 04:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ Hybrid មនុស្ស​ភាគ​ច្រើន​តែង​គិត​ដល់​រថយន្ត​ Toyota Camry ឆ្នាំ​ ២០០៧ ដែល​គេ​និយម​ហៅ​ថា​ Camry Hybrid និង រថយន្ត​ Toyota Prius ជា​ដើម។ អ្នក​ប្រហែល​ជា​ដឹង​ថា​រថយន្ត​ Hybrid នេះ​​ស៊ីសាំង​តិច​ជាង​រថយន្ត​ធម្មតា ប៉ុន្តែ​ប្រហែល​មិន​ដឹង​ច្បាស់​ទេ​ថា​រថយន្ត​នេះ​មាន​ដំណើរ​ការ​ខុស​ពី​រថយន្ត​ធម្មតា​ដូច​ម្ដេច។

ដំបូង​ត្រូវ​យល់​ថា​ Hybrid ជា​ពាក្យ​សំដៅ​លើ​យានយន្ត​ណា​ដែល​​ដំណើរ​ការ​ដោយ​ប្រភព​ថាមពល​ចំនួន​ពីរ​ខុស​គ្នា។ ​ពាក្យ​នេះ​មិន​មែន​ប្រើ​បាន​តែ​ជា​មួយ​រថយន្ត​នោះ​ទេ សូម្បី​តែ​កង់​ខ្លះ​ក៏​ជា​កង់​ Hybrid ដែរ ដូច​ជា​កង់​ប្រើ​​អាគុយ​ដែល​មាន​ប្រភព​ថាមពល​ពីរ​គឺ​អាគុយ និង កម្លាំង​ធាក់​របស់​មនុស្ស។ ចំពោះ​រថយន្ត​វិញ​បច្ចុប្បន្ន​រថយន្ត​ Hybrid ដែល​គេ​និយម​ប្រើ​ជាង​គេ​​មាន​ម៉ាស៊ីន​ប្រើ​ថាមពល​ពីរ​គឺ​​អាគុយ​ និង ប្រេង​ឥន្ធនៈ។​

​​​មាន​វិធី​ជា​ច្រើន​ដែល​រថយន្ត​ Hybrid អាច​ជួយ​សន្សំសំចៃ​សាំង​បាន​ច្រើន​ជាង​រថយន្ត​ធម្មតា។ ​នៅ​ពេល​រថយន្ត​ឈប់​ស្ដុប​ ឬ ស្ទះ​ចរាចរណ៍ ​អាគុយ​ជា​អ្នក​ផ្ដល់​ថាមពល​សម្រាប់​ម៉ាស៊ីន​ត្រជាក់​ និង ឧបករណ៍​ដទៃ​ទៀត​កំពុង​ដំណើរ​ការ​ក្នុង​រថយន្ត​ដូច​ជា​ម៉ាស៊ីន​ចាក់​ចម្រៀង​ជា​ដើម ហើយ​អាគុយ​នេះ​ក៏​ជួយ​​ឲ្យ​ម៉ូទ័រ​អេឡិចត្រូនិក​បញ្ឆេះ​ម៉ាស៊ីន​ដើម្បី​ដំណើរ​ការ​ឡើង​វិញ​បាន​ដែរ។ ប្រសិន​បើ​ចាំ​បាច់​​ម៉ាស៊ីន​​ប្រើ​សាំង​​​នឹង​ចូល​រួម​ចំណែក​ដើម្បី​ផ្ដល់​ថាមពល​បន្ថែម​សម្រាប់​ការ​បង្កើន​ល្បឿន។

ការ​បម្លែង​ថាមពល​ពី​ការ​ជាន់​ហ្វ្រាំង​ជា​មុខ​ងារ​ជួយ​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​មួយ​កម្រិត​ទៀត​លើ​រថយន្ត​ Hybrid។ នៅ​ពេល​ជាន់​ហ្រ្វាំង​ប្រព័ន្ធ​ឆ្លាត​វៃ​របស់​រថយន្ត​ Hybrid នឹង​ស្រូប​យក​ថាមពល​ដែល​បង្កើត​បាន​ពី​ការ​ជាន់​ហ្រ្វាំង​​​ដើម្បី​បម្លែង​ទៅ​ជា​ថាមពល​អគ្គិសនី​ ហើយ​រក្សា​ទុក​ក្នុង​អាគុយ។ ថាមពល​ដែល​បាន​រក្សា​ទុក​នេះ​អាច​យក​មក​ប្រើ​​សម្រាប់​ការ​បញ្ឆេះ​ម៉ាស៊ីន និង ការ​បង្កើន​ល្បឿន​រថយន្ត​បាន។

​​​​​​​មុខងារ​មួយ​ទៀត​លើ​ម៉ាស៊ីន​ Hybrid គឺ​ "electric-only-drive" ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​​បើក​ទៅ​មុខ​ដោយ​ពឹង​ផ្អែក​​លើ​កម្លាំង​អេឡិចត្រូនិក​សុទ្ធ។ មុខងារ​នេះ​អាច​ដំណើរ​ការ​បាន​តែ​នៅ​ពេល​រថយន្ត​រត់​ក្នុង​ល្បឿន​យឺតៗ ហើយ​ការ​រត់​នៅ​ល្បឿន​លឿនៗ​ជា​តួនាទី​របស់​ម៉ាស៊ីន​ដំណើរ​ការ​ដោយ​ប្រេង​សាំង​វិញ។

ដោយ​សារ​តែ​រថយន្ត​ប្រើ​ម៉ាស៊ីន​ Hybrid មាន​ចំណុច​ខ្លាំង​ទាំង​នេះ​ហើយ​ ទើប​អាច​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ល្អ​ ហើយ​បាន​ក្លាយ​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ ជា​ពិសេស​ទីក្រុង​ដែល​មមាញឹក​ខ្លាំង៕​​​

ចុចអាន៖

ប្រភព៖ UCS USA   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម